(ភ្នំពេញ)៖ ផ្តើមចេញពីទំនាក់ទំនងដ៏ស្និទ្ធស្នាលជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នោះ មកដល់ពេលបច្ចុប្បន្ននេះ រដ្ឋាភិបាលចិន បានផ្តល់ជំនួយ និងប្រាក់កម្ចីប្រមាណ ២,៥៨១លានដុល្លារអាមេរិកហើយសាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងស្ពាននៅក្នុងប្រទេសកម្ពុជា។

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ Fresh News ឲ្យដឹងថា មកដល់បច្ចុប្បន្ននេះ គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ប្រើប្រាស់ហិរញ្ញប្បទានសហប្រតិបត្តិការ និងជំនួយឥតសំណងរបស់មិត្តចិន បានសាងសង់រួចរាល់មានចំនួន ២៤ខ្សែ មាប្រវែងសរុប ២,៤៨៣គីឡូម៉ែត្រ ប្រើប្រាស់ថវិកាប្រមាណ ១,៤៣៧លានដុល្លារអាមេរិក។

គម្រោងកំពុងសាងសង់មានចំនួន ៧ខ្សែ មានប្រវែងប្រមាណ ៦០៦.៣៥គីឡូម៉ែត្រ ប្រើប្រាស់ថវិកាប្រមាណ ៦៩១.៧៤លានដុល្លារអាមេរិក។ គម្រោងត្រៀមសាងសង់មាន ០១គម្រោង គឺគម្រោងផ្លូវជាតិលេខ១៥៥១ (សំឡូត-វាលវែង-កោះកុង) មានប្រវែង ១៩៧.៣៦គីឡូម៉ែត្រ ប្រើប្រាស់ថវិកាប្រមាណ ១៨៨លានដុល្លារអាមេរិក។

ស្ពានធំៗដែលបានសាងសង់រួចមានចំនួន ០៧ស្ពាន មានប្រវែងសរុប ៦,៨២៤ម៉ែត្រ ប្រើប្រាស់ថវិកាប្រមាណ ២១៦លានដុល្លារអាមេរិក និងស្ពានកំពុងសាងសងចំនួន០១ គឺស្ពានឆ្លងកាត់ទន្លេមេគង្គ ស្ទឹងត្រង់-ក្រូចឆ្នា មានប្រវែង ១,១៣១ម៉ែត្រ ប្រើថវិកា ៥៧លានដុល្លារ។

សរុបគម្រោងដែលប្រើប្រាស់ហិរញ្ញប្បទានសហ ប្រតិបត្តិការ និងជំនួយឥតសំណងរបស់មិត្តចិន ដែលបានសាងសង់រួច កំពុងសាងសង់ និងត្រៀមសាងសង់ មានប្រវែងប្រមាណ ៣.២៩៥គីឡូម៉ែត្រមានទឹកប្រាក់ប្រមាណ ២,៥៨១លានដុល្លារអាមេរិក។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដែលរដ្ឋាភិបាលចិនជួយសាងសង់នេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការតភ្ជាប់ផ្ទៃក្នុងរបស់កម្ពុជាពីខេត្តមួយ ទៅខេត្តមួយទៀត ក៏ដូចជាជួយតភ្ជាប់កម្ពុជាទៅនឹងប្រទេសជិតខាងផងដែរ។ លោកបានបន្ថែមថា ការតភ្ជាប់នេះ ក៏បានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ តាមរយៈការកាត់បន្ថយតម្លៃនៃការដឹកជញ្ជូន និងទាក់ទាញអ្នកវិនិយោគមកបណ្តាក់ទុនរកស៊ីនៅកម្ពុជា។

លើសពីនេះការសាងសង់ផ្លូវ និងស្ពាននេះ បានរួមចំណែកផ្តល់ផលប្រយោជន៍យ៉ាងច្រើនសម្រាប់ប្រជាពលរដ្ឋកម្ពុជា ដោយបានជួយឲ្យការធ្វើដំណើរ និងការដឹកកសិផលរបស់ពួកគាត់តែងាយស្រួល៕