(កោះកុង)៖ សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាឲ្យលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ត្រូវធ្វើយ៉ាងណាខិតខំស្តារកិត្តិនាមខេត្តព្រះសីហនុឡើងវិញ និងត្រូវបង្រ្កាបរាល់អ្នកបង្កបទល្មើសទាំងអស់ បន្ទាប់ពីខេត្តនេះកើតឡើងនូវភាពមិនប្រក្រតីជាបន្តបន្ទាប់ រហូតដល់មានការរិះគន់ពីប្រជាពលរដ្ឋស្ទើរគ្រប់មជ្ឈដ្ឋាន។

ការដាក់បទបញ្ជាដាច់ណាត់របស់សម្តេចតេជោ ហ៊ុន សែន​ បានធ្វើឡើង ខណៈដែលសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញបើកជាផ្លូវការពិធីបុណ្យសមុទ្រលើកទី៧ ក្នុងខេត្តកោះកុង នារាត្រីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨នេះ។

សម្តេចតេជោ ហ៊ុន​ សែន បានថ្លែងយ៉ាងដូច្នេះថា «ខេត្តព្រះសីហនុ ត្រូវតែខិតខំខ្លាំងជាងគេ ដើម្បីស្ដារនៅមុខមាត់ ហើយបង្ក្រាបឲ្យខាតតែបានទៅលើពួកល្មើស មិនថាពួកល្មើសនោះមកពីណានោះទេ ហើយពាក់ផ្កាយប៉ុន្មាន ខ.ម មិន ខ.ម ខ្ញុំមិនដឹង ដឹងតែអាណាខុស ត្រូវតែដាក់អាហ្នឹងតែម្ដងទៅកុំឲ្យវាពិបាកពេក»

សម្ដេចតេជោនាយករដ្ឋមន្រ្តី បានបន្ថែមទៀតថា ត្រូវខិតខំបន្ដកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ទាំងអស់រួមមាន៖ អាកាសយានដ្ឋាន ផ្លូវ ទឹក ភ្លើង សណ្ឋាគារ និងរម្មណីដ្ឋានទេសចរណ៍ ដែលជាតំរូវការ ព្រោះថា ទេសចរណ៍បច្ចុប្បន្ននេះ គឺជាសម័យទេសចរណ៍ ដេកម៉ាស៊ីនត្រជាក់ មិនមែនសម័យទេសចរណ៍បក់ផ្លិតនោះទេ។ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា កន្លែងខ្លះទាន់តែមានសណ្ឋាគារផ្កាយ៥ និងមានមន្ទីរពេទ្យដ៏ល្អ សម្រាប់ព្យាបាលនៅពេលដែលគេមានបញ្ហា ទើបគេសម្រេចចិត្ដមកលេងប្រទេសយើង ដូច្នេះយើងត្រូវតែខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ទាំងអស់ ដើម្បីបម្រើឲ្យវិស័យទេសចរណ៍។

ជាមួយគ្នានោះ នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូសបញ្ជាក់ផងដែរថា ត្រូវធ្វើយ៉ាងណាកុំឲ្យពួកគ្រឿងញៀន និងពួកប្រព្រឹត្ដិខុសច្បាប់ ប្រើតំបន់មាត់សមុទ្រធ្វើសកម្មភាព, ចំពោះកិច្ចការនេះ ត្រូវខិតខំដោះស្រាយឲ្យខាតតែបាន។ សម្ដេចតេជោបានឲ្យដឹងថា ប៉ុន្មានឆ្នាំមុន មានឧក្រិដ្ឋជនម្នាក់ បានប្រព្រឹត្ដិកំហុកនៅប្រទេសរុស្សី រួចរត់មកគេចខ្លួន ធ្វើការវិនិយោគនៅខេត្តព្រះសីហនុ ហើយពេលនោះ សម្ដេចជាអ្នកចេញបញ្ជាផ្ទាល់ទើបចាប់បាន ខណៈដែលរដ្ឋាភិបាលរុស្សី ស្នើសុំឲ្យសម្ដេចចាប់ឧក្រិដ្ឋជននោះ ដើម្បីបញ្ជូនទៅកាន់រុស្សីវិញ។

សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា «ធ្វើយ៉ាងណាត្រូវតែប្រុងប្រយ័ត្ន កុំឲ្យតំបន់មាត់សមុទ្ររបស់យើង ខ្លាចទៅជាជំរកនៃក្រុមគ្រឿងញៀន ឬក្រុមប្រព្រឹត្ដិខុសច្បាប់ ហើយកាន់តែសំខាន់ជាងនេះ កុំឲ្យក្រុមភាវរកម្ម ដែលរត់គេចពីដីគោក មកជ្រកកោននៅដែនទឹក របស់យើងឲ្យសោះ»