(កោះកុង)៖ ថ្លែងចេញពីខេត្តកោះកុង សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាឲ្យឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង, លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងលោក សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងបរិស្ថាន ដោយមិនត្រូវឲ្យមានការបង្ហូរទឹកកខ្វក់ ចូលក្នុងសមុទ្រជាដាច់ខាត។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានគូសបញ្ជាក់ឲ្យ​ខិតខំការពារឆ្នេរ ការពារព្រៃ ​ការពារបរិស្ថានធម្មជាតិ និងខិតខំពន្លឿនការកសាងកន្លែង ចម្រោះទឹកកខ្វក់ ដោយមុនដំបូងគឺត្រូវខិតខំពន្លឿននៅខេត្តព្រះសីហនុ។

ការដាក់បទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងនៅយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨នេះ ក្នុងឱកាសសម្ដេច និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ​បើកពិធីបុណ្យសមុទ្រលើកទី៧ ជុំទី២ ក្រោមប្រធានបទ «ឆ្នេរស្អាត ពលរដ្ឋរមណីយ» អមដោយពាក្យស្លោក «អេកូទេសចរណ៍សម្រាប់កំណើនបៃតង និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព» ដែលប្រព្រឹត្តទៅនៅក្នុងខេត្តកោះកុង។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ចំណុចនេះដែលឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា ត្រូវបន្ដភាពម៉ឺងម៉ាត់ ជាមួយនឹងឯកឧត្តម ថោង ខុន ដើម្បីធ្វើកិច្ចការងារនេះ ជាមួយនឹងបណ្ដាខេត្តដែលជាប់ពាក់ព័ន្ធ»

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានបន្ដថា «ខ្ញុំបានទទួលរបាយការណ៍ពីឯកឧត្តម ជា សុផារ៉ា ហើយ​អំពីទុននានាបន្ថែមដើម្បីធ្វើលូបង្ហូរទឹកនៅឯខេត្តព្រះសីហនុ ត្រូវខិតខំជំរុញការអនុវត្តគម្រោងនេះ ក៏ប៉ុន្ដែខ្ញុំគិតថាគម្រោងបែបនេះ គ្រាន់តែជាបណ្ដោះអាសន្នទេ តែយើងត្រូវធ្វើគម្រោងធំជាងនេះ ដើម្បីធានាថាទឹកកខ្វក់ទាំងអស់ មិនត្រូវបានបង្ហូរចូលទៅក្នុងសមុទ្រនៅពេលអនាគត»

បន្ថែមពីនេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានសង្កត់ធ្ងន់ថា ត្រូវរក្សាឲ្យបានសមុទ្របៃតង និងកិត្តិនាជាតារារះនៅភាគនិរតី និងលើកទឹកចិត្តឲ្យមានការអភិវឌ្ឍ បែបអេកូទេសចរណ៍ដូចតារាសាគរ ដោយមិនមានការកាប់បំផ្លាញព្រៃឈើ ហើយអេកូទេសចរណ៍មិនតម្រូវឲ្យមានការកាប់បំផ្លាញព្រៃឈើនោះទេ តែវាបានទទួលប្រយោជន៍ពីវិស័យទេសចរណ៍នេះ ច្រើនជាងវិស័យកសិកម្ម និងការពារព្រៃបានថែមទៀតផង។

សូមជម្រាបថា អាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន៤កន្លែង នឹងសាងសង់ឡើងនៅតាមឆ្នេរក្នុងខេត្តព្រះសីហនុ​ ដើម្បីបញ្ចៀសការបង្ហូរទឹកកខ្វក់ ទៅក្នុងសមុទ្រ។ អាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន៤ទីតាំង ដោយ​​ទី​១៖​ នៅឆ្នេរឯករាជ្យ, ​ទី​២៖​ នៅអូរចន្លោះក្រុមហ៊ុនសុខា, ​ទី​៣៖​ នៅអូរសំអាត និង​ទី​៤៖ នៅឆ្នេរអូរឈើទាល ព្រមទាំងការរៀបចំបណ្តាញលូប្រវែង​៩១៩​ម៉ែត្រ។

ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ធ្លាប់បានបញ្ជាក់ថា គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានចុះសិក្សា និងវិភាគទីតាំងផ្ទាល់ ដោយបានដោះស្រាយផលប៉ះពាល់ជាមួយ​អ្នកពាក់ព័ន្ធ​ និង​បានរៀបចំប្លង់ស្ថានីយ ប្លង់បណ្តាញប្រព័ន្ធទុយោបូមទឹកកខ្វក់ និងលូបេតុងមុខកាត់​១​ម៉ែត្រ ព្រមទាំងបានរៀបចំឯកសារបច្ចេកទេសលម្អិត ដើម្បីធានាការអនុវត្តឲ្យបានត្រឹមត្រូវ និងរលូន។​

ជាមួយការសម្រេចសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់នេះ​ ម្ចាស់សណ្ឋាគារ និងសំណង់ខ្នាតធំ ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានរួមចំណែកជាថវិកាសរុប ចំនួន​៣​,១០០,០០០​(បីលាន​​មួយរយពាន់) ដុល្លារសហរដ្ឋអាមេរិកផងដែរ៕