(ភ្នំពេញ)៖ ហាងកាហ្វេដ៏ល្បីឈ្មោះ ដែលមានដើមកំណើត នៅក្នុងប្រទេសសិង្ហបុរី តាំងពីឆ្នាំ១៩១៩ ឈ្មោះ «Killiney Kopitiam» បានបើកសាខាទី១របស់ខ្លួន នៅក្នុងប្រទេសកម្ពុជាហើយ នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩នេះ ដែលមានទីតាំង នៅជាន់ផ្ទាល់ដីនៃសណ្ឋាគារ Lumiere​។

ហាងកាហ្វេ «Killiney Kopitiam» បានចាប់ផ្ដើមដំបូងបំផុត មានទីតាំងស្ថិតនៅលើផ្លូវដ៏មមាញឹកឈ្មោះ «Killiney» នៃប្រទេសសិង្ហបុរី នៅក្នុងឆ្នាំ១៩១៩។ ហាងកាហ្វេបែបប្រពៃណី ហៃណាន ល្បីឈ្មោះ ១០០ឆ្នាំ គឺដោយសារតែ រសជាតិនៃកាហ្វេ និងតែ​ឆុងឡើងតាមបែបបុរាណ ដ៏ឈ្ងុយឆ្ងាញ់។ ពិសេសជាងនេះទៅទៀតគឺ នំប៉័ងអាំង។​ ផលិតផលដែលហាងកាហ្វេ «Killiney Kopitiam» ផ្ដល់ជូន បានធ្វើឲ្យអតិថិជនជាប់ចិត្ត មិនអាចបំភ្លេចបាន និងហាក់បីដូចបានរំឭក នូវអនុស្សាវរីយ៍ចាស់ៗឡើងវិញ។​

លោក Woon Tek Seng នាយកក្រុមហ៊ុន Killiney International និងជាស្ថាបនិកស្លាកសញ្ញាពាណិជ្ជកម្ម «Killiney Kopitiam» បានលើកឡើងថា «ខ្ញុំមានកិត្តិយស និងសេចក្តីរីករាយជាខ្លាំង នៅពេលហាងសាខាក្រោមស្លាកសញ្ញាពាណិជ្ជកម្ម ដែលខ្ញុំបង្កើតឡើង បើកដំណើការជាបន្តបន្ទាប់ ដែលរហូតមកដល់ពេលបច្ចុប្បន្ននេះ មានជាង ១០០សាខា នៅក្នុងស្រុក និងនៅក្នុងប្រទេសចំនួន ៦ ហើយនឹងមានច្រើនឡើងបន្ថែមទៀត នាពេលខាងមុខ»

លោកបន្តថា ការបើកសាខាទី១ នៅក្នុងប្រទេសកម្ពុជា នៅថ្ងៃនេះ គឺដោយសារតែលោកបានមើលឃើញថា បច្ចុប្បន្នប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជា មានការពេញនិយមខ្លាំង ក្នុងការទទួលទានកាហ្វេ ហើយភាពរីកចម្រើនឥតឈប់ឈរ នៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ក៏​ជាចំណុចមួយមានភាពទាក់ទាញខ្លាំង ពីអ្នកវិនិយោគបរទេស និងពីបណ្ដាប្រទេសនានាផងដែរ។ «Killiney Kopitiam» បានមើលពីភាពរីកចម្រើននេះ ហើយបានបណ្ដាក់ទុន បើកហាងកាហ្វេនិងអាហារ ដែលមានគុណភាពខ្ពស់ លក្ខណៈស្ដង់ដារ ដើម្បីបំពេញសេចក្ដីត្រូវការរបស់បងប្អូន ក្នុងប្រទេសកម្ពុជា។

ទោះបីជានេះ គឺជាសាខាទី១ របស់ «Killiney Kopitiam» ប៉ុន្តែការប្រកួតប្រជែងរសជាតិការហ្វេ និងអាហារក្នុងទីផ្សារសេរីមួយនេះ លោករំពឹងថា នឹងទទួលបានជោគជ័យ យ៉ាងគាប់ប្រសើរទៅថ្ងៃខាងមុខ ហើយលោកគ្រោងពង្រីកសាខារបស់ «Killiney Kopitiam» ឲ្យបាន១០សាខាបន្ថែមទៀត នៅក្នុងប្រទេសកម្ពុជា។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ «Killiney Kopitiam» បានបង្កើតផលិតផល និងមុខម្ហូបរបស់ខ្លួនជាច្រើនបន្ថែមទៀត សម្រាប់ផ្ដល់ជូនអតិថិជនរបស់ខ្លួន គ្រប់ស្រទាប់ និងគ្រប់វ័យទាំងអស់៕