(សៀមរាប)៖ លោក ទៀ សីហា អភិបាលខេត្តសៀមរាប និងអ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវផ្លូវចាក់បេតុង ចំនួន១ខ្សែ ដែលមានប្រវែង១៥០០ម៉ែត្រ ស្ថិតក្នុងភូមិផ្លាំង ឃុំស្រណាល ស្រុកក្រឡាញ់។

ពិធីនេះក៏មានវត្តមានចូលរួមពី លោក គុជ លីណា សមាជិកក្រុមប្រឹក្សាខេត្ត, ប្រធាន-អនុប្រធានមន្ទីរ, អង្គភាពពាក់ព័ន្ធនានាជុំវិញខេត្ត, ក្រុមប្រឹក្សាស្រុក អភិបាលស្រុក, កងកម្លាំងប្រដាប់អាវុធ, មន្ត្រីរាជការ, មេឃុំ, មេភូមិ, លោកគ្រូ, អ្នកគ្រូ, សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ផងដែរ។

លោក ទៀ សីហា បានថ្លែងអំណរគុណចំពោះ អ្នកឧកញ៉ា សៀង ណាំ ដែលមានចិត្តដ៏សប្បុរសថ្លៃថ្លា បានចំណាយថវិកាផ្ទាល់ខ្លួន ក្នុងការកសាងផ្លូវបេតុងមួយខ្សែនេះ ព្រមទាំងសមិទ្ធផលផ្សេងៗជាច្រើនទៀត ក្នុងស្រុកក្រឡាញ់ និងទូទាំងខេត្តសៀមរាបទាំងមូល។

លោក ទៀ សីហា បានគូសបញ្ជាក់ថា ក្រោមដឹកនាំប្រកបដោយគតិបណ្ឌិត និងគោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសជាតិ បានវិវត្តរីកចម្រើនជាជំហានៗ ឥតឈប់ឈរ ក្នុងគោលដៅស្វែងរកសុខសន្តិភាព សុវត្ថិភាព វឌ្ឍនភាពសង្គម និងសេចក្តីសុខក្សេមក្សាន្ត និងឯកភាពជាតិទាំងស្រុង ដែលជាបុព្វហេតុដ៏ចម្បង ក្នុងការជំរុញល្បឿន នៃការអភិវឌ្ឍប្រទេសលើគ្រប់វិស័យ។

លោកបានបន្ថែមទៀតថា ក្រោមកិច្ចខិតខំប្រឹងប្រែង របស់អាជ្ញាធរគ្រប់ជាន់ថ្នាក់ សមត្ថកិច្ច និងមន្ទីរអង្គភាពពាក់ព័ន្ធ ជាពិសេស ការអនុវត្តយ៉ាងសកម្ម នូវគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ពីមួយដំណាក់កាល ទៅមួយដំណាក់កាល បានជំរុញឲ្យខេត្តសៀមរាប មានការអភិវឌ្ឍ គួរឲ្យកត់សម្គាល់ពីមួយថ្ងៃទៅមួយថ្ងៃ តាមរយៈការកសាង និងកែលម្អហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ ទាំងទីប្រជុំជន និងជនបទ ស្ពាន លូ ប្រឡាយ ការផ្គត់ផ្គង់អគ្គិសនី ការពង្រីកប្រព័ន្ធបណ្តាញ ចែកចាយទឹកស្អាត ការបំពាក់ភ្លើងបំភ្លឺសាធារណៈបន្ថែម ការកែលម្អសោភណ្ឌភាពក្រុង ពិសេសការយកចិត្តទុកដាក់ខ្ពស់ លើកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋគ្រប់ពេលវេលា និងកាន់តែប្រសើរជាងមុន។

ដូចនេះ ការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវចាក់បេតុងចំនួន១ខ្សែ ប្រវែង ១.៥០០ម៉ែត្រនេះ ដែលជាសមិទ្ធផលថ្មីមួយទៀត សម្រាប់បម្រើផលប្រយោជន៍ ដល់ប្រជាពលរដ្ឋ រស់នៅក្នុងភូមិនេះ និងប្រជាជនទូទៅ និងមានតួនាទីសំខាន់ក្នុងកិច្ចការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុខមាលភាពសង្គមទៀតផង ជាពិសេស ការលើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ។ នេះជាការបន្ថែមរបស់លោក ទៀ សីហា។

បើតាមលោក ទៀ សីហា នៅពេលដែលមានផ្លូវល្អ ស្ពានល្អ អាចធ្វើដំណើរទៅដល់ទីណាក៏បាន ជាពិសេសជួយសម្រួលដល់ការដឹកជញ្ជូនទំនិញ និងផលិតផលនានា មកកាន់ទីផ្សារបានយ៉ាងឆាប់រហ័ស និងទាន់ពេលវេលា ដែលជាបច្ច័យដ៏ល្អ សម្រាប់ជំរុញឲ្យសេដ្ឋកិច្ចទីផ្សារ ប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាពខ្ពស់។ មានផ្លូវល្អ និងស្ពានល្អ ក៏មានន័យថា មានច្រកសម្រាប់ផ្សារភ្ជាប់សេដ្ឋកិច្ចកម្ពុជា ទៅនឹងសេដ្ឋកិច្ចតំបន់ និងពិភពលោក ដូចទិសស្លោកមួយថា «ទីណាមានផ្លូវ ទីនោះមានក្តីសង្ឃឹម»៕