(ភ្នំពេញ)៖ ក្រុមហ៊ុន Cellcard មានមោទនភាពក្នុងការទទួលពាន ជាក្រុមហ៊ុនប្រតិបត្តិការដ៏ទុកចិត្តបំផុតប្រចាំឆ្នាំ២០១៨ (Cambodia’s Most Reliable Telecom Operator 2018 Award) ពី International Data Group (IDG) ASEAN នៅក្នុងកម្មវិធីពានរង្វាន់ប្រចាំឆ្នាំ Cambodia Telecom & FinTech Awards។

កម្មវិធីប្រគល់ពាន់រង្វាន់នេះ ធ្វើឡើងនៅឯសណ្ឋាគារ The Great Duke រាជធានីភ្នំពេញ ដែលមានអ្នកចូលរួមជាកិតិ្តយសជាង១០០នាក់ មកពីស្ថាប័នទូរគមនាគមន៍ សេដ្ឋចកិច្ច អេឡិចត្រូនិច (Telecoms and FinTech) និងរដ្ឋាភិបាល នារាត្រីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨។

កម្មវិធីនេះ រាប់បញ្ចូលទាំងការប្រគល់ពានរង្វាន់ជាផ្លូវការ និងការធ្វើបទបង្ហាញ ពីការស្រាវជ្រាវលើទីផ្សារនៃបច្ចេកវិទ្យា 4G សេវាអ៊ីនធើណេត និងសេដ្ឋកិច្ចផ្នែកអេឡិចត្រូនិច ជាមួយអ្នកឆ្លើយសំណួរ ជាង៤ម៉ឺននាក់។ ជាង ៦០% នៃការសិក្សា ត្រូវបានធ្វើឡើងតាមរយៈអនឡាញ និង៤០% ធ្វើឡើងតាមរយៈការសម្ភាសន៍ផ្ទាល់មាត់ នៅក្រុងធំៗចំនួន៥ ដូចជា៖ ភ្នំពេញ បាត់ដំបង ព្រៃវែង សៀមរាប និងព្រះសីហនុ។

នាយកប្រតិបត្តិក្រុមហ៊ុនរបស់ Cellcard លោក អៀន វ៉ាតសុន (Ian Watson) បានថ្លែងថា លទ្ធផលនៃការសិក្សាបង្ហាញ ពីការកើនឡើងយ៉ាងរហ័ស ពីភាពពេញចិត្តរបស់អតិថិជន និងការគិតរបស់ពួកគេ លើបណ្តាញសេវាទំនាក់ទំនងនៅគ្រប់វិស័យ។

លោក អៀន វ៉ាតសុន បន្តថា «ការសិក្សាស្រាវជ្រាវនេះ ត្រូវបានធ្វើឡើងពីខែកក្កដា ដល់ខែវិច្ឆិកា ឆ្នាំ២០១៨ អំឡុងពេលដ៏អស្ចារ្យរបស់ Cellcard ដែលបានទទួលស្គាល់ទូទាំងតំបន់ និងសកលលោកលើគុណភាព និងល្បឿនបច្ចេកវិទ្យា 4Gរបស់យើង»។

«ជាក់ស្តែង នៅឆ្នាំ២០១៨ ជាឆ្នាំដែលក្រុមហ៊ុន Cellcard បានទទួលពានរង្វាន់ លើចក្ខុវិស័យក្នុងការក្លាយជាអ្នកដឹកនាំ ក្នុងការបង្កើតថ្មី និងសម្រាប់អតិថិជន ហើយយើងសូមអរគុណដល់ប្រជាជនកម្ពុជា ក្នុងការជឿទុកចិត្តលើក្រុមហ៊ុន Cellcard»។ នេះជាការគូសបញ្ជាក់បន្ថែម ពីនាយកប្រតិបត្តិក្រុមហ៊ុនរបស់ Cellcard៕