(ភ្នំពេញ)៖ សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ (CIA First) បានប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ តាមរយៈការរៀបចំឲ្យមានព្រឹត្តិការណ៍ប្រកួតបាល់ទាត់ សិទ្ធិមនុស្សលើកទី៨ នៅ Emperial Sports Club រាជធានីភ្នំពេញ ។

ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ សិទ្ធិមនុស្សលើកទី៨នេះ ត្រូវបានរៀបចំឡើង ដើម្បីលើកកម្ពស់ការគោរពសិទ្ធិមនុស្ស ដោយគ្មានការ រើសអើងជាតិសាសន៍ សាសនា និងសេដ្ឋកិច្ចសង្គមនោះឡើយ។

លោក Andre Struve ដែលជានាយកទទួលបន្ទុកផ្នែករដ្ឋបាល បានឲ្យដឹងថា ព្រឹត្តិការណ៍នេះ មានសារសំខាន់ណាស់ សម្រាប់ស្ថាប័នអប់រំក្នុងការបណ្តុះនូវផ្នត់គំនិតល្អ តាមរយៈការជំរុញ ការធ្វើការងារជាក្រុម និងការសហការដោយគ្មាន ការរើសអើងនៅក្នុងសហគមន៍។

លោក Andre Struve បានបន្ថែមទៀតថា «យើងប្តេជ្ញារួមគ្នាបង្កើត ឲ្យមានបរិយាកាសដែលប្រកបដោយភាពរីករាយ ដើម្បីគាំទ្រដល់ការរីកចម្រើន គ្រប់ជ្រុងជ្រោយរបស់កុមារ»