(ស្វាយរៀង)៖ គួរឱ្យអាសូរណាស់ បុរសម្នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែង បន្ទាប់ពីដាក់ជណ្តើរឡើង​​លើ​បង្គោល​ខ្សែរ​ភ្លើង ​ដើម្បី​លាបថ្នាំ​ការដ្ឋាន​សំណង់​ ​ចៃដន្យ​ក៏​ឆ្លង​ចរន្តអគ្គិសនី​ខ្សែរ​កាប ​ដែលមាន​តង់ស្យុង​ខ្ពស់ ហើយ​ក៏​បណ្តាលឲ្យឆក់​ស្លាប់​តែម្តង និងបានបន្តឆក់ដល់បុរស២នាក់ ដែលជាអ្នកឈរទប់ជើងជណ្តើរ បណ្តាលឱ្យរង​របួស​ធ្ងន់ទាំង​២​នាក់ សំណាងមិនបណ្តាលឱ្យប៉ះពាល់ដល់អាយុជីវិត។​

ហេតុ​ការ​ណ៍​ខាងលើនេះ​ បាន​កើតឡើង​នៅ​រសៀល​ថ្ងៃទី​១៦ ​ខែមករា​ ឆ្នាំ​២០១៩​ ​ស្ថិតក្នុង​ការដ្ឋាន​សំណង់​មួយកន្លែង​ នៅ​ភូមិ​បាវិត​កណ្តាល ​សង្កាត់​បាវិត​ ក្រុង​បាវិត ​ខេត្តស្វាយរៀង​។​

​សមត្ថកិច្ច​បានឲ្យដឹង​ថា ​ជនរងគ្រោះ​ដែល​ត្រូវ​ចរន្តអគ្គិសនី ​ឆក់បណ្តាលឲ្យស្លាប់​នោះ​មានឈ្មោះ ញឹម ឆ​វ័​ន្ត​ អាយុ​២០​ឆ្នាំ​ ជនជាតិខ្មែរ​ មានមុខរ​បរជាក​ម្មក​រ​សំណង់ ​មាន​ទីលំនៅ​ភូមិ​សំបូរ​ ឃុំ​បាក់​អន្លូង ​ស្រុក​ត្រពាំង​ប្រាសាទ​ ខេត្តឧ​ត្ត​រមានជ័យ​។​ ដោយឡែក​បុរស​២​នាក់​ផ្សេងទៀត ​ដែល​រងរបួស​នៅក្នុង​ករណី​ឆក់​ចរន្តអគ្គិសនី​នេះដែរ​ មានទី​១៖ឈ្មោះ រៀល រដ្ឋា អាយុ៣៥​ឆ្នាំ​ ជនជាតិខ្មែរ ​មានមុខរ​បរ ជាក​ម្មក​រ​សំណង់​ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ធំ​ ឃុំ​អង្គរស ស្រុក​មេសាង​ខេត្តព្រៃវែង និងទី​២៖ ឈ្មោះ អ៊ុក សំណាង អាយុ ៣២​ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរ​ ជា​អ្នកបកប្រែ​ភាសា​ចិន ​មាន​ទីលំនៅ​ផ្ទះ​លេខ ៧៤៥E0 សង្កាត់​បឹងត្របែក​ខណ្ឌចំការមន ​រាជធានី​ភ្នំពេញ មូល​ហេតុ ដែល​បណ្តាលឲ្យ​មាន​អ្នកស្លាប់​ នឹងរង​របួស​ដូច្នេះ​ ​គឺ​បណ្តាលមកពី​ដាក់​ជណ្តើរ​ឡើង​លាបថ្នាំការដ្ឋានសំណង់​ បណ្តាលឲ្យប៉ះ​ខ្សែរ​ភ្លើង​ទើប​ឆ្លង​ចរន្តអគ្គិសនី​ឆក់​ស្លាប់ នឹងរង​របួស​ដូចនេះ​។​

​បច្ចុប្បន្ន​សាកសព​ ត្រូវបានសមត្ថកិច្ច​ប្រគល់ជូន​ក្រុមគ្រួសារ​ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ហើយ​អ្នករងរបួស​ បាន​បញ្ជូន​ទៅ​សំរាក​ព្យាបាល​មុខរបួស​ នៅ​មន្ទីរ​សំរាក​ព្យាបាល​ពន្លឺ​បូ​ពា៍​ក្រុង​បាវិត៕