(ភ្នំពេញ)៖ ក្នុងប្រតិបត្ដិការជាប្រចាំពេញមួយឆ្នាំ២០១៨នេះ កាកបាទក្រហមកម្ពុជា បានផ្ដល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋដោយផ្ទាល់ និងដោយប្រយោលសរុបប្រមាណ ១៣៨,៩៣៧គ្រួសារ និងសេវាកម្មមនុស្សធម៌ផ្សេងៗទៀត ជាង១០ម៉ឺនគ្រួសារ។ នេះបើយោងតាមរបាយការណ៍សកម្មភាពការងារឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩ របស់កាកបាទក្រហមកម្ពុជា បង្ហាញនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការកណ្ដាល នៅស្នាក់កណ្ដាលកាកបាទក្រហមកម្ពុជា នៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨នេះ ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងនូវការកោតសរសើរចំពោះ​ ថ្នាក់ដឹកនាំ​ មន្ត្រីប្រតិបត្តិ​ អ្នកស្ម័គ្រចិត្ត​ និងយុវជនកាកបាទក្រហមកម្ពុជា​ទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចយ៉ាងខ្ជាប់ខ្ជួន ​ក្នុងការជួយសម្រាលការលំបាកដល់ជនរងគ្រោះ​ និងងាយរងគ្រោះ​ ឲ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធិភាពខ្ពស់​ ទៅតាមផែនការប្រចាំឆ្នាំដែលបានកំណត់​ និងក្នុងកិច្ចការងារក្រៅអាទិភាព​ជាច្រើនទៀត។

លើសពីនោះសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ក៏បានលើកទឹកចិត្ដ ជាពិសេស ចំពោះសកម្មភាពរបស់យុវជនទូទាំងប្រទេស ក្នុងនាមជាយុវជនរបស់កាកបាទក្រហមកម្ពុជា ក៏ដូចជាអ្នកស្ម័គ្រចិត្ដ ត្រូវបន្ដខិតខំប្រឹងប្រែងពង្រឹង និងពង្រីកសមត្ថភាព ធ្វើជាយុវជនគំរូ និងនាំមុខ ក្នុងវិស័យអប់រំ ពិសេសនៅក្នុងថ្នាក់រៀនរបស់ខ្លួន។

ទន្ទឹមនឹងនោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនជាតិ​-អន្តរជាតិ ​ដែលបានផ្តល់នូវថវិកា និងសម្ភារ ជូនដល់កាកបាទក្រហមកម្ពុជា​ ក្នុងទិវា​ពិភពលោកកាកបាទក្រហម​ អឌ្ឍចន្ទក្រហម​ ៨ឧសភា​ ជារៀងរាល់ឆ្នាំ​ និងក្នុងឱកាសផ្សេងៗកន្លងមកនេះ​ ។

ជាងនេះទៅទៀត សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ក៏បានថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចព្រះមហាក្សត្រី​ នរោត្តម​ មុនិនាថ​ សីហនុ​ ព្រះវររាជមាតាជាតិខ្មែរ​ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា​ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលតែងតែប្រោសព្រះរាជទាន ព្រះរាជទ្រព្យ ដើម្បីទ្រទ្រង់ សកម្មភាពមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា សម្រាប់ជួយសង្គ្រោះ ប្រជារាស្ត្រ កម្ពុជាក្រីក្រ ទទួលរងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗ។

សូមជម្រាបថា ក្រោមការដឹកនាំដ៏ប្រកបដោយគិតបណ្ឌិតរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកកម្ពុជា បានណែនាំតម្រង់ទិស ការងារនៃវិស័យទាំងបួន តាមយុទ្ធសាស្ដ្រ២០១១-២០២០ របស់កាកបាទក្រហមកម្ពុជា ស្របតាមគោលនយោបាយជាតិ ឲ្យប្រតិបត្ដិការទៅយ៉ាងរលូន និងមានប្រសិទ្ធិភាព ។

ជាក់ស្ដែងនៅឆ្នាំ២០១៨ ជាឆ្នាំដែលកម្ពុជា បន្ដការអភិវឌ្ឍលើកគ្រប់វិស័យ នៃប្រទេសជាតិទាំងមូល ក្រោមពាក្យស្លោក «សន្ដិភាព ជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ»។ កាកបាទក្រហមកម្ពុជា ក្នុងតួនាទីជាជំនួយការ ឲ្យអាជ្ញាធរសាធារណ និងជាស្ថាប័ននាំមុខគេ ក្នុងវិស័យមនុស្សធម៌ នៅតែខិតខំពង្រឹង និងពង្រីកវិសាលភាពទូទាំងប្រទេស ។

ឆ្នាំនេះបើទោះបីជាកម្ពុជា មានគ្រោះទឹកជំនន់ដោយទឹកភ្លៀង ទឹកទន្លេមេគង្គស្ទើរទូទាំងប្រទេស និងរងផលប៉ះពាល់ ពីការបាក់ទំនប់ វារីអគ្គិសនីពីប្រទេសឡាវក៏ដោយ ក៏កាកបាទក្រហមកម្ពុជា នៅតែបន្ដប្រឹងប្រែង អនុវត្ដឆ្ពោះទៅតាមទស្សនវិស័យ «ចូលរួមកាត់បន្ថយភាពក្រីក្រ» ជាមួយរាជរដ្ឋាភិបាល ដោយក្ដោបការទុកយកចិត្ដទុកដាក់ លើការងារ ឆ្លើយតបចំពោះគ្រោះមហន្ដរាយ ដែលបង្កដោយធម្មជាតិ និងមនុស្ស ការថែទាំសុខភាពក្នុងសហគមន៍ ព្រមជាមួយការលើកកម្ពស់ ការងារសុខុមាលភាពសង្គម ដែលជាបញ្ហាប្រឈម សម្រាប់ប្រជាជនកម្ពុជាទាំងមូល ៕