(ភ្នំពេញ)៖ ​សម្ដេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩នេះ អញ្ជើញជាអធិបតី ក្នុងវេទិកាស្ដីពីភាពជាដៃគូរវាង​ រាជរដ្ឋាភិបាល​ និងអង្គការសង្គមស៊ីវិល​ (លើកទី២)​ នៅទីស្ដីការក្រសួងមហាផ្ទៃ​។

ថ្លែងក្នុងឱកាសនោះ ​សម្តេច​ក្រឡាហោម ​ស ខេង បានបញ្ជាក់ថា ក្រសួងមហាផ្ទៃ ​​នឹង​ទទួលយក​រាល់​សំណើ​របស់​អង្គការ​សង្គម​ស៊ីវិល​ទាំងអស់​ ដើម្បី​ធ្វើការ​កែ​លំអរ​ ហើយក៏​នឹង​បើកទូលាយ​ក្នុង​កិច្ច​ពិភាក្សា​គ្នា ​ជាមួយ​ពួកគេ​ដោយ​គ្មាន​ការរើសអើង​ផង​ដែរ​។

សម្តេច​ ស ខេង​ បាន​លើកឡើង​ទៀត​ថា​ អង្គការ​សង្គម​សមាគម​ដែល​ក្រសួង​មហាផ្ទៃ​ បាន​ចុះ​ក្នុង​បញ្ជី​នា​ពេល​បច្ចុប្បន្ន ​គឺ​មាន​រហូតដល់​ជាង​៥,០០០​អង្គការ ​ហើយ​គ្មាន​អង្គការ​ ឬ​ សមាគម​​ណាមួយ ដែល​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​ខ្មៅ​នៅក្នុង​ក្រសួង​នោះឡើយ ​ផ្ទុយទៅវិញ​មានតែ​ទទួលយក​សំណើ​របស់​ពួកគេ​យក​ទៅ​ពិចារណា​ដើម្បី​ស្ថាបនា​រួម​តែប៉ុណ្ណោះ​។

សូមជម្រាបថា ការរៀបចំឲ្យមានវេទិកានេះឡើង ក្នុងគោលបំណង ដើម្បីឲ្យភាគីទាំងពីរទាំងរាជរដ្ឋាភិបាល និងសង្គមស៊ីវិលរួមគ្នា ស្វែងរកដំណោះស្រាយ បញ្ហាប្រឈមនានា​ ដែលជាចំណុចអសកម្មនាពេលកន្លងមក ហើយធ្វើការរួមគ្នាឲ្យកាន់តែជិតស្និតក្នុងការអភិវឌ្ឍឲ្យសង្គមកម្ពុជា កាន់តែរីកចម្រើនសម្រាប់បច្ចុប្បន្ន និងទៅពេលខាងមុខ៕