(ភ្នំពេញ)៖ ខណៈប្រាក់បៀវត្សរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ-កម្មការិនី កំពុងត្រូវបានដំឡើងជាបន្តបន្ទាប់នោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីសន្តិភាពរបស់កម្ពុជា នៅតែអំពាវនាវយ៉ាងទទូចសូមកុំឱ្យមានការដំឡើងថ្លៃទំនិញខ្ពស់ពេក ដើម្បីរួមចំណែកសម្រួលដល់ជីវភាពរស់នៅរបស់ពួកគេ។

ការអំពាវនាវសាជាថ្មីនេះ ត្រូវបានធ្វើឡើងក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី លើកដំបូងសម្រាប់ឆ្នាំ២០១៩ ដែលមានចំនួន ១៨,២៧៣នាក់ មកពីរោងចក្រ សហគ្រាសចំនួន១២ នៅក្នុងខេត្តតាកែវ នាថ្ងៃទី០៩ ខែមករា។

នាឱកាសនោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងរំលឹកដល់បណ្ដារោងចក្រ សហគ្រាស គ្រឹះស្ថានការងារនានានៅកម្ពុជា ត្រូវយកចិត្តទុកដាក់លើការបើកប្រាក់បៀវត្សជូនបុគ្គលិកការងារ កម្មករ-កម្មការិនីរបស់ខ្លួនឱ្យបាន «២សប្ដាហ៍ម្ដង» ដែលកិច្ចការដ៏សំខាន់នេះ ត្រូវបានរាជរដ្ឋាភិបាលប្រកាសជារឿយៗហើយថា ត្រូវតែអនុវត្តចាប់ពីឆ្នាំ២០១៩ នេះតទៅ។

ជាមួយគ្នានោះ ប្រមុខរាជរដ្ឋាភិបាលបានបង្ហើបដែរថា ខាងរាជរដ្ឋាភិបាលក៏បានត្រៀមប្រាក់បៀវត្សសម្រាប់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នៅក្នុងធនាគាររួចជាស្រេចហើយដែរ រង់ចាំតែដល់ថ្ងៃទី១៥ ខែមករានេះ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ អាចទៅដកយកបានហើយ។

សម្ដេចតេជោបានថ្លែងយ៉ាងដូច្នេះថា «ទន្ទឹមនឹងការរៀបចំការដំឡើងបៀវត្សឱ្យមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏ដូចជាកម្មករ-កម្មការិនី ក៏ត្រូវខិតខំរក្សានូវលំនឹងទំនិញក្នុងទីផ្សារ ដើម្បីធានាឱ្យកម្លាំងទិញពិតប្រាកដ ដែលបានមកពីការដំឡើងបៀវត្សឱ្យមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏ដូចជាកម្មករ-កម្មការិនីផងដែរ»

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការបើកប្រាក់បៀវត្ស២សប្ដាហ៍ម្ដងនេះ មិនមែនជាល្បែងឈ្នះចាញ់អ្វីទេ តែវាជាវិធីសាស្ត្រក្នុងការសម្រួលដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏ដូចជាកម្មករ-កម្មការិនី ដើម្បីដោះស្រាយបញ្ហាជីវភាពប្រចាំថ្ងៃ។

មេដឹកនាំដែលធ្លាប់ឆ្លងកាត់ភ្លើងសង្គ្រាម និងបានស្វែងរកសន្តិភាពជូនប្រជាជាតិកម្ពុជារូបនេះ ក៏បានអំពាវនាវដល់កម្មករ-កម្មការិនីដែរថា ត្រូវក្ដាប់ឱ្យជាប់នូវឱកាសការងារ សន្តិភាព និងអ្វីៗដែលមានស្រាប់នាពេលបច្ចុប្បន្ន ដាច់ខាតកុំឱ្យបាត់បង់ត្រលប់ទៅវិញឱ្យសោះ៕