(តាកែវ)៖ ព្រះចៅអធិការវត្តត្នោតជុំ រួមទាំងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៃអនុវិទ្យាល័យត្នោតជុំ ដែលស្ថិតនៅវត្តត្នោតជុំ ភូមិត្រពាំងស្លា ឃុំធ្លក ស្រុកទ្រាំ ខេត្តតាកែវ បានអំពាវនាវដល់សប្បុរសជន លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ដែលមានចិត្តសប្បុរស ឱ្យជួយសាងសង់ អគារសំរាប់សិស្សសិក្សា១ខ្នង ដោយសារតែអនុវិទ្យាល័យដ៏កម្សត់មួយនេះ មិនមានអគារសម្រាប់សិស្សបានសិក្សា សូម្បីតែ១ខ្នងឡើយ ហើយអនុវិទ្យាល័យមួយនេះ បានដំណើរការបាននាពេលកន្លងមក គឺដោយសារតែខ្ចីអគារសាលាបឋមសិក្សាត្នោតជុំ រៀនតែប៉ុណ្ណោះ។

នៅក្នុងសេចក្តីអំពាវនាវ របស់ព្រះចៅអធិការវត្តត្នោតជុំ រួមទាំងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៃអនុវិទ្យាត្នោតជុំ ដែល Fresh News ទទួលបាននៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩នេះ បានឱ្យដឹងទៀតថា ដោយសារសព្វថ្ងៃនេះ សាលារៀនអនុវិទ្យាល័យត្នោតជុំ កំពុងខ្វះខាតអគារសិក្សាជាខ្លាំង ដោយពុំមានអគារសិក្សានោះទេ ហើយសព្វថ្ងៃនេះអាចដំណើរការ ការសិក្សាទៅបានដោយខ្ចីអគារសិក្សា ពីសាលាបឋមសិក្សាត្នោតជុំ។ ហើយអគារខ្ចីពីសាលាបឋមនេះ មាន១ខ្នង ៥បន្ទប់ ដែលក្នុងនោះមាន បន្ទប់ទីចាត់ការ១បន្ទប់ ដោយក្នុង៤បន្ទប់សម្រាប់សិក្សានោះ​ គឺតម្រូវឱ្យសិស្សត្រូវរៀនចល័តគ្នាទៅវិញទៅមក។

នៅក្នុងសេចក្តីអំពាវនាវនោះបានឱ្យដឹងទៀតថា ដោយសារសព្វថ្ងៃនេះ តម្រូវការសិស្ស មានកាន់តែច្រើនឡើង សិស្សមិនមានសាលាសំរាប់រៀនគ្រប់គ្រាន់នោះទេ ដូចនេះហើយបានជាព្រះចៅអធិការវត្តត្នោតជុំ រួមទាំងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៃអនុវិទ្យាត្នោតជុំ បានសម្រេចចិត្ត ចេញសេចក្តីអំពាវនាវស្វែងរកសប្បុរសជន ដែលមានសទ្ធាជ្រះថ្លា អាណិត ស្រលាញ់ក្មេងៗ ចង់ឱ្យពួកគេបានបន្តការសិក្សា​ សូមជួយសាងសង់អគារសិក្សា១ខ្នង ដោយក្តីអនុគ្រោះ៕