(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩នេះថា លិខិតស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញរបស់ លោក គង់ គាំ អតីតប្រធានគណបក្សសមរង្ស៉ី និងជាអតីតមនុស្សជំនិតរបស់លោក សម រង្ស៉ី នោះ បានចូលដល់ក្រសួងមហាផ្ទៃហើយនៅវេលាម៉ោងប្រមាណជាង១០៖៣០ព្រឹកថ្ងៃទី០៩ ខែមករានេះ។

សូមជម្រាបថា លោក គង់ គាំ បានប្រកាសដាក់ពាក្យស្នើទៅកាន់ក្រសួងមហាផ្ទៃ ដើម្បីស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ បន្ទាប់ពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ មាត្រា៤៥ថ្មី (ស្ទួន) ចូលជាធរមាន។ លោកបានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងយ៉ាងដូច្នេះថា៖ «យើងរីករាយជាមួយវិសោធនកម្មច្បាប់នេះ ហើយសុំឱ្យឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ធ្វើសេចក្តីស្នើទៅនាយករដ្ឋមន្រ្តី ដើម្បីនាយករដ្ឋមន្រ្តី លោកអាចដាក់សំណើទូលថ្វាយទៅព្រះមហាក្សត្រ ដើម្បីផ្តល់នីតិសម្បទាធ្វើនយោបាយដល់រូបខ្ញុំ»

សេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មមាត្រា ៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ ដែលជាការបើកផ្លូវឲ្យអ្នកនយោបាយជាប់បម្រាម អាចធ្វើសកម្មភាពនយោបាយរបស់ខ្លួនឡើងវិញនោះ ត្រូវបានព្រះ​ករុណា ព្រះបាទ​សម្ដេច ​ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ​នៃកម្ពុជា ចេញព្រះរាជក្រម ប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩។ នេះបើយោងតាមព្រះរាជក្រមដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបាននៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩នេះ។

សេចក្តីស្នើច្បាប់វិសោធនកម្មច្បាប់គណបក្សនយោបាយ ត្រូវបានចុះហត្ថលេខា ដោយតំណាងរាស្រ្តចំនួន៨៧រូប ដែលត្រូវរដ្ឋសភាអនុម័តកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ និងត្រូវបានឱ្យយោបល់ឯកភាពទាំងស្រុងដោយ ព្រឹទ្ធសភា កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨។

សេចក្តីស្នើច្បាប់នេះ បានបន្ថែមនូវវាក្សខណ្ឌមួយថ្មីក្នុងមាត្រា៤៥ថ្មី (ស្ទួនមួយ) ដូចតទៅ៖ «បុគ្គលត្រូវបានតុលាការសម្រេចហាមឃាត់ការ ធ្វើសកម្មភាពនយោបាយ មិនអាចបង្កើតគណបក្សនយោបាយ ឬចូលរួមក្នុងគណបក្សនយោបាយណាមួយ ឬឈរឈ្មោះឲ្យគេបោះឆ្នោត ឬធ្វើសកម្មភាពណា មួយគាំទ្រ ឬប្រឆាំងគណបក្សណាមួយបានឡើយ។ បុគ្គលដែលបានតុលាការ សម្រេចហាមឃាត់ការធ្វើសកម្មភាពនយោបាយនេះ នឹងអាចទទួលបានវិញនូវសិទ្ធិនយោបាយពេញលេញដោយពេញច្បាប់ បន្ទាប់ពីផុតរយៈពេលនៃការហាមឃាត់ ដែលកំណត់ដោយសាលដីការបស់តុលាការកំពូល ឬក្នុងករណីដែលបុគ្គលនោះត្រូវបានផ្តល់នីតិសម្បទាឡើងវិញដោយព្រះមហាក្សត្រ តាមសំណើរបស់នាយករដ្ឋមន្រ្តី តាមសេចក្តីស្នើសុំរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ»

ក្រៅពីលោក គង់ គាំ, អតីតតំណាងរាស្រ្តម្នាក់ទៀតរបស់អតីតគណបក្សសង្រ្គោះជាតិ គឺលោក គង់ បូរ៉ា ក៏បានប្រកាសដាក់ពាក្យស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ នៅថ្ងៃនេះផងដែរ។ ប៉ុន្តែទោះជាយ៉ាងណា លោក ខៀវ សុភ័គ បានអះអាងថា រហូតមកដល់វេលាថ្ងៃត្រង់នេះ ក្រសួងមិនទាន់ទទួលបានលិខិតពីលោក គង់ បូរ៉ា នៅឡើយទេ។

លោក គង់ គាំ និង លោក គង់ បូរ៉ា រួមទាំងអតីតថ្នាក់ដឹកនាំ អតីតគណបក្សសង្រ្គោះជាតិ សរុបចំនួន១១៨នាក់ ត្រូវបានតុលាការកំពូលចេញសាលដីកាផ្អាកសកម្មភាពនយោបាយរយៈពេល៥ឆ្នាំ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ បន្ទាប់ពីតុលាការជឿជាក់ថា អតីតគណបក្សប្រឆាំងនេះ បានឃុបឃិតជាមួយបរទេស ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា៕