(ភ្នំពេញ)​៖ ជនសង្ស័យ២នាក់ ធ្វើសកម្មភាព​ស្ទាក់វាយប្លន់យកម៉ូតូពីកម្មការិនីរោងចក្រ២នាក់ ខណៈដែលនាងជិះធ្វើដំណើរត្រឡប់ទៅផ្ទះ តែមិនបានសម្រេច​ត្រូវជនរងគ្រោះស្រែកផ្អើល ប្រជាពលរដ្ឋចេញមកអន្តរាគមន៍ចាប់បានម្នាក់ ប្រលះទួកសាច់ និងបក្ខពួកម្នាក់ទៀតរត់រួច។ ហេតុការណ៍នេះ បានកើតឡើង នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ​។

មន្ត្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា​ជនសង្ស័យ ឈ្មោះ សេដ្ឋ ដារ៉េត ហៅទិត្យ អាយុ១៩ឆ្នាំ មុខរបរ​មិនពិតប្រាកដ មានទីលំនៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ​ ជនសង្ស័យម្នាក់ទៀត ឈ្មោះ វីត អាយុជាង២០ឆ្នាំ ជាមុខសញ្ញាចាស់​រត់គេចខ្លួនបាត់​។ ចំណែកជនរងគ្រោះ ឈ្មោះ ស៊ន រដ្ឋ ​អាយុ២៧ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅផ្ទះជួលភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិ​សេរីសាមគ្គីកណ្តាល ឃុំស្រឡៅ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ជិះ​ម៉ូតូ Honda C125​ ស៊េរី២០១៤ ពណ៌ខ្មៅ ពាក់ផ្លាកលេខ​ភ្នំពេញ​1FA-7402។

បើតាមសម្តីនារីរងគ្រោះ មុនកើតហេតុ​នាង និ​ងមិត្តភ័ក្រជិះម៉ូតូចេញពីធ្វើការវេនយប់ ត្រឡប់មកផ្ទះជួល​ជិះមកដល់ចំណុចខាងលើ ជិតដល់បន្ទប់ទៅហើយ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ មកវាយដណ្តើម យកម៉ូតូ​ទើបតដៃវិញ ប្រតាយប្រតប់​ស្រែលឆោឡោ​វាយដេកម្នាក់ រត់គេចខ្លួនបាត់ម្នាក់​។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានបញ្ជូនទៅសួរនាំនៅប៉ុស្តិ៍នគរបាលចោមចៅទី៣ ដើម្បីកសាងសំណុំរឿង​ចាត់ការបន្ដទៅតាមនីតិវិធី៕​