(ព្រះសីហនុ)៖ នាវាចម្បាំងមហាយក្សចិន ចំនួន៣គ្រឿង បានចូលសុំចតដល់កំពង់ផែខេត្តព្រះសីហនុហើយ នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩នេះ ដើម្បីបំពេញទស្សនកិច្ចរយៈពេល៤ថ្ងៃ ក្នុងន័យរឹតចំណងមិត្តភាពជាមួយកងទ័ពជើងទឹកកម្ពុជា ឱ្យកាន់តែប្រសើរឡើងថែមទៀត។

លោកឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការ ទីបញ្ជាការជួរមុខ នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ ធ្លាប់បានបញ្ជាក់​ប្រាប់អង្គភាព Fresh News ឲ្យដឹងថា​ នាវាចម្បាំងមហាយក្សចិន ចំនួន៣គ្រឿងនេះ នឹងសុំចតនៅកំពង់ផែខេត្តព្រះសីហនុ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៩-១២ ខែមករា ឆ្នាំ២០១៩។

លោកឧត្តមនាវីឯក ទៀ សុខា បានបញ្ជាក់ថា នាវាកងទ័ពរំដោះប្រជាជនចិន ចំនួន៣គ្រឿង ដែល​សំចតនៅកំពង់ផែស្វយ័ត ខេត្តព្រះសីហនុនេះ រួមមាន៖

*ទី១៖ ឈ្មោះ PLANS WUHU(FFG.529) មានបណ្តោយ១៣៥ម៉ែត្រ ទទឹង១៦ម៉ែត្រ ជម្រៅទឹក៦ម៉ែត្រ ផ្ទុកជាងបួនពាន់តោន
*ទី២៖ នាវាឈ្មោះ PLANSHANDA (FFG.579) មានបណ្តោយ១៣៥ម៉ែត្រ ទទឹង១៦ម៉ែត្រ ជម្រៅទឹក៦ម៉ែត្រ ​ផ្ទុកជាងបួនពាន់តោន
*ទី៣៖ ឈ្មោះ PLANS DONG PING LAKE (AOR960) បណ្តោយ១៧៩ម៉ែត្រ ទទឹង២៥ម៉ែត្រ ជម្រៅទឹក១០ម៉ែត្រ ផ្ទុកជាងពីរម៉ឺនតោន។

លោកឧត្តមនាវីឯក បានបញ្ជាក់បន្ថែមទៀតថា «នៅក្នុងអំឡុងពេលទស្សនកិច្ចជាផ្លូវការនេះ ក៏នឹងមានការប្រកួតកីឡាជាមិត្តភាពរវាងក្រុមនាវិកចិន និងនាវិកកម្ពុជា នៅក្នុងមូលដ្ឋានសមុទ្រព្រមទាំងមានការ ធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នាផងដែរ»៕​