(ភ្នំពេញ)៖ បន្ទាប់ពីលោក គង់ គាំ បានប្រកាសជំហរក្រោយវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយចូលជាធរមាននោះ លោក គង់ បូរ៉ា ដែលជាអតីតតំណាងរាស្រ្ត នៃអតីតគណបក្សសង្រ្គោះជាតិ ក៏បានប្រកាសដែរថា លោកនឹងដាក់ពាក្យទៅក្រសួងមហាផ្ទៃ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ ស្អែកនេះ ដើម្បីស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ។

លោក គង់ បូរ៉ា បានប្រកាសតាមរយៈបណ្តាញសង្គម Facebook យ៉ាងដូច្នេះថា៖ «ក្រោយឃើញ សារព័ត៌មានចុះផ្សាយនៅថ្ងៃទី៨ មករានេះ អំពីព្រះរាជក្រមរបស់ព្រះមហាក្សត្រ ដែលដាក់ឲ្យប្រើមាត្រា៤៥ថ្មី (ស្ទួន១) នៃច្បាប់ស្តីពីគណបក្សនយោបាយ ខ្ញុំ គង់ បូរ៉ា អតីតមន្ត្រីរបស់អតីតគណបក្សសង្រ្គោះជាតិ នឹងដាក់សំណើទៅក្រសួងមហាផ្ទៃ នៅថ្ងៃទី៩ ខែមករា ដើម្បីសុំសិទ្ធិចូលធ្វើនយោបាយវិញ»

លោកបានបន្តទៀតថា «ទោះបីជាទំព័រ Facebook លោក សម រង្ស៊ី តាំងនាមជាប្រធានស្តីទី អតីតគណបក្សសង្គ្រោះជាតិ ក្រៅច្បាប់នាំអន្តរជាតិបំផ្លាញកម្ពុជា បានអំពាវនាវទៅមន្ត្រីអតីតបក្សប្រឆាំង ទាំង ១១៨រូបនោះក៏ដោយ។ ខ្ញុំ គង់ បូរ៉ា មិនអាចបន្តរួមដំណើរក្នុងអំពើក្បត់ប្រទេស ក្បត់ប្រជាពលរដ្ឋតទៅទៀតបានឡើយ»

សូមជម្រាបថា ច្បាប់ស្តីពីវិសោធនកម្មមាត្រា ៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ ដែលជាការបើកផ្លូវឲ្យអ្នកនយោបាយជាប់បម្រាម អាចធ្វើសកម្មភាពនយោបាយរបស់ខ្លួនឡើងវិញនោះ ត្រូវបានព្រះ​ករុណា ព្រះបាទ​សម្ដេច ​ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ​នៃកម្ពុជា ចេញព្រះរាជក្រម ប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩។ នេះបើយោងតាមព្រះរាជក្រមដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបាននៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩នេះ។

សេចក្តីស្នើច្បាប់វិសោធនកម្មច្បាប់គណបក្សនយោបាយ ត្រូវបានចុះហត្ថលេខា ដោយតំណាងរាស្រ្តចំនួន៨៧រូប ដែលត្រូវរដ្ឋសភាអនុម័តកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ និងត្រូវបានឱ្យយោបល់ឯកភាពទាំងស្រុងដោយ ព្រឹទ្ធសភា កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨។

សេចក្តីស្នើច្បាប់នេះ បានបន្ថែមនូវវាក្សខណ្ឌមួយថ្មីក្នុងមាត្រា៤៥ថ្មី (ស្ទួនមួយ) ដូចតទៅ៖ «បុគ្គលត្រូវបានតុលាការសម្រេចហាមឃាត់ការ ធ្វើសកម្មភាពនយោបាយ មិនអាចបង្កើតគណបក្សនយោបាយ ឬចូលរួមក្នុងគណបក្សនយោបាយណាមួយ ឬឈរឈ្មោះឲ្យគេបោះឆ្នោត ឬធ្វើសកម្មភាពណា មួយគាំទ្រ ឬប្រឆាំងគណបក្សណាមួយបានឡើយ។ បុគ្គលដែលបានតុលាការ សម្រេចហាមឃាត់ការធ្វើសកម្មភាពនយោបាយនេះ នឹងអាចទទួលបានវិញនូវសិទ្ធិនយោបាយពេញលេញដោយពេញច្បាប់ បន្ទាប់ពីផុតរយៈពេលនៃការហាមឃាត់ដែលកំណត់ដោយសាលដីការបស់តុលាការកំពូល ឬក្នុងករណីដែលបុគ្គលនោះត្រូវបានផ្តល់នីតិសម្បទាឡើងវិញដោយព្រះមហាក្សត្រ តាមសំណើរបស់នាយករដ្ឋមន្រ្តី តាមសេចក្តីស្នើសុំរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ»

បន្ទាប់ពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ មាត្រា៤៥ថ្មី (ស្ទួន) ចូលជាធរមាននោះ លោក គង់ គាំ អតីតប្រធានគណបក្ស សម រង្ស៉ី និងជាអតីតមនុស្សជំនិតរបស់លោក សម រង្ស៉ី ក៏បានប្រកាសដាក់ពាក្យស្នើទៅកាន់ក្រសួងមហាផ្ទៃ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ ស្អែកនេះផងដែរ ដើម្បីស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ៕