(ភ្នំពេញ)៖ កងពលតូចលេខ៧០ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩នេះ បានចល័តសព្វាវុធ ចេញពីបញ្ជាការដ្ឋាន ឆ្ពោះទៅកាន់បញ្ជាការដ្ឋានកងទ័ពជើងគោក ដើម្បីចូលរួមអបអរសាទរខួប២០ឆ្នាំ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោកទីដែលត្រូវប្រារព្ធពិធីរួចរាល់ហើយ នៅម៉ោងប្រហែល៩៖៣០នាទីព្រឹក។

បើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា ក្រៅពីកងពលតូចលេខ៧០ ក៏មានបញ្ជាការដ្ឋានអង្គរក្ស ចល័តអាវុធ និងរថពាសដែក ចេញពីក្រុងតាខ្មៅ ខេត្តកណ្តាល ឆ្ពោះទៅកាន់បញ្ជាការដ្ឋានកងទ័ពជើងគោកផងដែរ។

ដើម្បីកុំឲ្យប្រជាពលរដ្ឋភិតភ័យនៅពេលឃើញមានការចល័តអាវុធ និងរថពាសដែកនេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងមួយ ឲ្យប្រជាពលរដ្ឋបានដឹងពីការចល័តនេះផងដែរ។

រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ពីតម្រាយផ្លូវនៃការចល័តសព្វាវុធថា បញ្ជាការដ្ឋានអង្គរក្ស ត្រូវចល័តអាវុធ និងរថពាសដែក ពីក្រុងតាខ្មៅ ខេត្តកណ្តាល នៅទីតាំងប្រារព្ធពិធី ទៅទីតាំងប្រារព្ធពិធី ធ្វើដំណើរតាមផ្លូវព្រែកហូរ មហាវិថីសម្តេច ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) បន្តកាត់ផ្លូវ២១៧ (ផ្លូវរោងចក្រកែវ) ផ្លូវព្រៃស ឆ្លងផ្លូវជាតិលេខ៤ តាមផ្លូវប្រទះឡាង ឆ្លងផ្លូវដែកបត់ស្តាំតាមផ្លូវបេតុង តំបន់សេដ្ឋកិច្ចពិសេសដល់ផ្លូវជាតិលេខ៤ បត់ស្តាំឆ្ពោះទៅបញ្ជាការដ្ឋានកងទ័ពជើងគោកតែម្តង។

នៅពេលចប់ពិធីអបអរសាទរខួបគម្រប់២០ឆ្នាំ នៃថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក, បញ្ជាការដ្ឋានអង្គរក្សនឹងត្រូវចល័តអាវុធ និងរថពាសដែក ពីទីតាំងប្រារព្ធពិធី តាមតម្រាយផ្លូវដដែល ចូលទៅបញ្ជាការដ្ឋានអង្គរក្សវិញ។

សូមជម្រាបថា ខួប២០ឆ្នាំ នៃថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នឹងត្រូវប្រារព្ធនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ស្ថិតក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕