(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នៅម៉ោង៤រសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩នេះ នឹងរៀបចំសន្និសីទសារព័ត៌មាន ស្តី​ពីចំណាត់ការរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការឆ្លើយតបការដាក់ពន្ធនាំចូលលើទំនិញអង្ករកម្ពុជា។ នេះបើតាមការបញ្ជាក់របស់លោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ប្រាប់បណ្តាញព័ត៌មាន Fresh News។

សន្និសីទសារព័ត៌មាននេះ រៀបចំឡើងនៅទីស្តីការក្រសួងពាណិជ្ជកម្ម។ ការសន្និសីទនេះ ធ្វើឡើងភ្លាមៗ បន្ទាប់គណៈកម្មការអឺរ៉ុប បានចេញសេចក្តីប្រកាសព័ត៌មានមួយបញ្ជាក់ថា សហគមន៍មួយនេះ នឹងចាប់ផ្តើមគិតពន្ធលើការនាំចូលអង្កររបស់កម្ពុជា និងប្រទេសមីយ៉ាន់ម៉ា ដែលនាំចេញទៅកាន់ប្រទេសដែលជាសមាជិកអឺរ៉ុប ចំនួន២៨ប្រទេស សម្រាប់រយៈពេល៣ឆ្នាំ ចាប់ពីឆ្នាំ២០១៩-២០២១។

ការគិតពន្ធនាំចូលអង្កររបស់កម្ពុជា ចាប់ផ្តើមអនុវត្តន៍ចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩តទៅ សម្រាប់រយៈពេល៣ឆ្នាំ ដោយឆ្នាំដំបូងតម្លៃពន្ធចំនួន១៧៥អឺរ៉ូ (ប្រហែល២០០ដុល្លារ) ក្នុង១តោន, ឆ្នាំទី២ តម្លៃ១៥០អឺរ៉ូ (ប្រហែល១៧០ដុល្លារ) ក្នុង១តោន និងឆ្នាំទី៣ តម្លៃ១២៥អឺរ៉ូ (ប្រហែល១៤២ដុល្លារ) ក្នុង១តោន៕