(ភ្នំពេញ)៖ ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញគម្រោងស្នើសុំសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវរថភ្លើងស៊េរីទំនើបចំនួនបីគ្រឿង ទិញពីម៉ិកស៊ិក ដែលទើបដឹកមកដល់កម្ពុជា។

ការថ្លែងបញ្ជាក់បែបនេះ បន្ទាប់ពីរថភ្លើងស៊េរីទំនើបទាំង៣គ្រឿងដែលបញ្ជាទិញដោយក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង ត្រូវបានដឹកមកដល់ប្រទេសកម្ពុជាកាលពីថ្ងៃទី០៨ ខែមករា ម្សិលមិញនេះ។

ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ នៅទីស្ដីការក្រសួងនៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩នេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ដូច្នេះ «យើងបានរង់ចំារាប់ខែ។ ទីបំផុតរថភ្លើងបានមកដល់កំពង់ផែព្រះសីហនុហើយ ដូច្នេះយើងខ្ញុំនឹងសូមការអនុញ្ញាតពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវរថភ្លើងទាំងបីគ្រឿងនេះ ដើម្បីធ្វើដំណើរពីភ្នំពេញ ទៅព្រលានយន្ដហោះភ្នំពេញ ឬអាចរត់ទៅក្រុងព្រះសីហនុ ឬរត់ទៅដល់ប៉ោយប៉ែតតែម្ដង»

សូមជម្រាបថា រថភ្លើង Tramway ដែលទើបនាំមកដល់កម្ពុជានេះ មានក្បាលម៉ាស៊ីនចំនួនពីរ គឺមុខមួយ និងក្រោយមួយ ហើយមានបច្ចេកវិទ្យាចុងក្រោយបំផុត ប្រកបដោយសុវត្ថិភាពខ្ពស់ និងទំនើបទាំងទ្វារស្វ័យប្រវត្តិ, ជណ្តើរ, កៅអី, ម៉ាស៊ីនត្រជាក់, បន្ទប់ទឹក, កន្លែងដាក់អីវ៉ាន់, ប្រព័ន្ធអ៊ីនធឺណិត Wifi, ទូរទស្សន៍ និងប្រព័ន្ធផ្ដល់ព័ត៌មានតាមវីដេអូ និងរត់បានល្បឿនលឿនដោយចំណាយពេលត្រឹមតែ២៥នាទីប៉ុណ្ណោះ ពីស្ថានីយរថភ្លើងរាជធានីភ្នំពេញ ទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ៕