(ភ្នំពេញ)៖ ក្នុងជំនួបសម្តែងការគួរសមជាមួយ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅវិមានរដ្ឋសភា នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩នេះ លោក ត្រឹង កឹមទូ (Tran Kam Tu) លេខាធិការមជ្ឈឹមបក្ស និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម បានសម្តែងសុទិដ្ឋិនិយមថា ក្រោមម្លប់ព្រះមហាក្សត្រ និងការដឹកនាំរបស់សភា រាជរដ្ឋាភិបាលបច្ចុប្បន្ន កម្ពុជានឹងទទួលបានជោគជ័យថ្មីៗទៀត។

លោក ត្រឹង កឹមទូ (Tran Kam Tu) បានសម្តែងការអបអរសាទរចំពោះការអភិវឌ្ឍរបស់កម្ពុជា លើគ្រប់វិស័យ។ ជាមួយគ្នានេះ លោកក៏បានអបអរសាទរចំពោះលទ្ធផល បោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភា នីតិកាលទី៦ នាពេលកន្លងទៅផងដែរ។

សម្តេចប្រធានរដ្ឋសភាកម្ពុជា បានបង្ហាញដល់ លោកលេខាធិការមជ្ឈឹមបក្ស អំពីការរៀបចំខួបលើកទី៤០ នៃទិវាជ័យជម្នះ៧មករា នាថ្មីៗនេះ និងបានថ្លែងអំណរគុណចំពោះបក្សកម្មុយនីស្ត វៀតណាម ប្រជាជន និងកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានរួមចំណែកយ៉ាងធំធេង ក្នុងការជួយរំដោះប្រជាជនកម្ពុជា ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ​«ប៉ុល ពត» នៅថ្ងៃទី៧​ ខែមករា​ ឆ្នាំ១៩៧៩។

សម្តេចបានគូសបញ្ជាក់ថា រយៈពេល៤០ឆ្នាំមកនេះ កម្ពុជាបានខិតខំយ៉ាងលំបាក ក្នុងការស្តារ កសាង និងអភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចម្រើនដូចពេលបច្ចុប្បន្ន ដោយមានការជួយឧបត្ថម្ភ គាំទ្រ ពីមិត្តភ័ក្តិ ប្រទេសជាមិត្តជិតឆ្ងាយ ជាពិសេស គឺរដ្ឋាភិបាល និងប្រជាជនវៀតណាម៕