(ព្រះសីហនុ)៖ ជនជាតិចិនម្នាក់ បានដួលផ្កាប់មុខស្លាប់ នៅចំណុចទ្រូងផ្លូវ២ធ្នូ​ ទល់មុខដំណាក់ស្តេច​ ក្នុងក្រុម៣០ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ហើយត្រូវបានរថយន្តគ្លីនិក៨៨៨ មកដឹកយកទៅសង្រ្គោះនៅគ្លីនិក​មិត្តភាព ប៉ុន្តែជនរងគ្រោះ បានស្លាប់នៅលើរថយន្តសង្គ្រោះតែម្តង។ ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង០២៖០០នាទី យប់រំលងអាធ្រាត្រ ថ្ងៃទី​០៣ ខែមករា​ ឆ្នាំ២០១៩។

បើតាមការពិនិត្យរបស់សមត្ថកិច្ចជំនាញ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ZHU YONGAN ឆ្នាំកំណើត ២៨ ធ្នូ ១៩៨៣ កាន់លិខិតឆ្លងដែនលេខ ED6906046 មានសុពលភាព ២ កក្កដា ២០២៨ មុខរបរកម្មករជាងឈើ នៅបុរីគុជអាស៊ី ក្នុងសង្កាត់៣ ក្រុងព្រះសីហនុ។

សមត្ថកិច្ចដដែល បានបញ្ជាក់ថា តាមការសន្និដ្ឋាន សាកសពស្លាប់ដោយសារការប៉ះទង្កិចចំក្បាលធ្ងន់ធ្ងរ។ បច្ចុប្បន្នសាកសពបានយកទៅតម្កល់ទុក នៅមន្ទីរពេទ្យបង្អែកខេត្ត រង់ចាំការសម្រេចពីស្ថានទូត៕