(ភ្នំពេញ)៖ សាកលវិទ្យាល័យ ​ឯកទេស នៃកម្ពុជា (CUS) បានរៀបចំកិច្ចប្រជុំ​ផ្សព្វផ្សាយ ពង្រឹងការអនុវត្តតួនាទី និងភារកិច្ចសាស្រ្តាចារ្យ សំដៅពង្រឹង គុណភាពសិក្សា ស្រាវជ្រាវ សមត្ថភាពវិជ្ជាជីវៈ និងបុគ្គលិកលក្ខណល្អប្រពៃ​របស់ខ្លួនបន្ថែមទៀត ដោយមានគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ នៅទីតាំងគោលរាជធានីភ្នំពេញ ចូលរួមសរុបប្រមាណ​២០០នាក់ នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨​។

ក្នុងកិច្ចបើកអង្គប្រជុំ​លោកបណ្ឌិត ស្តើង សុខុម ប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ បានថ្លែងឲ្យដឹងថា ក្នុងឆ្នាំសិក្សាថ្មីនេះ CUS ទទួលបានកំណើននិស្សិតថ្មីច្រើន គួរឲ្យកត់សម្គាល់។ ដោយឡែកគុណភាព នៃការបណ្ដុះបណ្ដាលត្រូវបានលើកកម្ពស់ជាប្រចាំ​រយៈពេលជាង១៧ ឆ្នាំកន្លងមក​ CUS បានខិតខំប្រឹងប្រែងគ្រប់សកម្មភាព ទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធផែ្នកទន់ ផ្នែករឹង សេវាកម្មគាំទ្រ បិរស្ថានសិក្សា គុណភាពបង្រៀន និងគុណភាពរៀន ដែលនេះបានបង្ហាញ​ពីភាពរឹងមាំ និងភាពម្ចាស់ការរបស់ខ្លួន ក្នុងគោលបំណងសម្រេចឲ្យបាននូវគោលគំនិត «ទាំងអស់គ្នាដើម្បីគុណភាព គុណភាពដើម្បីទាំងអស់គ្នា»។

លោកបណ្ឌិតប្រធាន បានអះអាងបន្ថែមថា ថ្មីៗនេះ​សាកលវិទ្យាល័យបានបំពាក់សម្ភារបរិក្ខាបន្ថែម និងបានសម្រួលបើកប្រាក់ខែជូនបុគ្គលិក និងសាស្រ្តាចារ្យ ពីរដង​ក្នុងមួយខែ ហើយកិច្ចការងារពង្រឹងគុណភាព នៅមានបន្ដទៅទៀត។ ជាក់ស្ដែងកិច្ចប្រជុំថ្ងៃនេះ គឺជាមួយនៃយន្ដការពង្រឹងគុណភាព។​

កិច្ចប្រជុំមានគោលបំណង​ ទី១៖ ផ្សព្វផ្សាយជាបន្ដអំពី តួនាទី និងភារកិច្ចរបស់សាស្រ្តាចារ្យ ឲ្យកាន់តែទូលំទូលាយ និងទី២៖ ចែករំលែកបទពិសោធន៍ និងពិភា​ក្សា ឆ្លងឆ្លើយដើម្បីស្វែងរកអនុសាសន៍ ធើ្វឲ្យការអនុវត្តតួនាទី និងភារកិច្ចរបស់សាស្រ្តាចារ្យ កាន់​តែ​ប្រសើរឡើង ព្រមទាំងការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងសាកលវិទ្យាល័យ និងសាស្រ្តាចារ្យ​ឲ្យកាន់តែប្រសើរ។

ក្រោយពីពិធីបើកវាគ្មិនបន្ដបន្ទាប់បានចូលរួម ចែករំលែកបទពិសោធន៍ តាមរយៈបទបង្ហា​ញ​​អំពីភារកិច្ច និងតួនាទីរបស់សាស្រ្តាចារ្យ ព្រមទាំងការងារពាក់ព័ន្ធមួយចំនួនទៀត រួមមាន៖ ១៖ វិធី​​សាស្រ្តបង្រៀន និងផែនការសម្រាប់ជំរុញ ឲ្យសាស្រ្តាចារ្យចូលរួមសរសេរអត្ថបទស្រាវជ្រាវ, ២៖ ការងាររៀបចំសៀវភៅគោល សម្រាប់ប្រើប្រាស់ក្នុងការបង្រៀន, ៣៖ តួនាទីរបសសាស្រ្តាចារ្យ ក្នុងកិច្ចការងារស្ដង់ដាទាំង៩ ដែលកំណត់ដោយ គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា និងតួនាទីទូទៅដទៃទៀត របស់សាស្រ្តាចារ្យ ដែលត្រូវដឹង ដើម្បីចូលរួមអនុវត្តឲ្យមានប្រសិទ្ធភាព ឈានទៅសម្រេចបាននូវគុណភាពបណ្ដុះបណ្ដាល។

ក្នុងកិច្ចប្រជុំនោះ ក៏មានការពិភាក្សា និងផ្លាស់ប្ដូរយោបល់ជាច្រើនក្នុងនោះ លោក-លោកស្រី ជាសាស្រ្ដាចារ្យ បានលើកជាសំណួរមួយចំនួន ដើម្បីនាំឲ្យមានការបំភ្លឺ លើខ្លឹមសារនៃបទបង្ហាញ និងពិភាក្សាឲ្យកាន់តែស៊ីជម្រៅ។

ខ្លឹមសារសម្រេចរបស់អង្គប្រជុំបង្ហាញថា សាស្រ្តាចារ្យ និស្សិត បុគ្គលិកនៃ សាកលវិទ្យាល័យ និងដៃគូសហការណ៍ មានតួនាទីសំខាន់រៀងៗខ្លួន ហើយតួនាទីនេះ មានភាព​ប្រទាក់ក្រឡាគ្នា និងទាមទារឲ្យមានកិច្ច សហការដ៏ល្អ និងរលូន។ សាស្រ្តាចារ្យបន្ថែមពីសមត្ថភាព ជំនាញ សាស្រ្តាចារ្យត្រូវចូលរួម កិច្ចការងារ ស្រាវជ្រាវ ពង្រឹងវិន័យនិស្សិត ធានាឲ្យគុណភាព បង្រៀនបានល្អ ហើយនិស្សិតត្រូវមានវិន័យ ខិតខំស្រាវជ្រាវ ចូលរួមសកម្មភាពស្រាវជ្រាវដើម្បីទទួលបាន សមត្ថភាព និងជំនាញ។

សម្រាប់ដៃគូ​ពាក់ព័ន្ធ​ខ្លឹមសារ នៃឯកសារយុទ្ធសាស្រ្ត បានស្នើឲ្យមាន​សកម្មភាពរួមគ្នារវាង​ស្ថាប័ន និងសាកលវិទ្យាល័យកាន់តែច្រើន តាមរយៈការ ផ្លាស់ប្តូរព័ត៌មាន ការផ្តល់ឱកាសទស្សនកិច្ច​សិក្សា កម្មសិក្សា និងការងារ ព្រមទាំងការចូលរួមជាយោបល់លើកម្មវិធីសិក្សា ពង្រឹង និងពង្រីកសម្ភាររូបវន្ត បង្កើតយន្តការ និងសម្របសម្រួលការងារ ដើម្បីធានាបាននូវគុណភាព នៃការបណ្តុះបណ្តាល​ ស្របតាមចក្ខុវិស័យរបស់សាកលវិទ្យាល័យ។

លោកបណ្ឌិត ស្តើង សុខុម បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការ​ចូ​ល​​រួម​ពីគ្រប់ភាគី ពាក់ព័ន្ធចាប់ពីដើមរហូត​មក ដែលជាលទ្ធផល បច្ចុប្បន្នសាកលវិទ្យាល័យ CUS មាន​៨​ទី​តាំង ២ទីតាំងនៅរាជធានីភ្នំពេញ និង៦ទីតាំង​ទៀត នៅខេត្តកំពង់ចាម កំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង និងខេត្តកំពត មាន​និស្សិត​កំពុងសិក្សាជិត២ម៉ឺននាក់ ក្នុងឆ្នាំសិក្សា២០១៨-២០១៩នេះ។​

សាកលវិទ្យាល័យ បានចុះអនុស្សរណៈយោគយល់ ជាមួយស្ថាប័ននានា​ក្នុង​ប្រទេស​ចំនួន​៥០០ ក្រុមហ៊ុន ឬស្ថាប័ន និងសាកលវិទ្យាល័យ​ វិទ្យាស្ថាននានា ជាច្រើនដូចជា ប្រទេសកូរ៉េ ចិន ជប៉ុន អាឡឺម៉ង ថៃ ឥណ្ឌូនេស៊ី ឥណ្ឌា ហ្វីលីពីន ចក្រភពអង់គ្លេស បង់ក្លាដែស អ៊ីស្រាអែល វៀតណាម និងបណ្តាប្រទេសនានា មួយចំនួនទៀត៕​