(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចដោយបដិសេធពាក្យស្នើសុំរបស់ក្រុមមេធាវីការពារសិទ្ធិរបស់លោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលបានដាក់ពាក្យស្នើសុំទៅកាន់តុលាការដើម្បីទម្លាក់បទចោទប្រកាន់លើលោក កឹម សុខា នេះបើយោងតាមសេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៩នេះ។

នៅក្នុងសេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញបានសរសេរថា៖ «បដិសេធពាក្យស្នើសុំ ចុះថ្ងៃព្រហស្បត្តិ៍ ៥រោច ខែមិគសិរ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ របស់សហមេធាវីការពារសិទ្ធិឲ្យជនត្រូវចោទឈ្មោះ កឹម សុខា»

ដីកាសម្រេចរបស់តុលាការក៏បានបង្ហាញថា សំណុំរឿងលោក កឹម សុខា ស្ថិតនៅក្នុងដំណាក់កាលស៊ើបសួរ ចៅក្រមស៊ើបសួរត្រូវចាត់និតិវិធី ដើម្បីស្រាវជ្រាវប្រមូលភស្តុតាងឲ្យបានពេញលេញ និងគ្រប់គ្រាន់ស្របតាមក្រមនីតិវិធីព្រហ្មទណ្ឌជាធរមាន ហើយបានបញ្ជាក់ថា សំណុំរឿងលោក កឹម សុខា កំពុងដំណើរការទៅមុខ ដើម្បីប្រមូលភស្តុតាងបន្ថែម។

លោក អ៉ី រិន អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៩នេះថា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ក៏បានបដិសេធរាល់ការស្នើសុំលុបបទចោទប្រកាន់លើលោក កឹម សុខា ពីសំណាក់មេធាវីរបស់លោក កឹម សុខា។

ក្រុម​មេធាវីរបស់លោក កឹម សុខា បានដាក់​សំណើ​ជាថ្មីទៅកាន់​ចៅក្រម​ស៊ើបសួរ​ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សុំ​ឲ្យ​ទម្លាក់​បទ​ចោទ​ចេញពី​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨កន្លងទៅ៕