(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិឲ្យដឹងថា នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៧លើក បណ្ដាលឲ្យមនុស្សស្លាប់២នាក់, របួសស្រាលម្នាក់ និងរបួសធ្ងន់៦នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង៧លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន៦គ្រឿង, រថយន្តតូច៤គ្រឿង, យានផ្សេងៗ២គ្រឿង និងរថយន្ដធុនធំ១គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមានល្មើសល្បឿន, មិនគោរពសិទ្ធិ, ប្រជែង, និងស្រវឹង។

សូមបញ្ជាក់ថា រយៈពេល១៦ថ្ងៃចាប់ពីថ្ងៃទី១ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន១៦៧លើក បណ្ដាឲ្យមនុស្សស្លាប់ចំនួន៧៣នាក់, របួសធ្ងន់១៧៦នាក់ និងរបួសស្រាល១០៦នាក់៕