(កំពង់ស្ពឺ)៖ ករណីអគ្គិភ័យដែលបានកើតឡើងនៅរោងចក្រផលិតអង្ករ «ហ្គោល ឌិនរ៉ាយ» ដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥១ ភូមិតាឡក ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បានបណ្តាលឱ្យមនុស្ស២នាក់ស្លាប់ និងឆេះរថយន្តមួយគ្រឿង ព្រមទាំងសម្ភារមួយចំនួនផងដែរ។

បើតាមសេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News ប្រចាំខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ចំពោះករណីដែលបណ្តាលឱ្យមានអគ្គិភ័យឆាប់ឆេះរោងចក្រផលិតអង្ករ «ហ្គោល ឌិនរ៉ាយ» នេះ មិនទាន់ដឹងមូលហេតុនៅឡើយទេ។ ដោយឡែកជនរងគ្រោះទាំង២នាក់ ដែលស្លាប់នៅក្នុងអណ្តាតភ្លើងសមត្ថកិច្ចមិនទាន់បញ្ជាក់ពីអត្ថសញ្ញាណនៅឡើយដែរ។

ក្នុងករណីពន្លត់អគ្គិភ័យខាងលើនេះ សមត្ថកិច្ចបានប្រើប្រាស់ឡានទឹកអស់ចំនួន៥គ្រឿង, ឡានទឹករបស់ស្នងការខេត្តកំពង់ស្ពឺ ចំនួន៤គ្រឿង និងឡានទឹករបស់ស្នងការខេត្តកំពង់ឆ្នាំង ចំនួន១គ្រឿង។

សូមជម្រាបថា រោងចក្រផលិតអង្ករ​ «ហ្គោល ឌិនរ៉ាយ» ជារោងចក្រសម្ងួតស្រូវមួយយ៉ាងធំ ហើយកាលពីឆ្នាំ២០១៧កន្លងទៅ ក៏ធ្លាប់កើតមានគ្រោះអគ្គិភ័យនេះម្ដងរួចមកហើយ៕​