(ភ្នំពេញ)៖ ដើម្បីពង្រឹងការគ្រប់គ្រងដីរដ្ឋ ឲ្យមានប្រសិទ្ធភាព ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានស្នើឲ្យអភិបាលរាជធានី-ខេត្ត មានវិធានការ ជួយពង្រឹងការគ្រប់គ្រងថែរក្សាដីរដ្ឋ។ នេះបើតាមលិខិតរបស់ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩។

ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានបញ្ជាក់ថា ដើម្បីពង្រឹងការគ្រប់គ្រងដីរដ្ឋ ឲ្យមានប្រសិទ្ធភាព ក្រសួងសូមឲ្យអភិបាលរាជធានី-ខេត្ត សហការជាមួយអាជ្ញាធរកាន់កាប់ដីរដ្ឋ ផ្តល់ទិន្នន័យដីរដ្ឋ ដែលស្ថិតក្នុងសមត្ថកិច្ចកាន់កាប់ គ្រប់គ្រងរបស់អង្គភាពរៀងៗខ្លួន ដាក់បញ្ចូលក្នុងផែនទីរួម រៀបចំបោះបង្គោលព្រំដី និងរៀបចំប៉ាណូផ្សព្វផ្សាយដល់សាធារណជន សំដៅរួមគ្នាការពារដីរដ្ឋទាំងនោះ សម្រាប់ជាប្រយោជន៍រួម។

ឧបនាយករដ្ឋមន្ត្រី បានបន្ថែមទៀតថា ជាមួយគ្នានេះ សូមផ្តល់កិច្ចសហការ ក្នុងការចុះបញ្ជីដីរដ្ឋ ព្រមទាំងទប់ស្កាត់ការចូលទន្ទ្រានកាន់កាប់ និងមិនអនុញ្ញាតធ្វើចរន្តការក្នុងការចេញប័ណ្ណកម្មសិទ្ធិ លើកលែងករណី ដែលមានការសម្រេចពីប្រមុខរាជរដ្ឋាភិបាល។

ខាងក្រោមនេះ ជាលិខិតរបស់ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា៖