(ភ្នំពេញ)៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨នេះ បានចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​អង្គការ APOPO ​លើ​គំរោង​សមាហរណកម្ម​កណ្តុរ​ហិត​មីន ​និងការបោស​សម្អាតមីន ដែលមានថវិកា​គាំទ្រ​ចំនួន១៩៧,៧៨៦.៥៩​ដុល្លា​រ​អាមេរិក។

លោក ហេង រតនា បញ្ជាក់ថា គម្រោង​នេះ​មានរយ:ពេល១២ខែ ​ចាប់អនុវត្តន៍ពីថ្ងៃទី​០១​ ខែ​មករា​ ឆ្នាំ២០១៩​ ដល់ថ្ងៃទី​៣១​ ខែ​ធ្នូ​ ឆ្នាំ​២០១៩​ ​ដោយប្រតិបតិ្តការបោសសំអាតតំបន់ចំការមីន ស្ថិតនៅខេត្តសៀមរាប។

ស៊ីម៉ាក់ជាអង្គភាពប្រតិបត្តិការដោះមីនរបស់ជាតិ ដែលមានគ្រឿងចក្រគ្រប់គ្រាន់ ប្រកបដោយប្រសិទ្ធភាព ហើយទន្ទឹមនឹងនេះស៊ីម៉ាក់ក៏មានការបោសសំអាតមីនដោយប្រើសុនខ (ឆ្កែ) ផងដែរ។ នៅឆ្នាំ២០១៤ ស៊ីម៉ាក់ជាមួយនឹងអង្គការ APOPO បាននាំយកនូវកណ្តុលហិតមីន មកធ្វើការសាកល្បងដើម្បីធ្វើតេស្ត និងហ្វឹកហ្វឺនគាំទ្រដល់ការបោសសំអាតមីន បន្ថែមលើការងារសុនខហិតមីន។ ដោយឆ្លងកាត់ការហ្វឹកហ្វឺន និងធ្វើតេស្តរយៈពេល២ឆ្នាំ ស៊ីម៉ាក់បានដាក់កណ្តុរនេះ ទៅកាន់ចំការមីនជាក់លាក់ហើយទទួលលទ្ធផលល្អ ទើបមានការសហការបន្តទៀតនៅពេលនេះ។

សូមជម្រាបថា ស៊ីម៉ាក់មានផែនការ សម្រាប់ឆ្នាំ២០១៩​ គ្រោងរំដោះផ្ទៃដីមានបញ្ហាគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមឲ្យបានចំនួន១១៦គីឡូម៉ែត្រក្រឡា​ ជាមួយសកម្មភាពអប់រំ​ ការស្រាវជ្រាវតំបន់គំរាមកំហែង​ និងការជួយសង្គ្រោះជនពិការដោយសារមីន​ ដែលនឹងពង្រាយកំលាំងប្រតិបតិ្តការប្រមាណ១,៧០០​នាក់​ សុនខ​ ៦៨ក្បាល​ គ្រឿងចក្រកំទេចមីនចំនួន៤៥គ្រឿង​ និងកំលាំងអន្តរាគមន៍​ បណ្តាញសគ្រ័ចិត្តជាង២,៥០០នាក់។

ដើម្បីសំរេចគោលដៅផែនការនេះ​ អង្គភាពស៊ីម៉ាក់ត្រូវអនុវត្តគំរោងនានាចំនួន២៩គំរោង​ គិតជាថវិកាចំនួនជាង១៦លានដុល្លា​រអាមេរិក​ ហើយគិតមកត្រឹមថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ អង្គភាពមានគំរោងមួយចំនួនបានទទួលការអនុមត័រួចហើយ​ ដែលមានថវិកាសរុបប្រមាណ១២លានដុល្លារ​ គំរោងនៅសល់ស្ថិតក្នុងដំណាក់កាលចរចារ ដើម្បីទទួលបានការឯកភាព៕