(តាកែវ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ​បានលើកឡើងថា ទិវាជ័យជម្នះ ថ្ងៃ៧មករា ដែលជាថ្ងៃរំដោះប្រជាជនកម្ពុជា ចេញពីរបបកាប់សម្លាប់នោះ មិនមែនជាកម្មសិទ្ធិផ្ដាច់មុខរបស់គណបក្សប្រជាជនកម្ពុជា ឬរបស់បុគ្គលណាម្នាក់​​នោះទេ ពោលជារបស់ប្រជាជនកម្ពុជាទាំងអស់ ដែលចង់រស់រានមានជីវិតចេញពីរបបដ៏ខ្មៅងងឹត។

ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា តែងតែរំលឹក​ខួប​​ទិវាជ័យជម្នះ ថ្ងៃ៧មករា ជារៀងរាល់ឆ្នាំបែបនេះ ក៏មានបុគ្គលមួយក្ដាប់តូចតែងតាំងរិះគន់ថា តើចង់ឲ្យប្រជាពលរដ្ឋខ្មែរសងគុណរហូតដល់ពេលណា? ប៉ុន្ដែសម្ដេចតេជោ ហ៊ុន សែន បានឆ្លើយតបទៅវិញថា អត់មានអ្នកណាសងអ្នកណាទាំងអស់ ព្រោះនេះជាកម្មសិទ្ធិរួមដែលត្រូវថែរក្សាទាំងអស់គ្នា។

ប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩នេះ ក្នុងឱកាសបើកបេសកកម្មចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី សម្រាប់ឆ្នាំ២០១៩ សរុបប្រមាណ ១៨,២៧៣នាក់ មកពីរោងចក្រ សហគ្រាសចំនួន១២ នៅក្នុងខេត្តតាកែវ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «៧មករា មិនមែនរបស់គណបក្សប្រជាជនកម្ពុជាទេ ៧មករា ជារបស់ប្រជាជនកម្ពុជាគ្រប់រូបទាំងអស់ ដែលចង់រស់ជាមនុស្ស។ ដូច្នេះអត់មានអ្នកណា សងអ្នកណាទេ ព្រោះ៧មករាជារបស់ខ្លួនតើ ៧មករាជារបស់ជីដូនជីតា ជារបស់ឪពុកម្ដាយរបស់ក្មួយៗ ហើយវាក៏ក្លាយទៅជាទ្រព្យសម្បត្តិរបស់ក្មួយៗ ដែលត្រូវរក្សាតើ»

បន្ថែមពីនេះ សម្ដេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានកត់សម្គាល់ឃើញថា ​សមិទ្ធិផលរយៈពេល​៤០ឆ្នាំក្រោយថ្ងៃរំដោះ ជាសមិទ្ធិផលដែលនឹកស្មានមិនដល់​នោះទេ ពោលនៅពេលបច្ចុប្បន្នប្រទេសកម្ពុជា មានការរីកចម្រើនលើគ្រប់វិស័យទាំងអស់ ហើយក៏ស្របពេលដែលប្រទេសកម្ពុជា បន្ដថែរក្សាបាននូវសុខ សន្ដិភាព ដែលរកបានដោយលំបាកកាលពីអតីតកាល។

សូមជម្រាបថា ទិវាជ័យជម្នះ ៧ មករា ដែលត្រូវបានកម្ពុជាប្រារព្ធធ្វើឡើង ព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩​ យ៉ាងមហោឡារឹកនោះ គឺជាខួប៤០ឆ្នាំហើយ ដែលកម្ពុជាត្រូវបានរំដោះចេញពី​​របបប្រល័យពូជសាសន៍ ប៉ុល ពត ឬហៅសាមញ្ញថា របប៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ដែលប្រល័យជីវិតពលរដ្ឋស្លូតត្រង់របស់កម្ពុជា រហូតជាង៣លាននាក់។​

៤០ឆ្នាំក្រោយ នៃការដួលរលំរបបវាលពិឃាតនេះ បើយើងក្រឡែកមកមើលនៅ​រាជធានីភ្នំពេញ កំពុងតែប្រមូលផ្តុំដោយប្រជាពលរដ្ឋយ៉ាងកកកុញកុះករ រហូតដល់ទៅជាង ២លាននាក់ និងអ្នកចូលមកប្រកបរបររកស៊ី និងរៀនសូត្រជាដើមនោះ រហូតដល់ទៅជាង ១លាននាក់ថែមទៀត។ ទន្ទឹមនឹងនោះ គេក៏សង្កេតឃើញមានការពង្រីកផ្ទៃដីរាជធានីកាន់តែធំ ជាមួយការកើនឡើងនូវអគារតូចធំ ខ្ពស់ទាបយ៉ាងច្រើនស្អេកស្កះផងដែរ។

ដោយឡែកសម្រាប់វិស័យសេដ្ឋកិច្ចវិញ បើតាមសេចក្តីព្រាងច្បាប់ថវិកាឆ្នាំ២០១៩ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានបង្ហាញឲ្យឃើញថា ​ក្នុងឆ្នាំ២០១៩ ផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា (ផ.ស.ស-GDP) នឹងកើនឡើងដល់ ២៧,២២២លានដុល្លារអាមេរិក ខណៈចំណូលសម្រាប់មនុស្សម្នាក់ៗ នឹងកើនឡើងដល់១,៧០៦ដុល្លារអាមេរិក៕