(ពោធិ៍សាត់)៖ គ្រួសារខ្មែរឥស្លាមដែលរងគ្រោះភ្លើងឆេះផ្ទះ និងស្លាប់កូន២នាក់ ត្រូវបានលោក វ៉ាន់ ហ៉ាង នាយកប្រតិបត្តិតំណាងលោក ខូយ រីដា ប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជាខេត្តពោធិ៍សាត់ នាំយកអំណោយមនុស្សធម៌ ប្រគល់ជូនដល់លំនៅឋាន ស្ថិតក្នុងភូមិរលាប សង្កាត់រលាប ក្រុងពោធិ៍សាត់ នារសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩។

អំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ផ្តល់ជូនគ្រួសាររងគ្រោះ រួមមាន៖ អង្ករ៥០គីឡូក្រាម, តង់១, កន្ទេល១, ឃីត១កញ្ចប់ (មានមុង ភួយ សារុង ក្រមា), ទឹកត្រី១យួរ, ទឹកស៊ីអ៉ីវ១យួរ, សម្ភារៈប្រើប្រាស់ផ្ទះបាយ, និងថវិកា២០ម៉ឺនរៀល។

ជាមួយគ្នានោះលោក ចាប នាង អភិបាលនៃគណៈអភិបាលក្រុងពោធិ៍សាត់ បាននាំយកអំណោយរបស់លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោកស្រី ហ៊ុន ចាន់ធី អង្ករ៥០គីឡូក្រាម, មី៤កេស, ទឹកស៊ីអ៉ីវ២យួរ, ទឹកត្រី២យួរ និងថវិកា៤០ម៉ឺនរៀល។

លោក រុន សារី អនុប្រធានគណៈចលនាសាសនិកឥស្លាមពោធិ៍សាត់ និងក្រុមសម្ព័ន្ធយុវជនឥស្លាម បានផ្តល់ថវិកាផ្ទាល់ខ្លួនចំនួន២០ម៉ឺនរៀល និងសមាគមគ៊ុយវ៉ែត បានជួយឧបត្ថម្ភ អង្ករ៥០គីឡូក្រាម, មី២កេស, កន្ទេល១, មុង១, ភួយ១, ទឹកត្រី១យួរ និងថវិកា២០ម៉ឺនរៀល។

លោក វ៉ាន់ ហ៊ាង បានចូលរួមសម្តែងការសោកស្តាយជាទីបំផុត ចំពោះការបាត់បង់កូនជាទីស្រលាញ់ រហូតដល់ទៅ២នាក់ រួមទាំងផ្ទះសម្បែង ទ្រព្យសម្បត្តិ ដែលបណ្តាលមកពីអគ្គិភ័យ បានឆាបឆេះអស់ទាំងស្រុងមួយប៉ប្រិចភ្នែក។

លោកនាយកប្រតិបត្តិ បានថ្លែងទៀតថា បន្ទាប់ពីទទួលបានដំណឹងដ៏សង្វេគនេះ លោក ខូយ រីដា ប្រធានគណៈកម្មាធិការសាខាបានចាត់ក្រុមការងារចុះនាំយកអំណោមមនុស្សធម៌ មកចែកជូនដល់គ្រួសាររងគ្រោះ បានដោះស្រាយ និងប្រើប្រាស់បានមួយគ្រា។

លោកបានថ្លែងឲ្យដឹងថា ស្របតាមអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលមានកាកបាទក្រហមខេត្តជាសេនាធិការនោះ តែងតែយកចិត្តទុកដាក់ គិតគូរអំពីទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះ ដោយប្រការផ្សេងៗ ដោយមិនបានប្រកាន់អំពីនិន្នាការអ្វីឡើយ ជាក់ស្តែងដូចជា អគ្គិភ័យនេះជាដើម បណ្តាលឲ្យស្លាប់បាត់បង់ជីវិតកូនជាទីស្រលាញ់រហូតទៅ២នាក់ រួមទាំងផ្ទះសម្បែង ទ្រព្យសម្បត្តិ ជាសក្ខីភាពស្រាប់។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង០៤៖១០ល្ងាចថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ មានករណីអគ្គិភ័យ បណ្តាលឲ្យស្លាប់បាត់បង់ជីវិតក្មេងប្រុសស្រី ជាបងប្អូនបង្កើននឹងគ្នា ចំនួន២នាក់យ៉ាងអាណោចអាធម៖ ១-ឈ្មោះ ឯល ម៉ាត់ ភេទប្រុស អាយុ០៧ឆ្នាំ និង២-ឈ្មោះ ឯល ម៉ៃ ភេទស្រី អាយុ០៣ឆ្នាំ រួមទាំងផ្ទះ១ខ្នង ទំហំ៣x៤ម៉ែត្រ ដំបូលប្រក់ស្បូវជញ្ជាំងស័ង្កសី កម្ពស់២មែត្រ, ស្រូវ១០ការ៉ុង, អង្ករ២០ការ៉ុង និងសំភារៈមួយចំនួនទៀត។

ប្រភពព័ត៌មានពីឪពុកឈ្មោះ ត ឯល ភេទប្រុស អាយុ៣៥ឆ្នាំ និងម្តាយឈ្មោះ សី ធាង អាយុ៣១ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅចំណុចអណ្តូងតាជុគ (ក្បាលខ្មោច ) ភូមិអូរថ្កូវ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ បានឱ្យដឹងថា នៅពេលដែលម្តាយទៅច្រូតស្បូវចម្ងាយពីផ្ទះប្រហែល៥០០ម៉ែត្រ និងឪពុកទៅមើលក្របី ចម្ងាយប្រហែល០៣គីឡូម៉ែត្រ និងកូនប្រុសច្បងអាយុ០៩ឆ្នាំ ទៅចងគោហើយពួកគាត់បានទុកកូនតូចទាំង២នាក់នៅផ្ទះ ហើយកន្លែងកើតហេតុនៅឆ្ងាយដាច់ៗពីផ្ទះគេ ដូច្នេះហើយបានជាមិនមានអ្នកណាដឹង និងមិនអាចមកជួយទាន់ពេលវេលា។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ច និងប្រជាពលរដ្ឋ បានឱ្យដឹងថាអគ្គិភ័យនេះ គឺកើតឡើងប្រហែលជាក្មេងទាំង២នាក់ បានយកដែកកេះបង្កាត់ភ្លើងដាំទឹកឆុងមី ទើបបណ្តាលឱ្យ មានអគ្គិភ័យកើតឡើងដូច្នេះ៕