(ភ្នំពេញ)៖ ដើម្បីការពារផ្ទៃបឹងសំរោង ទំហំ៣៣៦ហិកតា ជាសម្បត្តិសាធារណៈរបស់រដ្ឋ និងថែរក្សាមុខងារ បឹងជាអាងស្តុកទឹក ដែលជាប្រព័ន្ធរំដោះទឹកជន់លិចមួយភាគ ពីក្នុងរាជធានីភ្នំពេញ និងមួយភាគពីបណ្តាខេត្តនានានោះ រដ្ឋបាលរាជធានីភ្នំពេញ បានចាត់ឲ្យមន្ទីរជំនាញពាក់ព័ន្ធ ធ្វើការស្តារបឹងសំរោងឡើងវិញ។ នេះបើតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលខណ្ឌព្រែកព្នៅ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ។

ក្នុងសេចក្តីជូនដំណឹង បានបញ្ជាក់ថា «ដោយកន្លងមកបឹងនេះ ត្រូវបានរងនូវការទន្ទ្រានកាន់កាប់ ការសាងសង់ទំនប់លើផ្ទៃបឹង ធ្វើឲ្យផ្ទៃបឹងគោករាក់ និងរួមតូចទៅៗ លែងបំពេញមុខងាររបស់ខ្លួនតទៅទៀតបាន»

រដ្ឋបាលខណ្ឌព្រែកព្នៅ បានបន្ថែមថា ដើម្បីឲ្យការស្តារបឹងសំរោងឡើងវិញ ដំណើរការទៅដោយរលូន រដ្ឋបាលខណ្ឌព្រែកព្នៅ តម្រូវឲ្យលោក លោកស្រី ដែលជាម្ចាស់ស្ទឹង និងស្រះចិញ្ចឹមត្រីទាំងអស់ រុះរើចេញ ក្នុងរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងនេះ តទៅជាកំហិត។

ចំពោះម្ចាស់ស៊ង និងម្ចាស់ស្រះចិញ្ចឹមត្រី ដែលមានត្រីធំត្រូវលក់ឲ្យហើយ ចំណែកឯម្ចាស់ស៊ង និងម្ចាស់ស្រះចិញ្ចឹមត្រីដែលមានត្រីតូចៗ ត្រូវទំនាក់ទំនងមករដ្ឋបាលខណ្ឌព្រែកព្នៅ ដើម្បីស្នើសុំដោះស្រាយគោលនយោបាយ នៃផលប៉ះពាល់នេះតាមរយៈលោក ស៊ឹម សុផង់ នាយករដ្ឋបាលខណ្ឌព្រែកព្នៅដែលមានលេខទូរស័ព្ទ 012 723 366។

ក្នុងករណី ដែលលោក-លោកស្រី មិនអនុវត្តតាមការណែនាំនេះទេ រដ្ឋបាលខណ្ឌនឹងមិនទទួលខុសត្រូវចំពោះការខូចខាត ជាយថាហេតុនោះឡើយ។ រដ្ឋបាលខណ្ឌ សង្ឃឹមជឿជាក់ថា លោក លោកស្រី នឹងចូលរួមជាមួយ រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តការស្តារបឹងសំរោងនេះ ឲ្យទទួលបានប្រសិទ្ធភាពខ្ពស់៕