(ភ្នំពេញ)៖ ម្ចាស់ដីឡូតិ៍ការដ្ឋាន «ពៅ និសា អភិវឌ្ឍន៍» គឺអ្នកស្រី អ៊ាត សុនីសា ឱ្យចូលទៅបំភ្លឺ និងដោះស្រាយបន្ទាប់ពីអ្នកស្រី ត្រូវបានប្រជាពលរដ្ឋពីរនាក់ បានប្តឹងចោទប្រកាន់ពីបទ «រំលោភសេចក្តីទុកចិត្ត» គឺបានលក់ដីឲ្យគេរួចហើយ តែមិនព្រមឱ្យគេចូលទៅកាន់កាប់ដើម្បីសង់លំនៅដ្ឋាននោះឡើយ ដោយរូបគាត់បានហ៊ុព័ទ្ធរបងបិទជិត។ នេះបើយោងតាមដីកាកោះរបស់លោក កុល បុន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨នេះ។

ដីឡូតិ៍២កន្លែងដែលមានទំហំសរុប២៨០ម៉ែត្រក្រឡា មានទីតាំងស្ថិតនៅភូមិតាកេរ្តិ៍ សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានលោក ហោ ម៉ៅ និងអ្នកស្រី ហោ រ៉ានី ទិញក្នុងតម្លៃជិត៣ម៉ឺនដុល្លារ (ឆ្នាំ២០១៦) ដោយបានធ្វើលិខិតផ្ទេរកាន់កាប់ដីរួចរាល់ជាស្ថាពរ តាំងពីដើមខែមករា ឆ្នាំ២០១៦ មកម្ល៉េះ និងបានប្រគល់លុយគ្រប់ចំនួនហើយដែរ។

លោក ហោ ម៉ៅ និងអ្នកស្រី ហោ រ៉ានី បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh Nws ឱ្យដឹងថា បន្ទាប់ពីប្រគល់លុយគ្រប់ និងធ្វើបណ្ណផ្ទេរកម្មសិទ្ធិរួចរាល់ហើយនោះ ពួកគាត់ទាំងពីរនាក់ចង់ចូលទៅកាន់កាប់ ដើម្បីសង់លំនៅដ្ឋាន ប៉ុន្តែនៅទីបំផុតបែរជាអ្នកស្រី អ៊ាត សុនីសា ​មិនបានអញ្ញាតឱ្យចូលទៅកាន់កាប់នោះទេ ថែមទាំងយករបងហ៊ុព័ទ្ធជិតតែម្តង។ ដោយសារតែទិញដីគេហើយ គេមិនឱ្យចូលកាន់កាប់ ពួកគេទាំងពីរនាក់ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ បានដាក់ពាក្យប្តឹងទៅកាន់ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ដោយចោទអ្នកស្រី អ៊ាត សុនីសា ពីបទ «រំលោភលើសេចក្តីទុកចិត្ត» ដោយទាមទារឱ្យព្រះរាជអាជ្ញាចោទប្រកាន់ ទៅតាមផ្លូវច្បាប់ឱ្យបានធ្ងន់ធ្ងរបំផុត, សូមទាមទារសិទ្ធិកាន់កាប់ដីទាំងពីកន្លែងនេះ ដោយស្របច្បាប់ ព្រមទាំងទាមទារជំងឺចិត្ត និងការខាតបង់ពេលវេលា ចំនួន៨ពាន់ដុល្លារ។

លោក ហោ ម៉ៅ បានឱ្យដឹងទៀតថា ក្រោយពីព្រះរាជអាជ្ញាចេញដីកាកោះហៅពីរលើក មិនព្រមចូលខ្លួនចូលបំភ្លឺនោះ ព្រះរាជអាជ្ញាចេញដីកាលើកទី៣ ទើបអ្នកស្រី អ៊ាត សុនីសា ចូលខ្លួនទៅ ដោះស្រាយ ប៉ុន្តែចង់សងត្រឹមតម្លៃដីដើម ដែលបានទិញតាំងពីដំបូង ខណៈដែលតម្លៃទីផ្សាររបស់ដី បានកើនឡើងរហូតមកដល់ពេលនេះ ហើយអ្នកស្រីក៏មិនបានចង់សងទាំងអស់នោះទេ គឺចង់សងទៅតាម ដំណាក់កាល ដែលធ្វើឱ្យពួកគេទាំងពីរនាក់មិនអាចទទួលយកបាន។

ជនរងគ្រោះទាំងពីរនាក់បងប្អូន សុំទទូចដល់ព្រះរាជអាជ្ញា ឲ្យចាត់វិធានការតាមផ្លូវច្បាប់ឲ្យបានម៉ឺងម៉ាត់បំផុត ចំពោះអ្នកស្រី អ៊ាត សុនីសា ពីបទ «រំលោភសេចក្តីទុកចិត្ត» នេះ។

តាមព័ត៌មានដែលភ្នាក់ងារព័ត៌មាន Fresh News ទទួលបានពីអ្នកដែលស្គាល់អ្នកស្រី អ៊ាត​ សុនីសា បានឲ្យដឹងថា អ្នកស្រីមានស្វាមីជាមន្រ្តីយោធាពាក់ផ្កាយ២ម្នាក់ ទំនងមានប្តីធ្វើជាកងកម្លាំង មានឋានៈខ្ពង់ខ្ពស់ យ៉ាងដូច្នេះហើយ ប្រហែលហ៊ានប្រព្រឹត្តបទល្មើសបែបនេះ។

កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ ភ្នាក់ងារព័ត៌មាន Fresh News បានព្យាយាមទាក់ទងទៅអ្នកស្រី សុនីសា តាមរយៈលេខទូរស័ព្ទ ប៉ុន្តែមានតែក្មេងម្នាក់លើក និងបាននិយាយថា ច្រឡំលេខ៕