(ភ្នំពេញ)៖ លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានចេញសេចក្តីជូនដំណឹង ហាមមន្ត្រីរបស់ខ្លួនប្រើប្រាស់យានជំនិះ ដែលពាក់ស្លាកលេខរដ្ឋ ក្រៅពីម៉ោងដែលខ្លួនបំពេញការងារ ជាពិសេសកន្លែងសប្បាយគ្រប់ប្រភេទ រួមមានក្លឹបកម្សាន្ត កន្លែងខារ៉ាអូខេ កន្លែងម៉ាស្សាជាដើម។

យោងតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩នេះ បានឲ្យដឹងថា ក្នុងគោលបំណងដើម្បីធានាប្រសិទ្ធភាព ក្នុងការគ្រប់គ្រងទ្រព្យ សម្បត្តិរដ្ឋ និងសេចក្តីថ្លៃថ្នូររបស់ស្ថាប័នរដ្ឋ និងមន្ត្រីរាជការសាធារណៈ ក្រសួងអភិវឌ្ឍន៍ជនបទ សូមណែនាំ ដល់មន្ត្រីដែលប្រើប្រាស់ទោចក្រយានយន្ត និងយានយន្តរបស់ក្រសួង ចំនួន៣ចំណុច ដូចខាងក្រោម៖

*១៖ ត្រូវប្រើប្រាស់ទោចក្រយានយន្ត និងយានយន្ត ពាក់ស្លាកលេខរដ្ឋឲ្យបានត្រឹមត្រូវ បើកបរប្រកបដោយសេចក្តីថ្លៃថ្នូរ និងគោរពច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានត្រឹមត្រូវ។

*២៖ មិនត្រូវប្រើប្រាស់ទោចក្រយានយន្ត និងយានយន្ត ដែលពាក់ស្លាកលេខរដ្ឋ ក្រៅពីម៉ោងដែលខ្លួនបំពេញការងារឡើយ ជាពិសេសកន្លែងសប្បាយគ្រប់ប្រភេទ រួមមានក្លឹបកម្សាន្ត កន្លែងខារ៉ាអូខេ កន្លែងម៉ាស្សាជាដើម។

*៣៖ មិនត្រូវអនុញ្ញាតឲ្យអ្នកដទៃ ប្រើប្រាស់ទោចក្រយានយន្ត និងយានយន្ត ដែលមានស្លាកលេខរដ្ឋ ក្នុងគោលបំណងផ្សេង ដែលមិនពាក់ព័ន្ធទៅនឹងការបំពេញភារកិច្ចរបស់ខ្លួនឡើយ៕

សូមអានខ្លឹមសារល​ម្អិត នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួង៖