(ភ្នំពេញ)៖ សន្និសីទសារព័ត៌មាន ដែលរៀបចំធ្វើឡើងដោយក្រសួងពាណិជ្ជកម្ម ស្តី​ពី ចំណាត់ការរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការឆ្លើយតបការដាក់ពន្ធនាំចូល លើទំនិញអង្ករកម្ពុជា ដែលត្រូវរៀបចំ នៅវេលាម៉ោង៤រសៀល ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ត្រូវបានពន្យារពេលទៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ស្អែកនេះវិញ។

ថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាន ដែលកំពុងអង្គុយរង់ចាំយកព័ត៌មាន នៅក្នុងសន្និសីទនេះ លោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ដោយសារតែក្រសួង ទើបតែទទួលបានសំណុំឯកសារ ពីគណៈកម្មាការអឺរ៉ុប ពាក់ព័ន្ធនឹងការសម្រេចយកពន្ធ នាំចូលអង្កររបស់កម្ពុជា និងមីយ៉ាន់ម៉ា ដូច្នេះក្រសួងមិនទាន់ ស្វែងយល់នៃខ្លឹមសារនេះ អស់នៅឡើយ។

លោក ស៊ាង ថៃ បានបន្ថែមទៀតថា ហេតុដូច្នេះ ក្រសួងសុំមិនធ្វើសន្និសីទសារព័ត៌មាន ឆ្លើយតបនឹងករណីអឺរ៉ុប ដាក់ពន្ធនាំចូលលើទំនិញអង្ករកម្ពុជា នៅថ្ងៃនេះទេ ដោសូមពន្យារពេល លើកទៅវេលាម៉ោង២៖៣០ រសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ស្អែកវិញ។

សូមជម្រាបថា ការសន្និសីទរបស់ក្រសួងពាណិជ្ជកម្មធ្វើឡើងបន្ទាប់ពីគណៈកម្មការអឺរ៉ុប បានចេញសេចក្តីប្រកាសព័ត៌មានមួយបញ្ជាក់ថា សហគមន៍មួយនេះ នឹងចាប់ផ្តើមគិតពន្ធលើការនាំចូលអង្កររបស់កម្ពុជា និងប្រទេសមីយ៉ាន់ម៉ា ដែលនាំចេញទៅកាន់ប្រទេសដែលជាសមាជិកអឺរ៉ុប ចំនួន២៨ប្រទេស សម្រាប់រយៈពេល៣ឆ្នាំ ចាប់ពីឆ្នាំ២០១៩-២០២១។

ការគិតពន្ធនាំចូលអង្កររបស់កម្ពុជា ចាប់ផ្តើមអនុវត្តន៍ចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩តទៅ សម្រាប់រយៈពេល៣ឆ្នាំ ដោយឆ្នាំដំបូងតម្លៃពន្ធចំនួន១៧៥អឺរ៉ូ (ប្រហែល២០០ដុល្លារ) ក្នុង១តោន, ឆ្នាំទី២ តម្លៃ១៥០អឺរ៉ូ (ប្រហែល១៧០ដុល្លារ) ក្នុង១តោន និងឆ្នាំទី៣ តម្លៃ១២៥អឺរ៉ូ (ប្រហែល១៤២ដុល្លារ) ក្នុង១តោន៕