(ភ្នំពេញ)៖ កម្លាំងនគរបាលផ្នែកសន្តិសុខផ្ទៃក្នុង សហកាជាមួយកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ២ នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ បានចាប់ខ្លួនមេក្លោងជួញដូរគ្រឿងញៀនដ៏សកម្មម្នាក់ ដែលកម្មកររោងចក្រ និងរឹបអូសថ្នាំម៉ាទឹកកកជាច្រើន៦កញ្ចប់ធំ ព្រមទាំងឧបករណ៍ជក់មួយចំនួន និងម៉ូតូ១គ្រឿងផងដែរ។

ប្រតិបត្តិការនេះ បានធ្វើឡើងនៅវេលា១១៖៣០នាទី យប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចផ្លូវបេតុង ភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោមការបញ្ជាផ្ទាល់ពីលោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន ខាងលើមានឈ្មោះ សម្បត្តិ បូរ៉ា អាយុ៣១ឆ្នាំ មុខរបរកម្មកររោងចក្រ បានឆ្លើយសារភាពថាថ្នាំញៀនទាំងអស់នេះ ពិតជារបស់ខ្លួនពិតប្រាកដមែន និងដកហូតម៉ូតូចំនួនគ្រឿងម៉ាក ហុងដា SL ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 1BJ-5287 ដែលជារបស់ជនសង្ស័យ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចនាំខ្លួន ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕