(សៀមរាប)៖ ទន្ទឹមនិងមោទនភាព ប្រកបដោយកិត្យានុភាពជាតិ ជាមួយនិងភាពជោគជ័យដ៏មានផ្លែផ្កា សម្រាប់កិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ (Asia-Pacific Parliamentary Forum / APPF-27) និងវេទិកាក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខា ក្រុងសៀមរាប តើថ្នាក់ដឹកនាំវ័យក្មេង និងយុវជនកម្ពុជា បានប្ដេជ្ញាចិត្ត និងប្រកាន់នូវគោលការណ៍អ្វីខ្លះជាចម្បង ? ។

ប្រាកដណាស់រាល់ការលះបង់ប្រកបដោយឆន្ទៈខ្ពស់ ប្រកបដោយភាពស្វាហាប់ ម៉ឺងម៉ាត់ សាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ជាមួយការទទួលខុសត្រូវខ្ពស់ ដើម្បីទទួលបានភាពជោគជ័យ និងការសាទរពីសំណាក់ថ្នាក់ដឹកនាំជាតិ ក៏ដូចជាប្រតិភូជាន់ខ្ពស់អន្តរជាតិ សម្រាប់កិច្ចប្រជុំ APPF-27 បានប្រារព្ធធ្វើឡើងក្រោមប្រធានបទ «ពង្រឹងភាពជាដៃគូសភា ដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព» គឺថ្នាក់ដឹកនាំវ័យក្មេង លោក ហ៊ុន ម៉ានី បានផ្ដល់អនុសាសន៍ សម្រាប់យុវជនស្ម័គ្រចិត្ត ស.ស.យ.ក (សហភាព សហព័ន្ធ យុវជន កម្ពុជា) ឲ្យប្រតិបត្តិដោយប្រកាន់ភ្ជាប់នូវគោលការណ៍ «រួមគ្នាបំពេញកិច្ចការងារ ដោយតម្កល់នូវផលប្រយោជន៍ជាតិជាធំ» ។

សូមរំលឹកថា សម្រាប់រដ្ឋសភាកម្ពុជា នីតិកាលពី៦នេះ ដែលមានតំណាងរាស្រ្តទាំងអស់១២៥រូប គឺលោក ហ៊ុន ម៉ានី ដែលជាប្រធានស.ស.យ.ក (សហភាព សហព័ន្ធ យុវជន កម្ពុជា) និងជាតំណាងរាសត្រមណ្ឌលកំពង់ស្ពី គឺត្រូវបានសម័យប្រជុំរបស់រដ្ឋសភា នីតិកាលទី៦ កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ បានបោះឆ្នោតជ្រើសតាំងជាប្រធានគណៈកម្មការទី៧ គឺគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា ក្នុងចំណោមគណៈកម្មការជំនាញទាំង១០ ដើម្បីប្រើនូវផលប្រយោជន៍ប្រជារាស្ត្រ ប្រជាជាតិ និងមាតុភូមិកម្ពុជា ។

ចំពោះលទ្ធផលនៃភាពជោគជ័យ និងការសម្តែងនូវការអបអរសាទរ ចំពោះការរៀបចំយ៉ាងល្អឥតខ្ចោះ ចំពោះកម្មវិធី APPF និង ACC នាពេលប៉ុន្មានថ្ងៃនេះ លោក ហ៊ុន ម៉ានី បានអញ្ជើញចូលរួមកិច្ចប្រជុំ APPF លើកទី២៧ ក្នុងឋានៈលោកជាសមាជិកសភា ហើយលោកចូលរួមក្នុងតួនាទី បីជាចម្បង គឺ៖ ទី១. ជាសមាជិកគណៈកម្មាធិការប្រតិបត្តិ នៃគណៈកម្មាធិការរៀបចំ សម្រាប់ព្រឹត្តិការណ៍ទាំងមូល, ទី២. ជាប្រធានក្រុមការងារនយោបាយ និងសន្តិសុខ ដែលលោកមានតួនាទីដឹកនាំក្រុមនេះដោយផ្ទាល់, និងទី៣. ជាប្រធានគណៈកម្មាធិការរៀបចំសេចក្ដីព្រាង (Drafting Committee) គឺរាល់ខ្លឹមសារទាំងអស់របស់ក្រុមការងារ ក៏ដូចជា សេចក្ដីថ្លែងការរបស់សម្ដេចចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា រួមនិងរបាយការណ៍សរុបចុងក្រោយ នៃព្រឹត្តិការណ៍ទាំងមូល គឺស្ថិតនៅក្រោមការទទួលខុសត្រូវ នៃគណៈកម្មាធិការរៀបចំសេចក្ដីព្រាងនេះផងដែរ។

ចំពោះការអនុវត្តតួនាទី ភារកិច្ច ដែលប្រគល់ជូន ក្នុងនាមក្រុមការងារនយោបាយ និងសន្តិសុខ គឺលោកបានពិនិត្យទៅលើសេចក្ដីព្រាង និងលើដំណោះស្រាយ (Resolutions) ដែលបានដាក់មកចំនួន១២រួមទាំងសេចក្ដីព្រាងរបស់កម្ពុជា ចំនួន៣ផងដែរ។ សម្រាប់សេចក្ដីព្រៀងទាំង១២ ជាលទ្ធផលចុងក្រោយ គឺមានតែ៤ប៉ុណ្ណោះ ដែលត្រូវបានអនុម័តចុងក្រោយ ដោយក្រុមការងារទាំងមូល ។ ហើយលើសពីនេះទៀតសោធ តួនាទីទទួលខុសត្រូវរបស់ក្រុមការងារពិភាក្សាទៅលើការងារនយោបាយ និងសន្តិសុខ គឺប្រធានក្រុមគណៈកម្មាធិការរៀបចំសេចក្ដីព្រាង បានពិនិត្យគឺសរុបទាំងអស់មានចំនួន៤៣សេចក្ដីព្រាង ។

ចំពោះក្រុមការងារផ្សេងទៀត ដែលលោកត្រូវពិចារណាទៅលើសេចក្ដីព្រាងផងដែរនោះ គឺមានក្រុមការងារសេដ្ឋកិច្ច, ពាណិជ្ជកម្ម, ក្រុមការងារកិច្ចសហប្រតិបត្តិការកម្រិតតំបន់, និងកិច្ចប្រជុំសមាជិកសភាស្ត្រី សរុបទៅក្រុមការងារទាំងបួនហ្នឹង មានសេចក្ដីព្រាងចំនួន៤៣ ដើម្បីឲ្យគណៈកម្មាធិការរៀបចំសេចក្ដីព្រាងនេះ សម្រេច គឺនៅសល់សេចក្ដីដំណោះស្រាយចុងក្រោយ ចំនួន១៤ ដែលបានអនុម័តដោយ គណៈកម្មាធិការរៀបចំសេចក្ដីព្រាង ។

ហើយឯកសារលើសពីនោះទៀត គឺមានការរៀបចំរបាយការណ៍ចុងក្រោយ ដែលហៅថា (Join Committee) ដោយត្រូវឆ្លងការឯកភាពយល់ព្រមពី សមាជិក សមាជិការ នៃប្រតិភូដែលបានចូលរួមទាំងអស់មាន២១ប្រទេស។ ហើយសេចក្ដីព្រាងដោយឡែក ដែលមិនចាំបាច់ឆ្លងគណៈប្រតិភូ នៃប្រទេសផ្សេងៗនោះទេ គឺសេចក្ដីព្រាងរបស់កម្ពុជាយើង ដែលជាសេចក្ដីថ្លែងការរបស់សម្ដេចប្រធាន ហេង សំរិន ដែលទាំងអស់នេះ គឺជាការទទួលខុសត្រូវ និងភារកិច្ចរនៃការចូលរួមបស់លោក ហ៊ុន ម៉ានី នៅក្នុងកិច្ចប្រជុំ APPF លើកទី២៧នេះ។

ចំពោះ ស.ស.យ.ក វិញ គឺលោកបានទទួលសំណើរពីរដ្ឋសភាកម្ពុជា ជាពិសេសពីគណៈលេខាធិការដ្ឋានរដ្ឋសភា ឲ្យជ្រើសរើសយុវជនស្ម័គ្រចិត្ត ចេញពី ស.ស.យ.ក ចំនួន ៣០រូប ដើម្បីធ្វើជាយុវជនស្ម័គ្រចិត្ត និងក្នុងនាមជាទូតសុឆន្ទៈរបស់កម្ពុជា ដែលមានភារៈជាមន្ត្រីទំនាក់ទំនង (Liaison Officers) ត្រូវនាំភ្ញៀវចូលរួមតាមកិច្ចប្រជុំនិមួយៗ ដោយសហការជាមួយនិងមន្ត្រីទំនាក់ទំនងរបស់រដ្ឋសភាផងដែរ សរុបមកវិញគឺទាំងអស់នេះហើយ ជាអ្វីដែលថ្នាក់ដឹកនាំវ័យក្មេង លោក ហ៊ុន ម៉ានី បានចូលរួមចំណែក។

ទន្ទឹមនិងការអនុវត្តតួនាទី ភាពទទួលខុសត្រូវរបស់យុវជន គឺពួកគាត់បានប្ដេជ្ញាប្រកបដោយឆន្ទៈខ្ពស់ មិនត្រឹមតែសម្រាប់ការងារចូលរួម នៃកិច្ចប្រជុំ APPF លើកទី២៧នេះ តែប៉ុណ្ណោះនោះទេ គឺរាល់ព្រឹត្តិការណ៍ទាំងកម្រិតជាតិ កម្រិតតំបន់ និងអន្តរជាតិ ក្នុងនាមជាយុវជន ដែលមានលោក ហ៊ុន ម៉ានី ជាថ្នាក់ដឹកនាំវ័យក្មេងមួយរូបរបស់កម្ពុជា និងជាប្រធាន ស.ស.យ.ក ដែលជាយុវជនដ៏គំរូម្នាក់ តំណាងឲ្យយុវជនជំនាន់ក្រោយ លោកតែងតែបានផ្ដល់នូវការលើកទឹកចិត្ត ការតាំងចិត្ត តាមរយៈបំពេញការងារ តួនាទី ភារកិច្ច ឲ្យអស់ពីសមត្ថភាព អស់ពីលទ្ធភាព ជាមួយនិងការតាំងចិត្តធ្វើយ៉ាងណា ឲ្យបានលទ្ធផលប្រកបដោយគុណភាព និងប្រសិទ្ធិភាពកាន់តែល្អប្រសើរឡើងជានិច្ច ។

ជាពិសេសនូវរាល់ការចូលរួមបំពេញកិច្ចការលំដាប់អន្តរជាតិ យ៉ាងដូច្នេះ លោកតែងតែប្រាក់ថា ៖ «យើងត្រូវរួបរួមគ្នាបំពេញកិច្ចការងារ ដោយតម្កល់នូវផលប្រយោជន៍ជាតិជាធំ» ព្រោះគ្រប់កិច្ចការងារ ដូចជាការទទួលគណៈប្រតិភូ នៃកិច្ចប្រជុំនេះ សុទ្ធតែជាការងារសំខាន់ទាំងអស់ តាំងពីការបដិសណ្ឋាកិច្ចពីព្រលានយន្តហោះ រហូតដល់ការស្នាក់នៅ ការទទួលម្ហូបអាហារ ការរៀបចំកិច្ចប្រជុំ ការធ្វើដំណើររបស់ប្រតិភូ សន្តិសុខ សណ្ដាប់ធ្នាប់ ត្រូវរៀបចំឲ្យបានល្អប្រសើរជានិច្ច ។

ពិសេសគ្រប់កិច្ចការ លោក ហ៊ុន ម៉ានី តែងតែពិគ្រោះ និងពិភាក្សាយោបល់ ជាមួយក្រុមការងារ ផងដែរ បន្ថែមពីនោះ លោកបានសុំឲ្យយុវជននៅគ្រប់លក្ខខណ្ឌណាក៏ដោយ គឺយើងត្រូវមានភាពទន់ភ្លន់ ក្នុងនាមជាយុវជន យុវតីខ្មែរ ព្រោះយើងម្នាក់ៗ គឺជាទូតសុឆន្ទៈរបស់ប្រទេសកម្ពុជា ហើយត្រូវរួមគ្នាលើកកម្ពស់នូវគុណតម្លៃជាតិ ព្រោះក្រោមការដឹកនាំ របស់រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា ពិសេសសម្រាប់នីតិកាលទី៦នេះ គឺយើងជាយុវជនមានតួនាទី និងភារកិច្ច ចូលរួមចំណែកក្នុងការគោរពធម្មនុញ្ញ បម្រើនូវផលប្រយោជន៍ របស់ប្រជារាស្ត្រ ប្រជាជាតិ និងមាតុភូមិ ហើយការរក្សា ការពារនូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងដើម្បីភាពរុងរឿងថ្កើងថ្កាន សម្រាប់មាតុភូមិកម្ពុជា។

សូមរំលឹកផងដែរថា ក្នុងកិច្ចប្រជុំរយៈ៣ថ្ងៃនេះ គឺសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានស្ថាបនិកកិត្តិយសនៃក្រុមប្រឹក្សាវប្បធម៌អាស៊ី បានអញ្ជើញជាអធិបតីបើក និងបានថ្លែងសន្ទរកថាប្រកាសជាផ្លូវការ នៃក្រុមប្រឹក្សាវប្បធម៌អាស៊ី នៅព្រះលានជល់ដំរី ខេត្តសៀមរាម-អង្គរ ទៅកាន់អ្នកនយោបាយ និងថ្នាក់ដឹកនាំសំខាន់ៗនៅទ្វីបអាស៊ី និងភ្ញៀវកិត្តិយសមកពីអាមេរិកឡាទីន អាហ្វ្រិក និងតំបន់អាស៊ីប៉ាស៊ីហ្វិក សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិផ្នែកវប្បធម៌ ដើម្បីផលប្រយោជន៍មនុស្សជាតិនៅក្នុងតំបន់ ។

ចំពោះសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ និងថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជាជាច្រើនរូប បានអញ្ជើញជាអធិបតី និងដឹកនាំ/សម្របសម្រួលកិច្ចប្រជុំប្រចាំឆ្នាំ APPF លើកទី២៧ បានផ្តល់គោលគំនិត និងទស្សនៈវិស័យវែងឆ្ងាយ និងបានដាក់ចេញនូវយុទ្ធសាស្រ្តជាគន្លឹះ ដើម្បីស្ថាបនារួមគ្នានូវតំបន់មួយ មានសុខសន្តិភាព ស្ថិរភាព សុខដុមរមនា និងការអភិវឌ្ឍប្រកបដោយចីរភាព ដែលជាសេចក្តីប្រាថ្នារួមរបស់ប្រជាជាតិ។ ក្នុងនោះសម្ដេច និងថ្នាក់ដឹកនាំរដ្ឋសភា ក៏បានអនុញ្ញាតនិងទទួលជួបបានជួបសំណេះសំណាល និងពិភាក្សាការងារ ជាមួយប្រតិភូជាន់ខ្ពស់ នៃបណ្ដាប្រទេស ដែលមានវត្តមានក្នុងកិច្ចប្រជុំ APPF លើកទី២៧ នេះ ផងដែរ ។

ចំណែកការបង្ហោះនៅតាមបណ្ដាញសង្គមរបស់ សហភាពសហព័ន្ធយុវជនកម្ពុជា Union of Youth Federations of Cambodia កាលពីថ្ងៃទី១៥ មករា ក៏បានបញ្ជាក់ផងដែរថា៖ ថ្ងៃនេះយើងខ្ញុំជាយុវជនរីករាយដែលទទួលបានឱកាស ហ្វឹកហាត់ និងដុសខាត់សមត្ថភាពរបស់យើងខ្ញុំបន្ថែម ក្នុងការចូលរួមរៀនសូត្រ និងដកស្រង់បទពិសោធន៍ជាមួយថ្នាក់ដឹកនាំកំពូលៗលើពិភពលោក ក្នុងកិច្ចប្រជុំវេទិកាសភា តំបន់អាស៊ី-ប៉ាស៊ីហ្វិក (APPF) លើកទី២៧ នៅខេត្តសៀមរាប ដើម្បីត្រៀមខ្លួនរួចជាស្រេចក្នុងការបំពេញតម្រូវការសម្រាប់កម្ពុជា ។

ស.ស.យ.ក. សូមអរគុណដល់គណៈកម្មការរៀបចំដែលបានផ្តល់ឱកាសដល់យុវជនក្នុងការកសាង និងអភិវឌ្ឍសក្តានុពលរបស់ខ្លួន ដើម្បីអនាគតកម្ពុជា។ ក្នុងនាមជាយុវជនកម្ពុជា យើងខ្ញុំសូមចូលរួមអបអរសាទរកម្ពុជាក្នុងភាពជាម្ចាស់ផ្ទះ និងជាប្រធាននៃការរៀបចំកិច្ចប្រជុំអន្តរជាតិនេះប្រកបដោយសមត្ថភាព ក្នុងបរិកាសនក្ខត្តឫក្ស និងរីករាយក្រៃលែង ។

សរុបសេចក្ដីមក កិច្ចប្រជុំដែលមានរយៈពេល ៣ថ្ងៃកន្លងទៅនេះ ពិតជាបានដំណើរការទៅយ៉ាងមមាញឹក ក្នុងបរិយាកាសមិត្តភាព សាមគ្គីភាព សហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រហូតសម្រេចបាននូវសេចក្តីសម្រេចសំខាន់ៗ ដែលសន្តិភាពនៅក្នុងតំបន់ និងសកលលោក គឺជាកត្តាចម្បងចាំបាច់សម្រាប់ អភិវឌ្ឍប្រទេសជាតិ ។ ហើយរដ្ឋសភាកម្ពុជា បានប្រគល់ជូនសភាប្រទេសអូស្រ្តាលី ជាអ្នកបន្តវេនធ្វើជាសប្រធាន នៃវេទិកាសភាអាស៊ី-ប៉ាស៊ិហ្វិក ហៅកាត់ថា APPF បន្ទាប់ពីកម្ពុជា បានទទួលធ្វើជាម្ចាស់ផ្ទះ ចាប់តាំងពីឆ្នាំ២០១៨ រហូតមកដល់ត្រឹមថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩នេះ៕