(ភ្នំពេញ)៖ កម្លាំងជំនាញការិយាល័យប្រឆាំង បទល្មើសកម្មសិទ្ធិបញ្ញា នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ បានសហការជាមួយមន្ត្រីជំនាញ នៃមជ្ឈមណ្ឌលជាតិ លើកកម្ពស់សុខភាពក្រសួងសុខាភិបាល និងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច រាជធានីភ្នំពេញ ព្រមទាំងអាជ្ញាធរមូលដ្ឋាន ក្រោមការសម្របសម្រួលនីតិវិធីពី លោក លី សុផាណា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យ ក្រុមហ៊ុន វីនីតុន គ្រុប ចំកាត់ ស្ថិតក្នុងដីឡូត៍គ្មានលេខ ផ្លូវ១០៥K សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ពាក់ព័ន្ធករណីធ្វើការផលិតវេចខ្ចប់ បារីម៉ាក LUXURY ក្នុងមួយកញ្ចប់១០ដើម និងវេចខ្ចប់បារីជាច្រើនប្រភេទទៀត ពុំអនុលោមត្រឹមត្រូវទៅតាមច្បាប់ជាធរមាន ព្រមទាំងធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់ ផ្ទុយទៅនឹងច្បាប់ ដោយមិនគោរពតាមកិច្ចសន្យា ដែលបានធ្វើកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨។

សមត្ថកិច្ចចម្រុះ បានធ្វើការត្រួតពិនិត្យ ទៅលើទីតាំងជាឃ្លាំង និងរោងពុម្ព នៃរោងចក្ររបស់ក្រុមហ៊ុនខាងលើ នៅចំពោះមុខសមត្ថកិច្ចចម្រុះ និងអាជ្ញាធរមូលដ្ឋាន ដោយបានរកឃើញនូវសម្ភារ រួមមាន៖ សំបកបារីម៉ាក LUXURY (ក្នុងមួយកញ្ចប់ ១០ដើម) ដែលពុំអនុលោមតាមច្បាប់ ចំនួន ២៦កេស (ក្នុង១កេស មាន ១០០,០០០សន្លឹក) ស្មើ២,៦០០,០០០សន្លឹក និង សម្ភារប្រើប្រាស់ដែលមានម៉ាកសញ្ញា LUXURY, Angkor, Cocopalm សម្រាប់បំរើឲ្យការងារផ្សាយពាណិជ្ជកម្ម របស់ក្រុនហ៊ុន វីនីតុន គ្រុប ចំកាត់ មានដូចជា៖ ក្រម៉ា, ចានស្រាក់, ច្រាស់ដុសធ្មេញ, មុង, អាវយឺត, ថង់យួរដៃ, ឆ័ត្រ, ដែកកេះ, កូនកន្សែង, ប្រតិទិនឆ្នាំ២០១៩, កង់ និងសម្ភារជាច្រើនទៀត រំលោភច្បាប់ស្តីពី គ្រប់គ្រងថ្នាំជក់។

បន្ទាប់ពីបានត្រួតពិនិត្យចប់សព្វគ្រប់ សមត្ថកិច្ចចម្រុះបានសម្រេច បិទឃ្លាំងចំនួន១ ដើម្បីរក្សាទុកនូវសម្ភារដែលបានរកឃើញខាងលើ ជាបណ្តោះអាសន្ន ដើម្បីធ្វើការពិនិត្យ ស្រាវជ្រាវបន្តទៀត ដោយដាក់ឲ្យស្ថិតក្រោម ការទទួលខុសត្រូវរបស់រោងចក្រ និងតម្រូវឲ្យអ្នកតំណាង ដែលជាអគ្គនាយករងក្រុមហ៊ុនទទួលបន្ទុកទីផ្សារ ឈ្មោះ LI GUANG ZHONG ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិចិន សញ្ជាតិចិន ចូលខ្លួនមកបំភ្លឺ នៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីបន្តនីតិវិធី។

គួរបញ្ជាក់ថា ប្រតិបត្តិការនេះជាលើកទី២ហើយ បន្ទាប់ពីក្រុមហ៊ុនបារី វីនីតុន មិនគោរពតាមកិច្ចសន្យា ដែលបានធ្វើកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨៕