(ហាឡុង-វៀតណាម)៖ រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន កោតសរសើរចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានរៀបចំសន្និសីទអន្តរជាតិលើកទី២ ស្តីពី «កិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក លើអ្នកជំនាញទេសចរណ៍អាស៊ាន (MRA)» នៅរាជធានីភ្នំពេញ នាអំឡុងឆ្នាំ២០១៨ ប្រកបដោយលទ្ធផលផ្លែផ្កា។

ការអបអរសាទរនេះ ត្រូវបានធ្វើឡើងក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន លើកទី២២ នៅទីក្រុងហាឡុង ប្រទេសវៀតណាម ស្របពេលជាមួយគ្នានឹងវេទិកាទេសចរណ៍អាស៊ាន លើកទី៣៨ ឆ្នាំ២០១៩ (ASEAN Tourism Forum 2019) ដែលបាននិងកំពុងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦-១៨ ខែមករា។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានឱ្យដឹងថា រដ្ឋមន្ត្រីអាស៊ានអបអរសាទវឌ្ឍនភាព នៃការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក លើអ្នកជំនាញទេសចរអាស៊ាន (MRAs) ដែលមានគោលដៅជំរុញឲ្យមានបម្លាស់ទីការងារក្នុងតំបន់ចំនួន ៣២មុខជំនាញ នៃសេវាកម្មសណ្ឋាគារ និងសេវាកម្មធ្វើដំណើរ។

លោកថា រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ក៏បានកត់សម្គាល់អំពីវឌ្ឍនភាពនៃការរៀបចំស្ដង់ដាសមត្ថភាពអ្នកជំនាញស្ប៉ាអាស៊ាន ដែលដឹកនាំដោយកម្ពុជាផងដែរ។

ទន្ទឹមនឹងនោះ អង្គប្រជុំបានអបអរសាទរលទ្ធផលនៃសន្និសីទអន្តរជាតិលើកទី២ ស្តីពីកិច្ចព្រមព្រៀង MRA ដែលបានប្រព្រឹត្តទៅនាថ្ងៃទី២០-២១ ខែមិថុនា ឆ្នាំ២០១៨ នៅរាជធានីភ្នំពេញ ក្រោមអធិបតីភាពសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងកម្មវិធីបិទ។ អង្គប្រជុំបានទស្សនាវិដេអូខ្លី អំពីការរៀបចំសន្នីសិទអន្តរជាតិនេះផងដែរ។

សូមជម្រាបថា កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ សន្និសីទអន្តរជាតិលើកទី២ស្តីពី «កិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក លើអ្នកជំនាញទេសចរណ៍អាស៊ាន» ក្រោមប្រធានបទ «អភិវឌ្ឍធនធានមនុស្ស ដើម្បីការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព»

សន្និសីទអន្តរជាតិនោះ ត្រូវបានរៀបចំឡើងក្នុងស្មារតីសាមគ្គីភាព និងមិត្តភាពក្នុងតំបន់អាស៊ាន និងដើម្បីចែករំលែកបទពិសោធន៍ ភាពជោគជ័យ ទស្សនទាន និងផ្ដល់នូវធាតុចូលថ្មីៗ ពីភាគីពាក់ព័ន្ធក្នុងការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក លើអ្នកជំនាញទេសចរណ៍អាស៊ាន (ASEAN MRA-TP) សំដៅដាក់ចេញនូវគោលនយោបាយយុទ្ធសាស្ត្រ និងផែនការសកម្មភាពរបស់អាស៊ាន ក្នុងគោលបំណងជំរុញការអភិវឌ្ឍជំនាញ និងការងារក្នុងវិស័យទេសចរណ៍អាស៊ានទាំងមូល ឱ្យឆ្លើយតបនឹងតម្រូវការទីផ្សារការងារ និងនិន្នាការទេសចរណ៍សកលលោក ព្រមទាំងការរីកចម្រើននៃវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា៕