(ភ្នំពេញ)៖ លោក ចាន់ ចេន មេធាវីការពារក្តីឱ្យលោក កឹម សុខា អតីតប្រធានអតីតគណបក្សសង្រ្គោះជាតិ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩នេះថា ក្រុមមេធាវី មិនទាន់ប្តឹងជំទាស់ទៅកាន់សាលាឧទ្ធរណ៍នៅឡើយទេ ចំពោះការសម្រេចរបស់ចៅក្រមស៊ើបសួរ លោក គី ឫទ្ធី ដែលច្រានចោលសំណើរបស់ខ្លួន ដែលសុំឱ្យទម្លាក់ចោលការចោទប្រកាន់លើលោក កឹម សុខា។

ការមិនទាន់សម្រេចមិនទាន់ប្តឹងឧទ្ធរណ៍នេះ បានកើតឡើងដោយសារតែក្រុមមេធាវី បានទទួលដំណឹងអំពីការកោះហៅ លោក គង់ គាំ អតីតប្រធានគណបក្សសមរង្ស៉ី និងជាអតីតមនុស្សជំនិតរ​បស់ លោក សម រង្ស៉ី ធ្វើជាសាក្សីថ្មី នៅក្នុងសំណុំរឿងរបស់ លោក កឹម សុខា។

លោក ចាន់ ចេន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សហមេធាវីយើងមានគម្រោងប្តឹងឧទ្ធរណ៍ ជំទាស់នឹងដីកាសម្រេចរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ប៉ុន្តដោយយើងទទួលបានព័ត៌មានតាមសារព័ត៌មានថា មានការកោះហៅសាក្សី ចូលឆ្លើយបន្ថែមក្នុងករណីគាត់ (កឹម សុខា) ដូច្នេះយើងរង់ចាំមើលចម្លើយសាក្សីទាំងអស់នោះសិន ទើបយើងសម្រេច សាជាថ្មីឡើងវិញ»

សូមបញ្ជាក់ថា ចៅក្រមស៊ើបសួរនៃសាសាដំបូងរាជធានីភ្នំពេញ លោក គី ឫទ្ធី កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩ បានបដិសេធចំពោះសំណើរបស់ក្រុមមេធាវី ដែលស្នើឱ្យទម្លាក់ចោលការចោទប្រកាន់លើ លោក កឹម សុខា។ ជាមួយគ្នានេះ ចៅក្រមស៊ើបសួរក៏បានចេញដីកាបង្គាប់ឲ្យ លោក គង់ គាំ ចូលខ្លួនមកបំភ្លឺក្នុងនាមជាសាក្សីនៃសំណុំរឿង «សន្ទិដ្ឋិភាពជាមួយបរទេស» របស់លោក កឹម សុខាផងដែរ។ ការបំភ្លឺត្រូវធ្វើឡើង នៅសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៨៖៣០នាទីព្រឹក ជាន់ទី៤ បន្ទប់ «គ»។

លោក គង់ គាំ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩ លោកនឹងចូលបំភ្លឺជូនចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ​ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ ខាងមុខនេះ តាមការកំណត់៕