(ភ្នំពេញ)៖ ក្រុមហ៊ុនអាកាសចរណ៍ Air China បានចាប់ផ្ដើមបើកការហោះហើរ ភ្ជាប់ពីរដ្ឋធានីប៉េកាំង នៅប្រទេសចិន ជាមួយរាជធានីភ្នំពេញរបស់កម្ពុជាហើយ ចាប់ពីដើមសប្ដាហ៍នេះតទៅ ដោយហោះហើរទៀងទាត់ក្នុងមួយសប្ដាហ៍៣ជើង ប្រើយន្តហោះ Airbus 320 អាចផ្ទុកអ្នកដំណើរជិត២០០នាក់។

ថ្លែងប្រាប់បណ្ដាញសារព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩នេះ លោក ជា អូន អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ថា «ក្រុមហ៊ុនអាកាសចរណ៍ Air China បានចាប់ផ្ដើមដំណើរការជើងហោះហើររបស់ខ្លួន ចាប់តាំងពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩មក ដោយបានភ្ជាប់រាជធានីដែលជាបេះដូងរបស់កម្ពុជា ទៅនឹងរដ្ឋធានីប៉េកាំង របស់ប្រទេសចិន»។

លោកបន្ដថា នេះជាដំណើរការហោះហើរត្រង់ដំបូងគេបំផុត ពីរាជធានីភ្នំពេញ ទៅកាន់ទីក្រុងប៉េកាំងប្រទេសចិន ដែលពេលមិនទាន់មានការហោះហើរនេះ ការធ្វើដំណើរពីភ្នំពេញ ទៅប៉េកាំង គឺត្រូវចុះនៅទីក្រុងផ្សេងរបស់ចិន ទើបបន្ដជើងហោះហើរថ្មី ឆ្ពោះទៅកាន់ទីក្រុងប៉េកាំង ប៉ុន្តែពេលនេះមិនដូច្នេះទេ គឺអាចហោះត្រង់ទៅទីក្រុងប៉េងកាំងតែម្តង។

លោក ជា អូន បានបញ្ជាក់ទៀតថា ការដាក់ដំណើរការជើងហើរនេះ បានជួយឲ្យចំណេញពេលវេលា ដែលចំណាយត្រឹមតែ៦ម៉ោងតែប៉ុណ្ណោះ ពីភ្នំពេញទៅប៉េកាំង ដែលពីមុនត្រូវចំណាយរហូតដល់ទៅ១០ម៉ោងឯណោះ។

បើតាមមន្ដ្រីជាន់ខ្ពស់រូបនេះ ការហោះហើរជាលើកដំបូង ជាប់ពីភ្នំពេញទៅប៉េកាំង មិនត្រឹមតែជួយជំរុញកំណើនសេដ្ឋកិច្ច ការវិនិយោគពីចិនមកកម្ពុជាទេ ថែមទាំងជួយទាក់ទាញការធ្វើទេសចរណ៍រវាងកម្ពុជា-ចិន ផងដែរ។ លោកបញ្ជាក់ថា ដំបូងក្រុមហ៊ុនអាកាសចរណ៍ Air China ហោះហើរតែ៣ជើងប៉ុណ្ណោះ ក្នុងមួយសប្ដាហ៍ ប៉ុន្ដែនៅពេលខាងមុខ ក្រុមហ៊ុននេះ នឹងហោះហើរទៀងទាត់ប្រចាំថ្ងៃ។

សូមជម្រាបថា ចិន និងកម្ពុជា ប្រទេសមហាមិត្ដដែលមានចំណង់ការទូតជាង៦០ឆ្នាំមកហើយ។ ទំនាក់ទំនងយ៉ាងស្អិតរមួតនេះហើយបានជំរុញឲ្យការវិនិយោគរបស់ចិន ក៏ដូចជាភ្ញៀវទេសចរចិន បានកើនឡើងយ៉ាងគំហុក នៅប្រទេសកម្ពុជា។ ដោយសារតែការកើនឡើង នៃការវិនិយោគ និងភ្ញៀវទេសចរយ៉ាងដូច្នេះ ទើបមានជើងហោះហើរភ្ជាប់កម្ពុជា-ចិន បានបើកដំណើរការជាបន្ដបន្ទាប់៕