(ភ្នំពេញ)៖ លោក គង់ គាំ អតីតប្រធានគណបក្ស សម រង្ស៉ី និងជាមនុស្សជំនិតរបស់ លោក សម រង្ស៉ី បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩នេះ លោកនឹងចូលបំភ្លឺជូនចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ​ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ ខាងមុខនេះ តាមការកំណត់ ដើម្បីបំភ្លឺជុំវិញសំណុំរឿងរបស់ លោក កឹម សុខា។

លោក គង់ គាំ បានបញ្ជាក់ថា ពាក់ព័ន្ធនឹងការចូលបំភ្លឺនេះ លោកមិនមានការរុញរា ដើម្បីផ្តល់ចម្លើយពិតក្នុងនាមសាក្សីជូនតុលាការនោះទេ ដើម្បីធ្វើយ៉ាងណាផ្តល់ភាពយុត្តិធម៌ដល់ជនរងគ្រោះ។ ទោះជាយ៉ាងនេះក្តី លោកមិនទាន់អាចបង្ហាញអំពីចម្លើយរបស់លោក ដែលនឹងប្រាប់ដល់ចៅក្រមស៊ើបសួរខាងមុខនេះនៅឡើយទេ។

សូមបញ្ជាក់ថា ចៅក្រមស៊ើបសួរ នៃសាសាដំបូងរាជធានីភ្នំពេញ លោក គី ឫទ្ធី នាថ្មីៗនេះ បានចេញដីកាបង្គាប់ឲ្យលោក គង់ គាំ ចូលខ្លួនមកបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៨៖៣០នាទីព្រឹក ជាន់ទី៤ បន្ទប់ «គ» ពាក់ព័ន្ធនឹងសំណុំរឿង «សន្ទិដ្ឋិភាពជាមួយបរទេស» របស់ លោក កឹម សុខា។

លោក កឹម សុខា ត្រូវបាន​ចោទ​ប្រកាន់​ពីបទ សន្ធិដ្ឋិភាព​ជាមួយ​បរទេស តាម​មាត្រា ៤៤៣នៃ​ក្រម​ព្រហ្មទណ្ឌ។ បទ​សន្ធិដ្ឋិភាព​ជាមួយ​បរទេស គឺជា​អំពើ​ត្រូវរ៉ូវ​គ្នា​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស ដើម្បី​បង្កើត​ឱ្យ​មាន​អំពើ​ប្រទូស្តរ៉ាយ ឬ​ឱ្យ​មាន​អំពើ​ឈ្លានពាន​ប្រឆាំង​នឹង​ព្រះ​រាជាណាចក្រ​កម្ពុជា។ បទល្មើស​នេះ ត្រូវជាប់​ពន្ធនាគារ​ពី ១៥ឆ្នាំ​ដល់៣០​ឆ្នាំ​។

លោកកឹម សុខា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន ​នៅ​ពាក់​កណ្តាល​អាធ្រាត្រ ឈានចូល​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ ព្រមទាំងបាន​បញ្ជូន​ទៅឃុំ​បណ្តោះ​អាសន្ន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​ត្បូងឃ្មុំ ​នៅថ្ងៃទី​៤ ខែ​កញ្ញា ឆ្នាំ​២០១៧ ប៉ុន្តែក្រោយមកក៏ត្រូវតុលាការដាក់ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន ក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ៕