(កំពត)៖ កម្លាំងនគរបាលជំនាញប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពត សហការជាមួយកម្លាំងនាយកដ្ឋានសន្ដិសុខផ្ទៃក្នុង បានបើកប្រតិបត្តិការបង្ក្រាបគ្រឿងញៀនមួយករណី ដកហូតបានថ្នាំសរុបជាង២,០០០គ្រាប់ ដែលផ្ញើមកពីក្រៅប្រទេស នៅចំណុចសាខាប្រៃសណីយ៍ ស្ថិតក្នុងភូមិ១ឧសភា សង្កាត់កំពង់កណ្ដាល ក្រុងកំពត។

ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានថ្លែងប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨នេះថា ប្រតិបត្តិការបង្ក្រាបគ្រឿងញៀន ដែលផ្ញើមកពីក្រៅប្រទេសនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី១៨ ខែធ្នូ ក្រោមការបញ្ជាពី​នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ជាលទ្ធផល កម្លាំងនគរបាលជំនាញ ឃាត់ខ្លួនជនសង្ស័យបានចំនួន​០៣​នាក់ ស្រីចំនួន​០២​នាក់ (ក្នុងនោះជនបរទេស​០២​នាក់​) និងដកហូតថ្នាំញៀនអ៊ិចស្ត្រាស៊ីល ចំនួន​១,៥០៣​គ្រាប់ និងទឹកថ្នាំ​សង្ស័យជាសារធាតុញៀនប្រភេទមេតំហ្វេតតាមីន ចំនួន​០១​កញ្ចប់ធំ។

ជនសង្ស័យទី១៖ឈ្មោះ TASDELEN ONDER ភេទប្រុស អាយុ៣៧ឆ្នាំ, ទី២៖​ឈ្មោះ ANJERLA ORIBJANOVNA ​ភេទស្រី អាយុ២៩ឆ្នាំ និងទី៣៖​ឈ្មោះ មុំ សុភា ភេទស្រី អាយុ​២៨​ឆ្នាំ នៅភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត​។

លោកស្នងការ បានបញ្ជាក់ទៀតថា បន្ទាប់ពីឃាត់ខ្លួនសមត្ថកិច្ចបានបន្តទៅឆែកឆេរនៅហាង FIREFLY ​ក្នុងភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ដកហូតបានថ្នាំញៀនមេតំហ្វេតាមីនចំនួន​៥០០​គ្រាប់បន្ថែម​ទៀត រួមនឹងថ្នាំសង្ស័យជាសារធាតុញៀនចំនួន​១៨០​គ្រាប់ និងម៉ាទឹកកកទម្ងន់ចំនួន​២៦៤,៨៦​ក្រាម។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ កំពុងស្ថិតក្រោមការសួរនាំរបស់កម្លាំងសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីចាត់ការបន្ដតាមនីតិវិធី៕​