(ព្រះវិហារ)៖ មេទព័របស់កម្ពុជា និងមេទព័របស់ថៃ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩នេះ បានប្តេជ្ញាបន្តរឹតចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ នៅតាមខ្សែរបន្ទាត់ព្រំដែន ដើម្បីភាពរីកចម្រើនរបស់ប្រទេស និងប្រជាពលរដ្ឋទាំងពីរផងដែរ។ ការប្តេជ្ញាចិត្តរបស់មេទ័ពនៃប្រទេសទាំងពីរនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំ នៅច្រកអានសេះ ស្ថិតក្នុងភូមិអានសេះ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

កិច្ចប្រជុំនេះភាគីកម្ពុជាដឹកនាំ ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទព័ជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ជាប្រធានគណៈបញ្ជាការសមរភូមិទិសទី១ ប្រាសាទព្រះវិហារ និងមានការចូលរួមពី លោក ជា គឹមសេង អភិបាលស្រុកជាំក្សាន្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ជាច្រើនរូបផងដែរ។ ចំណែកភាគីថៃដឹកនាំដោយ វរសេនីយ៍ឯក ណាត់ ស៊ីអ៊ីន មេបញ្ជាការរងកងកម្លាំងសុរះនារី និងលោកអភិបាល ស្រុកណាំយឺន ខេត្តអ៊ូប៊ុន ព្រមទាំងកងកម្លាំងជាច្រើនរូបផងដែរ។

លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក បានឱ្យដឹងថា បច្ចុប្បន្ននេះសភាពការណ៍នៃការប៉ះទង្គិចគ្នា គឺមិនមានទេ មានតែការណាត់ជួបគ្នាសម្រួលរាល់បញ្ហា មានការស្និទ្ធស្នាលគ្នា ហើយកម្លាំងជួរមុខ មិនមានបញ្ហាប្រឈម ពិសេសប្រជាជនទាំងពីរមានការទំនាក់ទំនងល្អ។ លោកបានថ្លែងអំណរគុណចំពោះ មេបញ្ជាការកងកម្លាំងសុរះនារីថៃ ដែលបានជួយសម្រួលឱ្យ ប្រជាពលរដ្ឋទាំងពីរបានរកស៊ី ទទួលទានជាមួយគ្នា​ ដោយសុខដុមរមនា ដែលពីមុនច្រកអានសេះ អាចដំណើរមួយអាទិត្យម្តង តែពេលនេះយើងអាចបើកដំណើរការមួយអាទិត្យ៣ថ្ងៃ។

លោកបានបន្តថា ដំណើរអនុវត្តន៍ទៅតាមគោលការណ៍ ប្រសាសន៍របស់នាយករដ្ឋមន្ត្រីទាំងពីរ បានប្រកាសបើកច្រកអន្តរជាតិ តាមព្រំដែនកម្ពុជាថៃ ក្នុងនោះមានច្រកអានសេះជាច្រកអន្តរជាតិដែរ។ លោកថា គណៈកម្មាធិការក្រសួងខាងកម្ពុជា-ថៃ និងខេត្ត និងខេត្ត បានបញ្ជូនក្រុមការងារមកធ្វើការវាស់វែងហើយ នៅតែនិតិវិធីធ្វើទៅតាមច្បាប់និងសម្រេចជាក្រោយទេ។

លោកសង្កត់ធ្ងន់ថា បញ្ហាច្រកមិនមែនមួយឆ្នាំអាចបើកបានទេ ព្រោះត្រូវការពេលវេលាវែង អាចមួយឆ្នាំ ឫលើសពីនេះទៀត ដើម្បីដំណើរការបើក ឫក៍មុននឹង បើសិនជាដំណើរការបានល្អ។ ជាមួយគ្នានោះ លោកបានជម្រុញឱ្យភាគីថៃ ត្រូវធ្វើអ្វីដែលដូចពីមុនចំពោះ ការលក់ដូររបស់ប្រជាពលរដ្ឋ សូមឱ្យធ្វើដូចពីមុនកុំឱ្យមានការកំណត់លើការទិញលើមុខទំនិញផ្សេងៗ ដើម្បីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទាំងសងខាង។

ដោយឡែកលោកវរសេនីយ៍ឯក ណាត់ ស៊ី អ៉ីន ក៏បានឯកភាពចំពោះការស្នើរឡើង ដោយភាគីកម្ពុជា និងជម្រុញឱ្យកងកម្លាំងនៅតាមព្រំដែន ត្រូវឧស្សាហ៍ជួបគ្នា ញឹកញាប់ដើម្បីដោះស្រាយបញ្ហាប្រឈមផ្សេងៗ ហើយចំពោះការស្នើររបស់ភាគីកម្ពុជា កុំឱ្យមានការកំណត់បញ្ហាលក់ដូរទំនិញ រវាងប្រជាពលរដ្ឋនៅច្រកអានសេះនោះ លោកនិងយកសំណើរនេះ ទៅរាយការណ៍ជូនលោកមេបញ្ជាការកងកម្លាំងសុរះនារីថៃ ដើម្បីដោះស្រាយនៅពេលក្រោយៗ ទៀត៕