(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវរួមគ្នាការពារឲ្យនូវសុខសន្តិភាពរបស់ជាតិដែលកំពុងមាន ដោយមិនត្រូវឲ្យមានការបែកបាក់ជាតិជាថ្មី ដោយសារតែអ្នកនយោបាយ ដែលយកប្រជាពលរដ្ឋធ្វើជាឈ្នាន់ ដើម្បីសម្រេចមហិច្ឆតារបស់ខ្លួនដោយមិនគិតពីជាតិនោះឡើយ។

ក្នុងពិធីអបអរសាទរខួប៤០ឆ្នាំនៃថ្ងៃផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត រំដោះជីវិត និងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋជាថ្មីនៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា គ្រោះមហន្តរាយរបស់កម្ពុជាកាលពីអតីតកាល គឺបានបានចាប់ផ្តើមពីរដ្ឋប្រហាររបស់ពួក លន់ នល់ រំលំរបបសង្គមរាស្ត្រនិយម នៅថ្ងៃ១៨ ខែ មីនា ឆ្នាំ១៩៧០ ដោយមានបរទេសបញ្ជាពីក្រោយ ដែលបានរុញទម្លាក់កម្ពុជាពីកោះសន្តិភាពទៅក្នុងភ្លើងសង្គ្រាមពេញទំហឹង។ សង្គ្រាមពីឆ្នាំ ១៩៧០ ដល់ ១៩៧៥ បានសម្លាប់ប្រជាជនកម្ពុជាជិត ១លាននាក់ និងបំផ្លាញរចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គមឱ្យវិនាសអន្តរាយយ៉ាងធ្ងន់ធ្ងរបំផុត។

សម្តេចនាយករដ្ឋមន្ត្រីដែលជាស្ថាបនិកសន្តិភាពនៅកម្ពុជា បានលើកឡើងទៀតថា ថ្ងៃ១៧ មេសា ឆ្នាំ ១៩៧៥ ថ្ងៃដែលរបបសាធារណរដ្ឋខ្មែរត្រូវបានផ្តួលរំលំ ប្រជាជនសង្ឃឹមថា នឹងបានរស់ក្នុងសន្តិភាព ហើយចាប់ផ្តើមស្តារជីវភាពរស់នៅរបស់ខ្លួនឡើងវិញ ក៏ប៉ុន្តែក្តីសង្ឃឹមនេះត្រូវបានបញ្ចប់ទាំងស្រុងតែក្នុងមួយប៉ព្រិចភ្នែកប៉ុណ្ណោះនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យរបស់ ប៉ុល ពត។

«សង្គមទាំងមូលបានទទួលរងនូវភាពក្រឡាប់ចាក់ ដែលគ្មានអ្នកណាឤចគិតស្មានដល់កម្ពុជាដ៏អភ័ព្វត្រូវបានប្រែក្លាយទៅជាគុកឥតជញ្ជាំង និងជាវាលពិឃាត ដែលក្រាលជោកជាំដោយឈាម និងទឹកភ្នែករបស់ប្រជាជន រចនាសម្ព័ន្ធសង្គមជាតិត្រូវបានបំផ្លាញខ្ទេចខ្ទីដល់ឫសគល់ សិទ្ធិសេរីភាពគ្រប់យ៉ាងរបស់ប្រជាពលរដ្ឋបានបាត់បង់ទាំងស្រុង ប្រជាជនជាង ៣លាននាក់ ត្រូវបានសម្លាប់យ៉ាងអយុត្តិធម៌បំផុត ឯអ្នកនៅសេសសល់ក៏ត្រូវរស់ក្នុងភាពភិតភ័យតក្កមាមិនដឹងថា ពេលណាដល់វេនខ្លួនត្រូវគេយកទៅសម្លាប់។ ប្រជាជនកម្ពុជាទាំងអស់គ្នានាគ្រានោះ មានតែការបន់ស្រន់ដល់ទេវតា វត្ថុស័ក្តិសិទ្ធិ អ្នកមានបុណ្យបារមី និងកម្លាំងស្នេហាយុត្តិធម៌លើពិភពលោកសូមមកជួយសង្គ្រោះឱ្យរួចផុតពីឋាននរកអវចីនេះ»។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់។

ក្រៅពីការរំលឹកប្រវត្តិនៃការបែកបាក់របស់ជាតិពីអតីតកាលហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកពីចលនាតស៊ូរបស់សម្តេច និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា រួមជាមួយចលនាតស៊ូដទៃទៀតចាប់ពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៩ រហូតដល់ទទួលបានជ័យជម្នះនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ជ័យជម្នះ ៧ មករា បានសង្គ្រោះទាន់ពេលវេលានូវឤយុជីវិតប្រជាជនកម្ពុជារាប់លាននាក់ និងបានផ្តល់ឱកាសឲ្យកម្ពុជាបានស្រោចស្រង់ និងស្តាឡើងវិញ ហើយបានអភិវឌ្ឍន៍ខ្លួនក្នុងស្ថានភាពដ៏លំបាកឲ្យមានវឌ្ឍនភាពដូចពេលបច្ចុប្បន្ន។

កម្ពុជានាពេលបច្ចុប្បន្នត្រូវបានគេមើលឃើញថា កំពុងតែធ្វើដំណើរនៅលើផ្លូវដ៏ល្អប្រសើរមានទាំងសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍ។ តែទោះជាយ៉ាងណា ក៏នៅមានញ៉ាំញីដោយបញ្ហានយោបាយ ដែលបង្កឡើងដោយក្រុមអ្នកមាននិន្នាការប្រឆាំង ដោយធ្វើសកម្មភាពញុះញង់ប្រជាពលរដ្ឋឲ្យប្រឆាំងរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជានាពេលបច្ចុប្បន្ន។

សម្តេចតេជោ ហ៊ុន សែន បានទទួលស្គាល់ថា ភាពកក់ក្តៅសុខដុមរមនារបស់សង្គមជាតិកើតចេញពីទឹកចិត្តយោគយល់ និងការចេះអធ្យាស្រ័យអត់ឱនឲ្យគ្នាទៅវិញទៅមករវាងគ្រប់និន្នាការ និងការហ៊ានទទួលយកការរិះគន់ដើម្បីស្ថាបនា ប៉ុន្តែក៏ត្រូវមានការប្រុងប្រយ័ត្នចំពោះអ្នកនយោបាយមិនគិតពីជាតិ ព្រោះអាចនាំឲ្យមានការបែកបាក់ជាថ្មី។

«ភាពកក់ក្តៅសុខដុមរមនា និងការរីកចម្រើននៃសង្គមជាតិកើតចេញពីទឹកចិត្តយោគយល់ និងការចេះអធ្យាស្រ័យអត់ឱនឱ្យគ្នាទៅវិញទៅមករវាងគ្រប់និន្នាការ ពីការចេះធ្វើការងារ និងការហ៊ានទទួលយកការរិះគន់ដើម្បីស្ថាបនា និងពីការគោរពប្រតិបត្តិច្បាប់ទាំងអស់គ្នា ។ ប៉ុន្តែមានប្រវត្តិសាស្ត្រមួយដែលយើងមិនឤចឱ្យកើតមានសាដានឡើងវិញបានទេ នោះគឺការបែកបាក់ជាតិមានប្រភពពីមហិច្ឆតារបស់អ្នកនយោបាយ ដែលយកប្រជាជនធ្វើជាឧបករណ៍ដើម្បីសម្រេចផលប្រយោជន៍ផ្ទាល់របស់ខ្លួន ដោយពុំគិតដល់ជោគវាសនារបស់ជាតិ»។ សម្តេចប្រមុខគណបក្សប្រជាជនកម្ពុជា បានគូសបញ្ជាក់៕