(ភ្នំពេញ)៖ នាយកដ្ឋានអប់រំកាយ និងកីឡា នៃក្រសួងអប់រំយុវជន និងកីឡា នៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩នេះ បានធ្វើសន្និសីទសារព័ត៌មានមួយ ស្តីពីការបោះឆ្នោតជ្រើសរើស លោកស្រី កែ ឡេង ជាកីឡាការិនីប៉េតង់ឆ្នើមពិភពលោកប្រចាំឆ្នាំ២០១៨។

លោកស្រី កែ ឡេង ត្រូវបានជ្រើសរើស ឲ្យឈរជាបេក្ខនារីប៉េតង់ឆ្នើមពិភពលោក សម្រាប់ឆ្នាំ២០១៨ តំណាងឲ្យប្រទេសកម្ពុជា ដើម្បីប្រកួតតាមរយៈការបោះឆ្នោត Online ក្នុងចំណោមបេក្ខភាពជាច្រើននាក់ មកពីជុំវិញពិភពលោក។ លោកស្រី គឺជាវីរកីឡាការិនីកម្ពុជា១រូបគត់ ដែលបានឈ្នះមេដាយមាសពិភពលោក នៃការប្រកួតប៉េតង់ ចំនួន៤លើកមកហើយគឺ៖ ឆ្នាំ​២០១៣​ ​នៅ​ប្រទេស​បារាំង​, ឆ្នាំ​២០១៥​ នៅ​ប្រទេស​ថៃ, ឆ្នាំ២០១៧ នៅប្រទេសចិន និងឆ្នាំ២០១៨ នៅប្រទេសបារាំងម្តងទៀត។

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងសន្និសីទសារព័ត៌មាននេះ, លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមបោះឆ្នោតទាំងអស់គ្នា ដើម្បីឲ្យបេក្ខភាពវីរកីឡាការិនី កែ ឡេង សម្រេចបានជោគជ័យ ជាកិត្តិយសសម្រាប់ជាតិកម្ពុជាដ៏ធំធេងនេះ។ លោកជឿជាក់ថា​ ការរួបរួមគ្នាច្បាស់ជាធ្វើឲ្យកម្ពុជា បានលើកទង់ជាតិលើឆាកអន្តរជាតិ ជាក់ជាមិនខានឡើយ។

ជាមួយគ្នានេះ លោកស្រី កែវ ឡេង បានថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាល ដែលតែងតែគាំទ្រ​ និងផ្តល់ឱកាសឲ្យលោកស្រី បានបង្ហាញសមត្ថភាពលើការប្រកួត កម្រិតពិភពលោកជាច្រើន។ លោកស្រី ក៏បានជំរុញដល់កីឡាករ កីឡាការិនីគ្រប់ប្រភេទ ត្រូវខិតខំប្រឹងប្រែងហ្វឹកហាត់ ដើម្បីអភិវឌ្ឍន៍ខ្លួនក្លាយជាកីឡាករ កីឡាការិនីឆ្នើម សម្រាប់ប្រទេសជាតិផងដែរ។

សូម​គាំទ្រ​បេក្ខភាព​លោកស្រី កែ ឡេង ឲ្យឆ្លង​ផុត​ការ​ជម្រុះ​ជុំទី១ ដើម្បី​ចូលរួម​ប្រកួត​ដណ្ដើម​ពានរង្វាន់​ កីឡាការិនីឆ្នើមពិភពលោក ប្រចាំ​ឆ្នាំ​២០១៨ តាមរយៈតំណរភ្ជាប់ ដូចតទៅ៖ ទី១. សូម​ចូល​ទៅ​កាន់៖ http://bit.ly/2QzVpD9 ឬ www.theworldgames.org និងទី២. ចុច​ Vote លើ​រូប​អ្នក​ស្រី កែ ឡេង រួច​ចុច​លើពាក្យ registration ជាការ​ស្រេច។

ការ​បោះឆ្នោត​គាំទ្រ តាម​នីតិវិធី​នេះ​រាល់​២៤​ម៉ោង​ម្ដង ជា​រៀងរាល់​ថ្ងៃ។ ផុត​កំណត់​៖ ថ្ងៃ​ទី១៥ ខែ​មករា ឆ្នាំ​២០១៩ (ជុំទី១) និង​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១៩ (បញ្ចប់​ជុំ)។

គួរជំរាបថា ជារៀងរាល់៤ឆ្នាំ សមាគមន៍ហ្គេមអន្តរជាតិពិភពលោក ដែលមានឈ្មោះកាត់ IWGA (International World Game Association) ត្រូវសម្រិតសម្រាំងអត្តពលិកឆ្នើម នៃកីឡាមិនអូឡាំពិក ដែលមានជាង៣០ប្រភេទកីឡា ក្នុងនោះមានកីឡាប៉េតង់ផងដែរ។ ប្រធានសហព័ន្ធអន្តរជាតិប៉េតង់ FIPJP បានស្នើលោកស្រី កែ ឡេង ជាបេក្ខនារីប៉េតង់ ដើម្បីឲ្យបោះឆ្នោតជ្រើសរើស ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យដូចខាងក្រោម៖

*ក្នុងឆ្នាំ២០១៣៖ លោកស្រី កែ ឡេង ទទួលបានមេដាយមាស ប៉េតង់ពិភពលោក លើវិញ្ញាសាវាយយកពិន្ទុ នៅប្រទេសបារាំង។

*ក្នុងឆ្នាំ២០១៥៖ លោកស្រី កែ ឡេង ទទួលបានមេដាយមាស ប៉េតង់ពិភពលោក លើវិញ្ញាសាវាយយកពិន្ទុ នៅប្រទេសថៃ ជាលើកទី២។

*ក្នុងឆ្នាំ២០១៧៖ លោកស្រី កែ ឡេង ទទួលបានមេដាយមាស ប៉េតង់ពិភពលោក លើវិញ្ញាសាវាយយកពិន្ទុ នៅសាធារណរដ្ឋចិន ជាលើកទី៣។ នេះជាឯកទត្តកម្ម សម្រាប់លោកស្រី កែ ឡេង ដែលទទួលបានមេដាយមាស ៣លើកជាប់ៗគ្នា។

*លើសពីនេះទៅទៀត៖ ក្នុងឆ្នាំ២០១៨ ប្រទេសបារាំងបានរៀបចំឱ្យមានការប្រកួត ពានរង្វាន់កីឡាប៉េតង់ ក្នុងចំណោមប្រទេស ដែលខ្លាំងលើពិភពលោក។ ក្នុងការប្រកួតនេះលោកស្រី កែ ឡេង ដណ្តើមបានពានរង្វាន់ថ្នាក់លេខ១ លើវិញ្ញាសា០២នាក់ ទល់០២នាក់ និង០៣នាក់ ទល់០៣នាក់ ដោយយកឈ្នះកីឡាការិនី នៃប្រទេសខ្លាំង ដូចជាបារាំង ថៃ និងទុយនេស៉ី។

រួមផ្សំនឹងស្នាដៃចុងក្រោយនេះហើយ ដែលធ្វើឱ្យលោកប្រធាន Claude Azema សម្រេចស្នើឱ្យ លោកស្រី កែ ឡេង ឈរឈ្មោះជាបេក្ខនារីសម្រាប់ឱ្យគេបោះឆ្នោតជ្រើសជាកីឡាការិនី ប៉េតង់ឆ្នើមពិភពលោក សម្រាប់ឆ្នាំ២០១៨នេះតែម្តង៕