(ភ្នំពេញ)៖ កម្លាំងជំនាញ (ក៨) និង (ក៣) នៃមន្ទីរប្រឆាំងគ្រឿងញៀន បានបើកកិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀន និងផ្តល់ទីតាំងឲ្យជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅចំណុចមហាវិថីព្រះមុនីវង្ស( ក្លឹបប្រូ) ផ្ទះលេខ៧៥៧និង៧៥៨ ស្ថិតនៅក្រុម២៦ ភូមិ៧ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ៥៨នាក់ (ស្រី២៤នាក់) មាន៥ជនជាតិ។

ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងនៅម៉ោង១២៖១៥នាទី ឈានចូលថ្ងៃទី១៩មករា ឆ្នាំ២០១៩ ជនសង្ស័យដែលឃាត់ខ្លួនមាន៥ជនជាតិ រួមមានជនជាតិចិន២៩នាក់ (ស្រី៥នាក់), ជនជាតិវៀតណាម ២៣នាក់ (ស្រី១៥នាក់), ជនជាតិថៃ០២នាក់, ជនជាតិខ្មែរ០៣នាក់ (ស្រី២នាក់) និងជនជាតិកូរ៉េម្នាក់។

សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយធ្វើតេស្តរួចរកឃើញថា ជនសង្ស័យ៥២នាក់វិជ្ជមាន (មានជាប់សារធាតុញៀន) និងអវិជ្ជមាន០៦នាក់ (មិនមានប្រើប្រាស់) ហើយបើបែងចែកប្រភេទជនសង្ស័យរួមមាន៖ អនុប្រធានក្រុមហ៊ុនម្នាក់ ជាម្ចាស់ទីតាំង, មេការធំម្នាក់ មេការតូចម្នាក់ ជាអ្នកចាត់ចែង, អ្នកប្រើប្រាស់៥៣នាក់ និងអ្នកកំដរ០២នាក់។

សមត្ថកិច្ចបានបន្ថែមថា ចំពោះវត្ថុតាងដែលចាប់យកបានរួមមាន៖ អ៊ិចស្តាស៊ីគ្រាប់ទម្ងន់២.០៥ក្រាម, ម្សៅគេតាមីន៦.៥៨ក្រាម និងម្សៅកាហ្វេអ៊ិចស្តាស៊ី ៩៧.០៨ក្រាម។ វត្ថុតាងទាំងនេះ មិនទាន់មានអ្នកទទួលខុសត្រូវទេ ដោយថ្នាំទាំងនេះរាយបាយលើតុ ជ្រុះដី ពួកគេបដិសេធទាំងអស់គ្នា។

បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាង បានបញ្ជូនទៅមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី៕