(ភ្នំពេញ)៖ បុរសម្នាក់បើករថយន្ត Highlander មួយគ្រឿងបោះពួយទៅបុកក្បាលរបាំងថ្មចែកទ្រូងផ្លូវស្ពានអាកាសស្ទឹងមានជ័យ ក្រឡាប់ផ្ងារជើង បណ្តាលឲ្យម្ចាស់រថយន្តរងរបួសធ្ងន់ ចំណែករថយន្តខូចខាតស្ទើរទាំងស្រុង។

ហេតុការណ៍នេះ កើតឡើងនៅម៉ោង១យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ ចំណុចលើស្ពានអាកាសស្ទឹងមានជ័យ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តមួយគ្រឿងពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AN-5082 ធ្វើដំណើរទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅរបាំងថ្មចែកទ្រូងផ្លូវពេញទំហឹង បណ្តាលរថយន្តក្រឡាប់ផ្ងាជើងឡើងលើ ម្ចាស់រថយន្តរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះ ដឹកយកទៅសង្គ្រោះភ្លាមៗ ចំណែករថយន្តបង្កខូចខាតស្ទើរទាំងស្រុង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់បានទំនាក់ទនង ទៅសមត្ថកិច្ចជំនាញមកធ្វើការវាស់វែង យករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញរង់ចាំ ដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕