(ភ្នំពេញ)៖ ពេញមួយឆ្នាំ២០១៨កន្លងទៅនេះ ស្ថានីយ៍/ដេប៉ូប្រេងឥន្ធនៈចំនួន៥២៩ទីតាំង នៅទូទាំងប្រទេស ត្រូវបានមន្រ្តីកាំកុងត្រូលចុះត្រួតពិនិត្យ ហើយបានរកឃើញស្ថានីយ៍/ដេប៉ូ ចំនួន១៨៩ទីតាំង ដែលលក់ប្រេងមិនគ្រប់លីត និងបានបញ្ជូនម្ចាស់ទីតាំងចំនួន១១កន្លែងទៅតុលាការផងដែរ។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកាំកុងត្រូល ក្រសួងពាណិជ្ជកម្ម ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩នេះ។

របាយការណ៍ដែលបានបង្ហាញថា ក្នុងនោះមានស្ថានីយ៍ និងដេប៉ូចំនួន១០ទីតាំង មានកម្រិតអុកតានទាបជាងបទដ្ឋានកំណត់ និងស្ថានីយ៍ប្រេងឥន្ទនៈ/ដេប៉ូចំនួន១០៣ មានកម្រិតលំអៀងទាំងផ្នែកគុណភាព និងបរិមាណ ព្រមទាំងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការចំនួន១១ដេប៉ូផងដែរ។

សូមជម្រាបថា រយៈពេលពេញ១ឆ្នាំ២០១៨ គេសង្កេតឃើញមន្ត្រីកាំកុងត្រូល នៅតាមបណ្តាសាខាទូទាំងរាជធានី-ខេត្ត ចុះធ្វើសកម្មភាពដូចភ្លៀងរលឹម ដើម្បីធ្វើយ៉ាងត្រួតពិនិត្យគ្រប់ស្ថានីយ៍/ដេប៉ូ នានា ដែលបានប្រកបអាជីវកម្មរបស់ខ្លួន ព្រមទាំងពន្យល់ណែនាំដល់ម្ចាស់ស្ថានីយ៍ប្រេងឥន្ទនៈទាំងអស់ ត្រូវបញ្ឈប់ការកេងបន្លំទាំងបរិមាណ និងគុណភាព ក្នុងការលក់ជូនអតថិជនជាបន្តទៀត បើមិនដូច្នេះមន្ត្រីជំនាញ នឹងអនុវត្តន៍ទៅតាមផ្លូវច្បាប់យ៉ាងមឺងម៉ាត់បំផុត៕