(កំពង់​​​​ឆ្នាំង​)៖ ដើម្បីធ្វើដំណើរទៅកាន់​ប្រាសាទ​កំពង់​​ព្រះ យើងត្រូវ​​ឆ្លង​កាត់ទី​រួម​ខេត្ត​កំពង់ឆ្នាំង ​តាម​បណ្តោយ​ផ្លូវ​ជាតិលេខ៥ និងចូលតាមផ្លូវលំ​មានចម្ងាយ​៤៤​គីឡូម៉ែត្រ ​ដោយ​ចំណាយពេល​ប្រមាណ១ម៉ោង៣០​នាទី។ គេអាច​ធ្វើដំណើរ​តាមផ្លូវទឹកក៏បាន ​​ដោយ​ត្រូវជិះ​កាណូតពី​កំពង់ផែផ្សារក្រោម ​ក្នុង​រយៈ​ពេលជាង​២ម៉ោង។

ប្រាសាទ​​​កំពង់​ព្រះ​ គឺ​​ជា​ប្រាសាទ​​មួយ​​​​​មាន​​ទីតាំងស្ថិតក្នុងភូមិកំពង់ព្រះ ​ឃុំឆ្នុក​ទ្រូ ស្រុកបរិបូរណ៌ និងមានចម្ងាយ​សរុប៤៤​គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ឆ្នាំង។ ​ប្រាសាទនេះមាន អាយុ​កាល​​​​​ចំណាស់​​​​​ជាង​គេ​​​​ក្នុង​​ចំណោម​​​ប្រាសាទនានា​ នៅក្នុងខេត្ត​កំពង់ឆ្នាំង។

បើយោងតាមសៀវភៅប្រវត្តិសាស្ត្រខ្មែរ ប្រាសាទ​កំពង់ព្រះ ត្រូវបានកសាងឡើងក្នុងសតវត្សរ៍ទី៨ ​​ក្នុង​​​រា​ក្សត្រីយ៍​ជ័យទេវី។ ប្រាសាទ​នេះស្ថិត​​​ក្នុង​​រចនាបទ​កំពង់ព្រះ មុនសម័យអង្គរទៅទៀត។

ប្រាសាទកំពង់ព្រះ ​កសាង​លើដី​ទួល​​មួយ​ក្នុង​បរិវេណ​វត្តកំពង់ព្រះ​ ដែលពីបុរាណ​កាល​​មកគេ​​​​ហៅតៗគ្នាមកថា​«វត្តទួលព្រះ​ស្រី​ពិជ័យ​សូរ​វង្សកំពង់ព្រះ»។ នៅទីនោះ​គេឃើញ​មាន​ប្រាសាទចំនួនពីរឈរទន្ទឹម​គ្នា គឺប្រាសាទ​ស្រី និងប្រាសាទប្រុស​ ដែល​​​ទាំងពីរ​​ប្រាសាទ​​​​នេះ​គេ​​ហៅ​​ថា ​«ប្រាសាទ​​កំពង់​​ព្រះ»​ ផងដែរ។

នៅ​​ខែ​វស្សា​ពេលទឹកលិចព័ទ្ធ​ទីទួលនៃ​ប្រាសាទ​ ហើយ​បើយើង​ក្រឡេក​មើលពី​ចម្ងាយ ចំខាងមុខ​ខ្លោង​ទ្វារ​ចូលនៃ​ប្រាសាទ ​យើងនឹងឃើញ​សភាស្ងាត់ជ្រងំ ​ដែល​បញ្ជាក់ថា ប្រាសាទ​ទាំងពីរនេះ ​មិនសូវ​មានអ្នក​ណា​​ទៅដល់និងទទួលការ​អភិរក្ស ដោយ​ប្រក្រតីឡើយ។​ នៅ​ជុំវិញប្រាសាទ​ក៏ដូចជាទីទួល​ប្រាសាទ​សម្បូរ​ទៅដោយ​ព្រៃរនាម។

បើយើងចូលតាមខ្លោងទ្វារវត្តទិសខាងជើង​ ចម្ងាយ​​ប្រមាណ​៣០​ម៉ែត្រ ​យើង​នឹ​ង​ឃើញ​ទិដ្ឋ​ភាព​អណ្តូងប្រេងមួយ​ស្ថិតនៅខាងជើងឆៀង​ខាង​លិចប្រាសាទទាំងពីរ ដែលបច្ចុប្បន្ន​​ត្រូវ​កម្ទេចកម្ទី​ស្លឹកឈើ ដី បាក់ធ្លាក់ចូល​ ព្រមទាំង​មាន​សំរាម​ផ្សេងៗ ដែលប្រជាពលរដ្ឋយកទៅចាក់​​លុប​បង្ការកុំឱ្យ​មានគ្រោះថ្នាក់ដល់កូនចៅ​របស់​ពួកគាត់ និង​ម្យ៉ាង​ទៀត​ដោយ​កត្តាធម្មជាតិ ដីបាក់​លុប​អណ្តូង​ជិតទើបយើងមិនអាច​មើលឃើញ​ជាក់​លាក់​បាន​ឡើយ។ ​

នៅក្បែរ​អណ្តូងយើង​ឃើញ​មានទម្រ​លិង្គមួយ ដែលធ្វើអំពីថ្ម មាន​គន្លាក់​ដំណាប់តាម​ប្រភេទលិង្គ។ ប្រាសាទ​នេះបុព្វបុរសខ្មែរយើង ​ធ្វើ​ឡើង​​​សម្រាប់​ឧទិ្ទស​ចំពោះ​លិទ្ធិ​ទេវរាជ​ តាមបែប​ព្រហ្មញ្ញ​សាសនា។ ទម្រនិងលិ​ង្គ ​ត្រូវបានកសាង​ឡើងទុកជា​ដង្វាយ​ និង​ទុកជា​និមិត្ត​រូប​នៃ​ជ័យជម្នះ​​ ក្នុងការធ្វើ​សឹក​សង្គ្រាម​នាសម័យ​សតវត្យ​ទី៧ និងទី៨។

ចេញ​ពីទីតាំងអណ្តូងប្រេង​ប្រមាណ៣០​ម៉ែត្រ​​ យើង​​នឹងទៅដល់មុខប្រាសាទទាំងពីរ ​ដែលជាទី​ចាប់អារម្មណ៍បំផុត។ តួប្រាសាទពីរ​សាង​សង់បែរ​មុខទៅទិសខាងជើង​ ឆ្ពោះទៅរកទន្លេ​​សាប​ ដែល​នៅចម្ងាយ​ប្រមាណជាង​១គីឡូ​ម៉ែត្រ​ប៉ុណ្ណោះ។ ប្រាសាទនេះ​ស្ថិតនៅបរិវេណ​គ្រប់​គ្រង​​​ដោយ​វត្តកំពង់ព្រះ​ មានផ្ទៃក្រឡា​ ១០.០០០​ម៉ែត្រការ៉េ ជាកម្មសិទ្ធិ​សាធារណៈ ​ដែល​បានសាង​សង់​ឡើងអំពីឥដ្ឋ និងថ្មភក់។

ប្រាសាទស្រី​មានទំហំ៦គុណ​នឹង៥ម៉ែត្រ មាន​កម្ពស់​១០ម៉ែត្រ មានទ្វារបញ្ឆោតចំនួន៣ សម្រាប់​ជ្រុង​៣​ និងទ្វារ​អាចចូល​ទៅក្នុង​ប្រាសាទ​​បានមាន១​ បែរទៅទិសខាងជើង។ នៅលើ​គ្រប់​ខ្លោងទ្វារ ​លើផ្តែរ សសរពេជ្រ ឬសសរ​​ទាំង៤ គេមើលឃើញក្បាច់​ចម្លាក់​ដ៏រស់រវើក​ទាំងក្បាច់​ភ្ញីផ្កា និងក្បាច់ផ្សេងៗបញ្ជាក់​បាន​ថា ភាពសម្បូរ​រុង​រឿងថ្កុំថ្កើង​ មានឥទ្ធិពល​ប្រកប​​ដោយ​ការគោរព​បូជា ដល់​លទ្ធិព្រហ្មញ្ញ​សាសនា និងមាន​ជំនឿ​ជឿ​ជាក់លើស្នាដៃរបស់​ខ្លួន​ ដើម្បីឧទិ្ទស​ចំពោះ​បុព្វ​​បុរសនាយុគ​សម័យ​នោះ។

គេអាច​សន្និដ្ឋានបានថា សម័យនោះ អរិយធម៌ទំនៀម​ទម្លាប់​ប្រពៃណី នៃការ​គោរព​បូជាគឺបែប​មាតាធិបតេយ្យ អាស្រ័យ​ហេតុ​នេះ ទើប​យើងឃើញប្រាសាទ​ស្រីមាន​លក្ខណៈ​ធំ​ហើយ​ខ្ពស់ និងមានសោភ័ណភាពជាង​​ប្រាសាទ​ប្រុសដែល​នៅ​ក្បែរគ្នានោះ។ ចំណែក​ប្រាសាទ​ប្រុស ​ដែលនៅចម្ងាយ​ពី​ប្រាសាទស្រី ប្រមាណ៣​ម៉ែត្រ ​យើងឃើញមាន​ភាព​ខុសប្លែកគ្នា​ជាមួយ​​ប្រាសាទ​ស្រី​ ទាំង​ទំហំ​និងទាំងកម្ពស់​ ព្រមជាមួយនឹង​ក្បាច់រចនាផ្សេងៗ មិន​មានលក្ខណៈជាទីចាប់អារម្មណ៍​ឡើយ។

ប្រាសាទ​នេះ​មាន​ទំហំ៤គុណនឹង៤ម៉ែត្រ និង​​កម្ពស ​ជាង៥ម៉ែត្រ ច្រកទ្វារចូលត្រូវបែកបាក់ទ្រុឌទ្រោមជាអនេក។ នៅលើកំពូល​​ប្រាសាទ​ប្រុស គេ​ឃើញ​មាន​ដំបូល​ រាងដូច​​ជា​សាជី ធ្វើពីឈើ​​ប្រក់ហ្រ៊ីប្រូ ​ជាលក្ខណៈគ្របពីលើបណ្តោះអាសន្ន ​ដើម្បីការពារ​ទឹក​ភ្លៀងកុំឱ្យ​ច្រោះខូចខាតតួប្រាសាទ។ ​

ប្រាសាទប្រុស មិន​មាន​ចំណាស់​ជាង​ប្រាសាទស្រីឡើយ គឺគេ​កសាង​​ដំណាល​ប្រាសាទស្រីដែរ តែប្រាសាទ​ស្រី​នៅរឹង​មាំ​ជាង ឯការកសាងប្រាសាទនេះមានឥដ្ឋ និង​ថ្មភក់ដូចប្រាសាទស្រីដែរ។ តាមការពិនិត្យជាក់ស្តែង ចំពោះប្រាសាទទាំងពីរប្រាសាទ​ ដែល​នឹង​ងាយ​រង​គ្រោះ​ជាង​គេ​ គឺ​ប្រាសាទប្រុស ខណៈពេលនេះកំពុង​​ទ្រុឌទ្រោម​យ៉ាងខ្លាំង។

ជាអកុសលកាលពីប៉ុន្មានឆ្នាំមុន​​កន្លងទៅនេះ នៅជុំវិញប្រាសាទ​ទាំង២​ មាន​ក្រុម​ហ៊ុនទូរស័ព្ទមួយបានជីកដី​ដើម្បីដំឡើង​អង់​តែន​ទូរស័ព្ទ ជាប់នឹងជើងប្រាសាទស្រី ធ្វើឱ្យប៉ះ​ពាល់​ដល់គ្រឹះ​ប្រាសាទទៀតផង។ ពលរដ្ឋ បានស្នើឲ្យសមត្ថកិច្ចជួយពិនិត្យ និងអភិរក្សប្រសាទនេះផងដែរ៕