(កោះកុង)៖ សម្តេចតេជោ ហ៊ុន សែ​ន នាយករដ្ឋម​ន្ត្រីនៃកម្ពុជា បានមានប្រសាសន៍បញ្ជាក់យ៉ាងច្បាស់ថា សម្តេចបានធ្វើការស​ម្រេច​មិនវិនិយោគយកទីតាញ៉ូម ក្នុងខេត្តកោះកុង ដោយសារការវិនិយោគនោះ ត្រូវចំណាយព្រៃឈើ២ម៉ឺនហិចតាដែលជាជម្រកសត្វព្រៃ និងផលប៉ះពាល់ផ្សេងទៀត ជាពិសេសការហូរដីនិងបង្កឲ្យមានការហូរចូលសមុទ្រ ខូចបរិស្ថានទឹកសមុទ្រ ដោយសារតែហេតុផលនេះហើយ ទើបសម្តេចតេជោសម្រេចមិនធ្វើការវិនិយោគលើការរុករកទីតាញ៉ូមនោះឡើយ។

ការបដិសេធរបស់សម្តេចតេជោ ហ៊ុន សែ​ន បានធ្វើឡើងបន្ទាប់ពីមានសំណើរពីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ស្នើមកសម្តេចធ្វើការវិនិយោគយកទីតាញ៉ូម នៅក្នុងស្រុកជីផាត ខេត្តកោះកុង ដែលមានតម្លៃប្រមាណ ២២ពាន់លានដុល្លារ។

សម្តេចតេជោ ហ៊ុន សែន បានមាន​ប្រសាសន៍បែបនេះ ខណៈសម្តេចនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញជាអធិបតីបើកដំណើរការជាផ្លូវការ នូវពិធីបុណ្យសមុទ្រលើកទី៧ នៅក្នុងខេត្តកោះកុង នៅថ្ងៃសៅរ៍ ទី១៥ ខែធ្នូ ឆ្នាំ២០១៨នេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ក្រសួងរ៉ែ និងថាមពលបានស្នើសុំឲ្យមានការវិនិយោគសម្រាប់យកទីតាមញ៉ូមនេះ តែការសិក្សារបស់ខ្ញុំ មុននឹងបានទីតាញ៉ូម ចំនួន២២ពាន់លានដុល្លារសហរដ្ឋអាមេរិកនេះ គឺយើងត្រូវចំណាយព្រៃឈើរហូតទៅដល់២ម៉ឺនហិចតា ហើយព្រៃនោះ គឺស្ថិតនៅតំបន់ជាជម្រកដ៏កម្ររបស់សត្វដំរី និងកម្រដទៃទៀត វាមិនទាន់គិតទៅដល់ការប៉ះពាល់ផ្សេងទៀត ដូចជាការហូរធ្លាក់ទឹកបណ្តាលមកពីការធ្វើអាជីវកម្ម​ រ៉ែចូលមកក្នុងសមុទ្រ សមុទ្រនៅពេលនោះលែងទៅជាសមុទ្រ ទឹកខៀវទៀតហើយ គឺក្លាយទៅជាសមុទ្រ​មានពណ៌ក្រហមវិញ ដូចនេះហើយបានជាខ្ញុំសម្រេចចិត្តមិនធ្វើអាជីវកម្ម ជាមួយនឹងទីតាញ៉ូមនោះទេ»។

ទាក់ទងនឹងការជំរុញឲ្យមានការវិនិយោគរុករកទីតាញ៉ូមនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា នៅ២ខែក្រោយទៀត ក៏មានការលើកសំណើរនេះមកម្តងទៀត តែមិនមែនជាក្រសួងរ៉ែ និងថាមពលទេ តែជាប្រភពផ្សេងទៀត។ ក្រុមនោះបាន​លើកឡើងថា បើមិនធ្វើការវិនិយោគទេនោះ នឹងបាត់បង់ទំនុកចិត្តពីក្រុមអ្នកវិនិយោគិនជាក់ជាមិនខានហើយ។

ប្រមុខរាជរដ្ឋាភិបាលនៃកម្ពុជា បានបញ្ជាក់ថា ការបាត់បង់ទំនុកចិត្តលើការវិនិយោគពីវិនិយោគិន គឺជារឿងមួយហើយ តែរឿងបហន្តរាយដល់ប្រជាពលរដ្ឋកម្ពុជា គឺជារឿងមួយដែលសម្តេចតេជោ ត្រូវគិតគូរជាចម្បង។ យ៉ាងណាក៏ដោយសម្តេចតេជោ បានថ្លែងថា សម្តេចទុកឲ្យយុវជនជំនាន់ក្រោយជាអ្នកពិចារណា ក្រែងគេមានវិធីក្នុងការយកទីតាញ៉ូម ដោយមិនបំផ្លាញព្រៃ និងបង្ហូរដីចូលសមុទ្រ៕