(ភ្នំពេញ)៖ ទីបំផុត ! នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨នេះ ក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការកំពូល បានប្រកាសសាលដីកាសម្រេចតម្កល់សាលក្រម និងសាលដីការបស់សាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍ ដែលបានកាត់ទោសផាកពិន័យលោក សម រង្ស៉ី ចំនួន១០លានរៀល និងបង្គាប់ឱ្យទណ្ឌិតនេះ សងជំងឺចិត្តជូន សម្តេចតេជោ ហ៊ុន សែន ចំនួន៤០០០លានរៀល (ប្រហែល១លានដុល្លារសហរដ្ឋអាមេរិក) ចំពោះបទបរិហារកេរ្តិ៍លើសម្តេចតេជោ ហ៊ុន សែន។

លោក គី តិច មេធាវីការពារក្តីសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ក្នុងសាលដីកានេះ បានសម្រេចដូចតទៅ៖

១៖ បដិសេធបណ្តឹងសាទុក្ខ របស់មេធាវីការពារសិទ្ធិឲ្យជនជាប់ចោទឈ្មោះសម រង្សី ដោយទាស់នឹងគតិច្បាប់ ។
២៖ តម្កល់សេចក្តីសម្រេច ក្នុងសាលដីការបស់សាលាឧទ្ធរណ៏ ទុកជាបានការពេញទាំងមូល ។
៣៖ សាលដីកានេះ ត្រូវបានប្រកាស ជាសាធារណ: នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨។

ការប្រកាសសាលដីកានេះ បានធ្វើឡើងបន្ទាប់ពីសាលាកំពូល បានជំនុំជម្រះលើបណ្តឹងសារទុក្ខរបស់ មេធាវីលោក សម រង្ស៉ី ដែលបានប្តឹងជំទាស់ ចំពោះការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍ក​ន្លងមក។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោស លោក សម រង្ស៉ី ដោយផាកពិន័យប្រាក់ចំនួន ១០លានរៀល និងបង្គាប់ឱ្យសងជំងឺចិត្តជូនដើមបណ្តឹង គឺសម្តេចតេជោ ហ៊ុន សែន ចំនួន៤ពាន់លានរៀល ក្នុងសំណុំរឿងបទបរិហាកេរ្តិ៍មួយនេះ។

កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨ សាលាឧទ្ធរណ៍ ក៏បានសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការណ៍ ដោយសម្រេចផាកពិន័យប្រាក់ចំនួន ១០លានរៀល និងបង្គាប់ឱ្យ លោក សម​ រង្ស៉ី សងជំងឺចិត្តជូនសម្តេចតេជោ ហ៊ុន សែន ចំនួន៤ពាន់លានរៀលផងដែរ។

សំណុំរឿងបរិហារកេរ្តិ៍មួយនេះ បានកើតឡើងបន្ទាប់ពី លោក​សម រង្ស៊ី នៅក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​សកម្មជន​នៅ​ប្រទេស​បារាំង កាលពី​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៧ បានចោទប្រកាន់ សម្តេចតេជោ ​ហ៊ុន សែន ថា​បាន​យក​លុយ​ទៅ​សូកប៉ាន់​ កញ្ញា​ធី សុវណ្ណ​ថា រហូតដល់​១​លាន​ដុល្លារ ដើម្បី​ឱ្យ​នាង​ធ្វើ​បាតុកម្ម​ប្រឆាំង​គណបក្ស​សង្គ្រោះ​ជាតិ៕